សម្ដេចក្រឡាហោម ស ខេង ផ្ដល់អំណោយអគារសិក្សាមួយខ្នង ៥បន្ទប់ នៅស្រុកសង្កែ ខេត្តបាត់ដំបង


សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានផ្ដល់អំណោយអគារសិក្សាមួយខ្នង ៥បន្ទប់ ជូនសាលាបឋមសិក្សាបញ្ញា ស្ថិតក្នុងឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។

ជាក់ស្ដែងនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក ច័ន្ទ សុផល អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងលោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន តំណាងសម្តេចក្រឡាហោម ស ខេង បានអញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាថ្មីមួយខ្នងនេះ។

ក្នុងឱកាសនោះ លោក ច័ន្ទ សុផល និងលោក ខាន់ ម៉ាណេរ បានថ្លែងថា ដោយមានការអនុញ្ញាតពីសម្តេចក្រឡាហោម ស ខេង រួចមកក្រុមក្រឡាហោមមនុស្សធម៌ បានដឹកនាំក្រុមការងារធ្វើពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាថ្មីមួយខ្នង ៥បន្ទប់ ដែលជាអំណោយសម្តេចក្រឡាហោម ស ខេង និងលោកស្រី នៅសាលាបឋមសិក្សាបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបងនេះ។

បន្ថែមពីនេះ ក្រុមការងារបាននាំយកអំណោយសម្តេចក្រឡាហោម ស ខេង យកទៅចែកជូនអ្នករួមទាំងអស់ ក្នុងនោះម្នាក់ៗទទួលបាន កន្សែងពោះគោ១, ថវិកា២ម៉ឺនរៀល និងឃីដសម្រាប់សិស្សទាំង១១០នាក់ ព្រមទាំងនាំការសាកសួរសុខទុក្ខ ការថ្លែងអំណរគុណពីសម្តេចក្រឡាហោម ស ខេង ដល់លោកគ្រូអ្នកគ្រូ រដ្ឋបាល ឃុំ ស្រុក សិស្សានុសិស្ស ដែលតែងតែគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាល។

ក្នុងនោះ ក្រុមការងារក៏បានណែនាំ និងក្រើនរំលឹកដល់ ក្រុមជាងត្រូវធ្វើកិច្ចការងារគោរពទៅតាមគោលការណ៍បច្ចេកទេស និងពេលវេលាដែលបានកំណត់ ដើម្បីឲ្យបានរួចរាល់ទៅតាមកិច្ចសន្យា៕