ឯកឧត្តម វេជ្ជបណ្ឌិត សុះ មុះសិន បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់សេវាអនាម័យកុមារាចំនួន ៣០០នាក់ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង


ថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០២២ ឯកឧត្តម វេជ្ជបណ្ឌិត សុះ មុះសិន អនុប្រធានគណៈចលនាសាសនិកឥស្លាម នៃគណបក្សប្រជាជនកម្ពុជា និងជាសមាជិកគណៈចលនាយុវជន នៃចលនាមហាជនរបស់គណបក្សប្រជាជនកម្ពុជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ កុប ម៉ារីយ៉ាស់ តំណាងរាស្ដ្រខេត្តកំពង់ឆ្នាំង ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អនុប្រធានសមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា លោកអភិបាលស្រុក កំពង់ត្រឡាច ហាកឹម ទួន បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់សេវាអនាម័យកុមារា ហៅថា (ខ តាន់) ស្ថិតនៅក្នុងភូមិឈូកក្រញ៉ាស់ ឃុំឈូក ស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
ឯកឧត្តម វេជ្ជបណ្ឌិត សុះ មុះសិន បានផ្ដាំផ្ញើរឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមចាក់វ៉ាក់សាំងការពារ និងអនុវត្តវិធានការ ៣ការពារ ៣កុំ និង២ចូលរួមទាំងអស់គ្នា ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការកាត់បន្ថយអាត្រាឆ្លង និងឈានទៅលុបបំបាត់ជំងឺដ៏កាចសាហាវទាំងនេះ ឲ្យបានក្នុងពេលដ៏ខ្លីខាងមុខ តាមគោលនយោបាយដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី ។
ឯកឧត្តម វេជ្ជបណ្ឌិត បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះវិស័យសុខាភិបាល ក៏ត្រូវបានលើកកម្ពស់ពីមួយជំហ៊ាន ទៅមួយជំហ៊ាន ទាំងសេវាពិនិត្យព្យាបាល និងផ្តល់ជាថ្នាំលេបជូនដល់ប្រជាពលរដ្ឋក្រីក្រ នៅតាមមូលដ្ឋាន និងសហគមន៍នានានៅទូទាំងប្រទេស ដោយមិនប្រកាន់ពូជសាសន៍ សាសនា ព័ណ៌សប្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។
ឯកឧត្តម បានមានប្រសាសន៍ថា ការធ្វើអនាម័យកុមារា ហៅថា(ខ តាន់)គឺអាចការពារ កុមារ ពីជម្ងឺផ្សេងៗដូចជា ជំងឺរលាកតំរងនោម ជំងឺស្វាយប្រម៉េះ និងជំងឺកាមរោគ និងអាចជួយការពារទៅដល់ដៃគូ ពេលដែលពេញវ័យទៀតផង ។ការធ្វើអនាម័យកុមារា ហៅថា(ខ តាន់) គឺស្របទៅតាមក្បួនច្បាប់ប្រពៃឥស្លាម ជាការរៀបចំតាមជំនឿផ្នែកអនាម័យរបស់សាសនិកឥស្លាម ពលរដ្ឋឥស្លាមគ្រប់រូបត្រូវតែធ្វើអនាម័យចាប់ពីកុមារា រហូតដល់មុនពេញវ័យ មុននឹងគោរពប្រតិបត្តិសាសនាឥស្លាម គឺត្រូវធ្វើចិត្តឲ្យស្ងប់ និងស្អាតដើម្បីបំពេញកាតព្វកិច្ចជាសាសនិកឥស្លាម ក្នុងការលើកកម្ពស់សាសនាឥស្លាមដែលមានអាយុកាល ដ៏យូរលង់ណាស់មកហើយនោះឲ្យបានគង់វង្សត្រូវតែប្រព្រឹត្តិអំពើល្អរវាងសាសនិកឥស្លាម និងពុទ្ធសាសនិកដែលមានមូលដ្ឋានជាប់ៗគ្នា ត្រូវចេះរួមសហការគ្នា ស្រលាញ់រាប់អានគ្នាព្រោះយើងជាពលរដ្ឋកម្ពុជាតែមួយ ទោះបីជាយើងកាន់សាសនាផ្សេងគ្នា ការហូបចុកផ្សេងគ្នា តែយើងរបស់នៅគឺក្រោមច្បាប់រដ្ឋធម្មនុញ្ញតែមួយនៃព្រះរាជាណាចក្រកម្ពុជា ។ឯកឧត្តម បន្ដថា គម្រោងធ្វើអនាម័យកុមារា គឺក្រោមកិច្ចសហការ រវាងសមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា និងសមាគមសប្បុរសធម៌ឌូប៉ៃ នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត់ ក្នុងថ្ងៃនេះគឺយើងបានធ្វើអនាម័យកុមារាចំនួនជាង ៣០០នាក់ ដែលមកពីស្រុកចំនួន ៣គឺ ស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរ និងស្រុកសាមគ្គីមានជ័យ ។ឯកឧត្តម បានឲ្យដឹងថា រយៈពេលកន្លងមកដោយសារតែការបិទខ្ទប់ជំងឺកូវីដ១៩ ដូច្នេះក្រុមគ្រូពេទ្យអ៊ីស្លាមកម្ពុជា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានធ្វើអនាម័យកុមារា លើសផែនការកំណត់របស់គម្រោងម្ចាស់ជំនួយ ។បញ្ជាក់ផងដែរថាកុមារា ដែលធ្វើអនាម័យ ហៅថា(ខ តាន់)បើគិតតម្លៃសេវា ធ្វើអនាម័យ នៅតាមឯកជន ឬកន្លែងផ្សេងៗ ក្នុងកុមារាម្នាក់ត្រូវចំណាយយ៉ាងតិចប្រហែល ១០០ ទៅ ២០០ដុល្លារអាមេរិក ។កម្មវិធី(ខតាន់)ដោយឥតគិតថ្លៃនេះមិនមែនជាលើកទី១ ទេតែសមាគមបានធ្វើជារៀងរាល់ឆ្នាំ និងជាច្រើនឆ្នាំរួចមកហើយ ដោយក្នុង ១ឆ្នាំគឺ ១៥០០នាក់ ក្នុងក្របខណ្ឌទូទាំងប្រទេស ៕