ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់សេវាអនាម័យកុមារាចំនួន ២០០នាក់ នៅស្រុកស្នួល ខេត្តក្រចេះ


នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន សមាជិករដ្ឋសភា ជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមវេជ្ជបណ្ឌិត ពាស់ មុស្លិម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានសមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា អាជ្ញាធរមូលដ្ឋាន បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់សេវាអនាម័យកុមារា ហៅថា (ខតាន់) ស្ថិតនៅភូមិការ ៣ ឃុំគ្រូញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ។
ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន បានផ្ដាំផ្ញើរឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួម ចាក់វ៉ាក់សាំងការពារ អនុវត្តវិធានការ ៣ការពារ ៣កុំ និង២ចូលរួមទាំងអស់គ្នា ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការកាត់បន្ថយអាត្រាឆ្លងនៅតាមសហគមន៍ ក៏ដូចជាក្នុងប្រទេស និងឈានទៅលុបបំបាត់ជំងឺដ៏កាចសាហាវទាំងនេះ តាមគោលនយោបាយដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី ។
ឯកឧត្តម បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះវិស័យសុខាភិបាល ក៏ត្រូវបានលើកកម្ពស់ពីមួយជំហ៊ាន ទៅមួយជំហ៊ាន ទាំងសេវាពិនិត្យព្យាបាល និងផ្តល់ជាថ្នាំលេបជូនដល់ប្រជាពលរដ្ឋក្រីក្រ នៅតាមមូលដ្ឋាន និងសហគមន៍នានានៅទូទាំងប្រទេស ដោយមិនប្រកាន់ពូជសាសន៍ សាសនា ព័ណ៌សប្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។ឯកឧត្តម បានបន្ថែមទៀតថា ចំណែកការធ្វើអនាម័យកុមារា ហៅថា(ខ តាន់)គឺអាចការពារ កុមារ ពីជម្ងឺផ្សេងៗដូចជា ជំងឺរលាកតំរងនោម ជំងឺស្វាយប្រម៉េះ និងជំងឺកាមរោគ និងអាចជួយការពារទៅដល់ដៃគូ ពេលដែលពេញវ័យទៀតផង ។ឯកឧត្តម បន្ដថា ការធ្វើអនាម័យកុមារា ហៅថា(ខ តាន់) គឺស្របទៅតាមក្បួនច្បាប់ប្រពៃឥស្លាម ជាការរៀបចំតាមជំនឿផ្នែកអនាម័យរបស់សាសនិកឥស្លាម ពលរដ្ឋឥស្លាមគ្រប់រូបត្រូវតែធ្វើអនាម័យ ចាប់ពីកុមារា រហូតដល់មុនពេញវ័យ មុននឹងគោរពប្រតិបត្តិសាសនាឥស្លាម គឺត្រូវធ្វើចិត្តឲ្យស្ងប់ និងស្អាតដើម្បី បំពេញកាតព្វកិច្ចជាសាសនិកឥស្លាម ក្នុងការលើកកម្ពស់សាសនាឥស្លាមដែលមាន អាយុកាលដ៏យូរលង់ណាស់មកហើយនោះឲ្យបានគង់វង្ស ត្រូវតែប្រព្រឹត្តិអំពើល្អរវាងសាសនិកឥស្លាម និងពុទ្ធសាសនិកដែលមាន មូលដ្ឋានជាប់ៗគ្នា ត្រូវចេះរួមសហការគ្នា ស្រលាញ់រាប់អានគ្នាព្រោះយើងជាពលរដ្ឋកម្ពុជាតែមួយទោះបីជាយើងកាន់សាសនាផ្សេងគ្នា ការហូបចុកផ្សេងគ្នា តែយើងរបស់នៅគឺក្រោមច្បាប់រដ្ឋធម្មនុញ្ញតែមួយ នៃព្រះរាជាណាចក្រកម្ពុជា ។

គម្រោងធ្វើអនាម័យកុមារា គឺក្រោមកិច្ចសហការ រវាងសមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា និងសមាគមសប្បុរសធម៌ឌូប៉ៃ នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត់ ក្នុងថ្ងៃនេះគឺយើងបានធ្វើអនាម័យកុមារាចំនួន ២០០នាក់ ដែលមកពីឃុំគ្រញូងសែនជ័យ ស្រុកស្នួល នៃខេត្តក្រចេះ និងឃុំស្រែខ្ទម់ ស្រុកកែវសីម៉ា នៃខេត្តមណ្ឌលគិរី ដែលមានព្រំប្រទល់ជាប់គ្នា ។បញ្ជាក់ផងដែរថា កុមារា ដែលធ្វើអនាម័យ ហៅថា(ខ តាន់) បើគិតតម្លៃសេវា ធ្វើអនាម័យ នៅតាមឯកជន ឬកន្លែងផ្សេងៗ ក្នុងកុមារាម្នាក់ត្រូវចំណាយយ៉ាងតិចប្រហែល ១០០ ទៅ ២០០ដុល្លារអាមេរិក ។កម្មវិធី (ខតាន់) ដោយឥតគិតថ្លៃនេះមិនមែនជាលើកទី១ ទេតែសមាគមបានធ្វើជារៀងរាល់ឆ្នាំ និងជាច្រើនឆ្នាំរួចមកហើយ ដោយក្នុង ១ឆ្នាំគឺ ១៥០០នាក់ ក្នុងក្របខណ្ឌទូទាំងប្រទេស ។