កាកបាទក្រហមកម្ពុជា បន្តប្រគល់ជែលលាងដៃចំនួន ៧២៨ កេស ដល់សាខារបស់ខ្លួននៅខេត្តពោធិ៍សាត់ ដើម្បីចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ១៩


កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ បានបន្តបេសកកម្មប្រគល់ជែលលាងដៃចំនួន ៧២៨កេស (ស្មើនឹង ១១,៦៤៨ដប) ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ (សាខាទី២៣) មន្ទីរពេទ្យបង្អែកខេត្ត-ស្រុកទាំង២៣ និងអនុសាខាកាកបាទក្រហមកម្ពុជាក្រុង-ស្រុកទាំង៧ នៅខេត្តពោធិ៍សាត់ ដើម្បីប្រើប្រាស់ក្នុងការចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។

ពិធីប្រគល់-ទទួលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា និងលោក ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ជាមួយនឹងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈកម្មាធិការសាខា-អនុសាខា យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាទាំងអស់ ក៏ដូចជាបុគ្គលិកសុខាភិបាលនៅតាមមន្ទីរពេទ្យបង្អែកទាំងអស់ ដែលបានយកចិត្តទុកដាក់ជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋ ជាពិសេសបានខិតខំពុះពាររួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ។

ទន្ទឹមនឹងនេះ លោកបានគូសបញ្ជាក់ថា «ការចូលរួមកម្លាំងពីប្រតិបត្តិករជួរមុខ កម្លាំងទ័ពអាវស និងកម្លាំងពហុវិស័យ ទាំងអស់ បានធ្វើឱ្យកម្ពុជាយើងទទួលបានភាពជោគជ័យក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ រហូតដល់សម្រេចបាននូវការបើកដំណើរការសេដ្ឋកិច្ច-សង្គមឡើងវិញលើគ្រប់វិស័យ រួមជាមួយនឹងការដាក់ចេញនូវយុទ្ធសាស្ត្រ នៃការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ , ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ-ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ជាមួយនឹងទស្សនវិស័យនៃការចាកចេញពីវិបត្តិនៃជំងឺកូវីដ-១៩ ក្នុងភាពរឹងមាំនិងការវិលត្រឡប់ទៅរកមាគ៌ានៃកំណើននិងការអភិវឌ្ឍប្រកបដោយចីរភាពឡើងវិញ»

ជាមួយគ្នានេះ លោក ជាវ តាយ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ដែលបានផ្តល់អំណោយដល់សាខានាពេលនេះ និងនាពេលកន្លងមក ពិសេសបានជួយទំនុកបម្រុងផ្នែករូបវន្ត និងអរូបវន្ត ពិសេសការអភិវឌ្ឍធនធានមនុស្សដល់មន្ត្រី-បុគ្គលិកសាខា តាមរយៈ ការបើកវគ្គបណ្តុះបណ្តាល វគ្គបំប៉ន វគ្គផ្សព្វផ្សាយ សិក្ខាសាលា និងកិច្ចប្រជុំនានា ដែលធ្វើឱ្យមន្ត្រី-បុគ្គលិកសាខា មានចំណេះដឹង មានសមត្ថភាព បំពេញការងារទទួលបានលទ្ធផលល្អប្រសើរ ហើយបានឈានពីកម្រិតអប្បបរមា និងឈានដល់កម្រិតអភិវឌ្ឍន៍ទី១ តាំងតែពីអាណត្តិទី៤ រហូតដល់អាណត្តិទី៥នេះ។

សូមបញ្ជាក់ជូនថា សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ទទួលបានជែលលាងដៃចំនួន ៧២៨កេស (ស្នើនឹង១១,៦៤៨ដប) ក្នុងនោះ សាខាផ្ទាល់ទទួលបាន ចំនួន ១២៨កេស ស្មើនឹង ២,០៤៨ដប, មន្ទីរពេទ្យបង្អែកខេត្ត-ស្រុកទាំង២៣ ដែលនីមួយៗទទួលបាន ២០កេស ស្មើនឹង ៧,៣៦០ដប, អនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុកទាំង៧ ដែលនីមួយៗទទួលបាន ២០កេស ស្មើនឹង៣២០ដប។

គួររំលឹកដែរថា ជែលលាងដៃខាងលើនេះ ជាអំណោយរបស់ ក្រុមហ៊ុន ហ័ន យ៉ា ហ៊ឺ ចុង (ខេមបូឌា) ត្រេឌីង ឯ.ក ដែលប្រគល់ជូនកាកបាទក្រហមកម្ពុជា ជំហានទី២ ចំនួន ១៦,២០០កេស (ស្មើនឹង ២៥៩,២០០ដប) កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២២កន្លងទៅ។

នៅថ្ងៃដដែលនោះ សាខាកាបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ក៏បានរៀបចំកិច្ចប្រជុំពិភាក្សា ស្តីពី «ផែនការអភិវឌ្ឍសាខា តាមយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា» ក្រោមវត្តមាន លោកវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ។ លោកបានលើកឡើងពីចំណុចសំខាន់ៗនៃទស្សនវិស័យ បេសកកម្ម សសរស្តម្ភ និងគុណតម្លៃ នៃយុទ្ធសាស្ត្រ២០២១-២០៣០ ដោយបន្ស៊ីជាមួយយុទ្ធសាស្រ្តរាជរដ្ឋាភិបាល និងសហព័ន្ធអន្តរជាតិ រួមជាមួយវិស័យអាទិភាពទាំង៤ ក៏ដូចជាការងារអាទិភាពនៃសកម្មភាពក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដើម្បីសាខាត្រៀមរៀបចំផែនការអភិវឌ្ឍរយៈពេល៥ឆ្នាំ ក្នុងការពង្រឹងសមត្ថភាព សាខា-អនុសាខា-ក្រុមកាកបាទក្រហម ឱ្យក្លាយជាប្រតិបត្តិករជួរមុខដ៏សកម្ម ស្របនឹងទិសស្លោកជាសកល របស់សហព័ន្ធអន្តរជាតិ «សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល»