ក្មេងកំព្រាតាមផ្ទះចំនួន ១៥០នាក់ មកពី១៣ រាជធានី/ខេត្ត បានទទួលប្រាក់ឧបត្ថម្ភពី ឯកឧត្តម វេជ្ជ.សុះ មុះសិន និងលោកជំទាវ


រសៀលថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន អនុប្រធានគណៈចលនាសាសនិកឥស្លាម នៃគណបក្សប្រជាជនកម្ពុជា និងជាសមាជិកគណៈចលនាយុវជននៃចលនាមហាជនរបស់គណបក្សប្រជាជនកម្ពុជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា និងលោកជំទាវ បានអញ្ជើញ ចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្ដល់ប្រាក់ឧបត្ថម្ភ ជូនប្អូនៗកុមារកំព្រា ចិញ្ចឹមតាមផ្ទះ ក្នុងឆមាសទី២ ឆ្នាំ២០២១ សរុបចំនួន ១៥០នាក់ ដែលត្រូវបានជ្រើសរើសពី ១៣រាជធានី/ខេត្ត ដោយក្នុងម្នាក់ៗទទួលបាន ១៩២អឺរ៉ូ សរុបជាទឹកប្រាក់ ២៨៨០០អឺរ៉ូ ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម វេជ្ជ. សាន់ សាប់អី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ឯកឧត្តម សាន់ សារ៉ន រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ឯកឧត្តម វេជ្ជ.ពាស់ មូស្លីមអនុរដ្ឋលេខាធិការក្រសួងសុខាភិបាល អាជ្ញាធរមូលដ្ឋាន និងក្រុមការងារ ស.ន.ម.ក រាជធានីភ្នំពេញ។
ពិធីនេះបានប្រារព្ធធ្វើឡើងនៅក្នុងបរិវេណមជ្ឈមណ្ឌលផ្ទះអេមីរ៉ាតសំរាប់ក្មេងកំព្រា ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា
ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ឯកឧត្តមគណៈអធិបតី ក៏បានជម្រាបជូនផងដែរថា គោលបំណងនៃការចិញ្ជឹមក្មេងកំព្រាតាមមូលដ្ឋាន ដើម្បីជួយសម្រាលបន្ទុករបស់អាណាព្យាបាលលើការផ្គត់ផ្គង់ជីវភាព ចិញ្ចឹមបីបាច់ថែរក្សា ថែទាំសុខភាព និងពិសេសផ្ដល់ លទ្ធភាពឲ្យក្មេងបានទទួលការអប់រំដូចក្មេងទូទៅដែរ និងចូលរួមជាចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការគាំពារវិស័យ សង្គមកិច្ច ការបណ្តុះបណ្តាលកុមារ ពិសេសកាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ក៍បានផ្ដាំផ្ញើរដល់អាណាព្យាបាលត្រូវខិតខំចិញ្ចឹមបីបាច់ថែរក្សាកូនចៅនិងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្ដាក់ការរីករាលដាល់នៃជំងឺ កូវីដ ១៩ ត្រូវគោរពតាមវិធានការសុខាភិបាលដោយ រស់នៅរកស្សាកម្លាត និងលាងដៃអោយបានញឹកញាប់ និងសាប៊ូ អាល់កុល ពាក់មាស់ នៅគ្រប់ទីកន្លែង ។