ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ ប្រវែងជិត១០០គីឡូម៉ែត្រ ក្នុងខេត្តក្រចេះ


(ក្រចេះ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ អញ្ជើញជាសហអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ប្រវែងប្រមាណ ៩៣.៥៦គីឡូម៉ែត្រ សាងសង់ក្រោមជំនួយរបស់រដ្ឋាភិបាលចិន ជាង ៣៣លានដុល្លារអាមេរិក។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា កំណាត់ផ្លូវជាតិលេខ៧ ប្រវែងសរុប ៩៣.៥៦គីឡូម៉ែត្រ ពីរង្វង់មូលខ្លាស្ទុះ ស្ថិតក្នុងភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ធ្លាប់បានសាងសង់ម្តងរួចហើយ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) កាលពីអំឡុងឆ្នាំ២០០៤ ដល់ ២០០៧។ កំណាត់ផ្លូវនេះត្រូវបានសាងសង់លើកកម្រិតគុណភាពឡើងវិញ ដោយក្រាលបេតុងកៅស៊ូ (AC) ដោយផ្អែកលើការសិក្សាជាថ្មី ទាក់ទងនឹងការកើនឡើងនៃចំនួនចរាចរណ៍ រួមផ្សំជាមួយនឹងកំណើនសេដ្ឋកិច្ចជាតិ សកម្មភាពពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ជាដើម។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានឱ្យដឹងថា កំណាត់ផ្លូវប្រវែង ៣៩.៣៥គីឡូម៉ែត្រ ក្រាលបេតុងកៅស៊ូ AC កម្រាស់ ៩សង់ទីម៉ែត្រ និងកំណាត់ផ្លូវប្រវែង ៥៤.២១គីឡូម៉ែត្រ ក្រាលបេតុងកៅស៊ូ AC កម្រាស់ ៥សង់ទីម៉ែត្រ។ ទទឹងតួផ្លូវមានប្រវែង ១១ម៉ែត្រ ចែកជា ២គន្លង សម្រាប់រថយន្តចរាចរណ៍ ដោយគន្លងនីមួយៗមានទទឹង ៣.៥ម៉ែត្រ និងផ្លូវសម្រាប់ទោចក្រយានយន្ត មាន ២គន្លង គន្លងនីមួយៗមានទទឹង ១.៥០ម៉ែត្រ និងចិញ្ចើមដីក្រហមសងខាងមានទទឹង ០.៥០ម៉ែត្រ។

គម្រោងនេះ បានក្រាលស្រទាប់គ្រឹះទាំងលើ និងក្រោមកម្រាស់សរុប ៤០សង់ទីម៉ែត្រ ជួសជុលស្ពានចំនួន ៨កន្លែង ប្រវែងសរុប ៥៧៧,៣២ម៉ែត្រ (ស្ពានធំ ៣កន្លែង ប្រវែង ៣៦៨,១២ម៉ែត្រ, ស្ពានមធ្យម ៣កន្លែង ប្រវែង១៥០,១២ម៉ែត្រ, ស្ពានខ្លី ២កន្លែង ប្រវែង ៥៩,០៨ម៉ែត្រ) ដាក់លូគ្រប់ប្រភេទចំនួន ១៣៩កន្លែង (លូមូល ៧២កន្លែង លូប្រអប់ ៣កន្លែង និងលូមានគម្រប ៦៤កន្លែង) សាងសង់ប្រឡាយបង្ហូរទឹកនៅសងខាងផ្លូវ ព្រមទាំងការងារបំពាក់ផ្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍ បង្គោលសុវត្ថិភាព និងបង្គោលភ្លើងបំភ្លឺ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា គម្រោងលើកកម្ពស់កម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧នេះ គឺជាជំនួយឥតសំណងពីរដ្ឋាភិបាលចិន ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាប់ផ្តើមការដ្ឋានសាងសង់កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៦ និងបញ្ចប់ការសាងសង់នៅអំឡុងខែធ្នូ ឆ្នាំ២០១៨ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៤ខែ សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ(SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន បានចំណាយថវិកាអស់ ៣៣.៣៧លានដុល្លារអាមេរិក។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា «សមិទ្ធផលថ្មីនេះ គឺជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន ដែលកើតចេញពីចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការរវាង រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តក្រចេះ ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង»។

បើតាមឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល កំណាត់ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវដ៏មានសក្ដានុពលមួយ តភ្ជាប់ពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តសំខាន់ៗ ដូចជា៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និងឆ្ពោះទៅតំបន់ប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ស្ថិតនៅភូមិភាគឦសាននៃប្រទេស ដែលបម្រើឱ្យចរាចរណ៍សម្រាប់សកម្មភាពផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍នៅក្នុងប្រទេស។

ជាងនេះទៀត ខ្សែផ្លូវនេះ គឺជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េយលេខ១១(AH11) ឬរបៀងកណ្តាលរបស់មហាអនុតំបន់មេគង្គ(GMS) ដែលតភ្ជាប់ពីទីក្រុងគុនមីង នៅភាគខាងត្បូងនៃប្រទេសចិន ឆ្លងកាត់ទីក្រុងវៀងច័ន្ទនៃប្រទេសឡាវ កាត់រាជធានីភ្នំពេញ និងឆ្ពោះទៅកំពង់ផែក្រុងព្រះសីហនុនៃប្រទេសកម្ពុជា។ ផ្លូវជាតិលេខ៧ ក៏ជាផ្លូវជាតិដ៏សំខាន់ប្រទាក់ក្រឡាជាមួយនឹងផ្លូវជាតិមួយចំនួនទៀត សម្រាប់ជួយជំរុញការអភិវឌ្ឍតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV DTA) ដើម្បីប្រែក្លាយតំបន់ដាច់ស្រយាល របស់ប្រទេសទាំង៣ ជាពិសេស ខេត្តត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរីរបស់កម្ពុជាយើង ទៅជាតំបន់ដែលមានការអភិវឌ្ឍ។

សម្រាប់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ការសម្រេចបាននូវការអភិវឌ្ឍ និងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធពាសពេញផ្ទៃប្រទេសដូចនាពេលបច្ចុប្បន្ននេះ គឺកើតឡើងដោយសារសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាកត្តាសារវន្តមិនអាចខ្វះបាន ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។ កម្ពុជាពីមុនជាប្រទេស ដែលបរទេសតែងតែយល់ថា ជាតំបន់វាលពិឃាត ជាតំបន់អសន្តិសុខ ជាចម្ការមីន ដែលពួកគេតែងតែខ្លាចរអារ ឥឡូវនេះបានប្រែក្លាយទៅជាប្រទេសមួយ មានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍ និងជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ដូច្នេះតម្លៃសន្តិភាព ដែលកម្ពុជាកំពុងតែប្រកាន់ខ្ជាប់ និងប្រតិបត្តិនេះ គឺពិតជាកត្តាសំខាន់បំផុត ដែលបងប្អូនជនរួមជាតិកម្ពុជាទាំងអស់ ត្រូវតែចងចាំជានិច្ច និងត្រូវចូលរួមថែរក្សាការពារ សន្តិភាព ឱ្យឋិតថេរជាអមតៈ៕