ប្រធានសភាស្នើបេក្ខភាពក្រុមប្រឹក្សាឃុំ-សង្កាត់ រក្សាឱ្យបាននូវស្មារតីសាមគ្គី ឯកភាពគ្នាខ្ពស់ដើម្បីជ័យជម្នះក្នុងការបោះឆ្នោត


សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានស្នើដល់បេក្ខភាពក្រុមប្រឹក្សាឃុំ-សង្កាត់ រក្សាឱ្យបាននូវស្មារតីសាមគ្គី ឯកភាពគ្នាខ្ពស់ដើម្បីជ័យជម្នះក្នុងការបោះឆ្នោត។

យោងតាមបណ្តាញសង្គមរបស់សម្តេច សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានធ្វើការអំពាវនាវដល់ បេក្ខភាពឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ទំាងអស់ត្រូវរក្សាឱ្យបាននូវស្មារតីសាមគ្គីឯកភាពគ្នាខ្ពស់ ក្នុងដំណើរឆ្ពោះទៅយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោត ដើម្បីធានាថា គណបក្សត្រូវតែឈ្នះសម្រាប់ការដឹកនាំឃុំ-សង្កាត់ អាណត្តិទី៥ បន្តទៀត។

សម្តេចហេង សំរិន បានលើកឡើងដូច្នេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមការងារ និងបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃ១៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព .ស.២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី៣០ ខែមករា ឆ្នាំ២០២២ នាទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តត្បូងឃ្មុំ។

នៅក្នុងឱកាសនោះ សម្តេចក៏បានលើកឡើងថា ដើម្បីរក្សាឱ្យបាននូវប្រៀបឈ្នះគឺក្រុមការងារទំាងអស់ ត្រូវបន្តខិតខំចិញ្ចឹមចលនានយោបាយនៅមូលដ្ឋាន តាមរយៈការកសាងសមិទ្ធផលនានា ត្រូវចូលរួមដោះស្រាយបញ្ហាប្រឈមតាមសំណើ និងសំណូមពរនានារបស់ប្រជាជន។ សម្តេចបានស្នើដល់ក្រុមការងារ បន្តចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីឈ្វេងយល់ពីជីវភាពរស់នៅ និងសុខទុក្ខរបស់ប្រជាជន សំដៅដាក់ចេញគោលការណ៍ វិធានការដោះស្រាយបានជាក់ស្តែង និងសមស្រប។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្នើដល់ក្រុមការងារគណបក្សនៅខេត្តត្បូងឃ្មុំទាំងអស់ ត្រូវខិតខំបំផុសចលនាពង្រឹងសមាជិកបក្ស និងអ្នកគាំទ្រគណបក្សរៀបចំពិធីបញ្ចូលសមាជិកថ្មីៗរបស់គណបក្ស ឱ្យបានសកម្មផុលផុសគ្រប់មូលដ្ឋាន និងត្រួតពិនិត្យ និងពង្រឹងការគ្រប់គ្រងសមាជិកបក្សតាមក្រុមបក្សនីមួយៗ ឱ្យបានច្បាស់លាស់ និងត្រូវធ្វើការជួបជុំជាមួយសមាជិកបក្ស និងអ្នកគាំទ្រគណបក្សជាទ្រង់ទ្រាយតូចៗតាមមូលដ្ឋាន ដើម្បីផ្សព្វ ផ្សាយអំពីស្នាដៃសមិទ្ធផលរបស់គណបក្ស និងរាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជំនឿរបស់សមាជិកបក្ស និងអ្នកគាំទ្រគណបក្សមកលើគណបក្សយើង។

ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ សម្តេចប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា ដើម្បីទទួលបានជ័យជម្នះ ជូនគណបក្សនោះ ការងារទាំងអស់មិនមែនជាកិច្ចការ ដោយឡែករបស់បេក្ខជននោះទេ តែជាការងារដែលត្រូវមានកិច្ចសហការដឹកនាំ ពីក្រុមការងារគណបក្ស និងគណបក្សគ្រប់ថ្នាក់ ដើម្បីធ្វើការងារទាំងនោះប្រកបដោយប្រសិទ្ធភាព ដោយត្រូវខិតខំអនុវត្តន៍គ្រប់ការងារ ដែលត្រូវធ្វើបន្តតាមការណែនាំរបស់គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងផែនការរបស់គណៈកម្មាធិការគណបក្សខេត្ត ក្រុង ស្រុក បានដាក់ចេញ៕