សម្ដេចតេជោ រំលឹកថា មិត្តចិនបានជួយកម្ពុជា តាំងពីមិនទាន់បង្កើតរដ្ឋាភិបាល ក្រោយការបោះឆ្នោតឆ្នាំ២០០៣


នៅចំពោះមុខ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា និងប្រជាពលរដ្ឋខ្មែររាប់រាយនាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានរំលឹកថា មិត្តចិនបានជួយកសាង ប្រទេសកម្ពុជាជារៀងរហូត ទោះបីកម្ពុជា មិនទាន់បង្កើតរដ្ឋាភិបាលថ្មី កាលពីបោះឆ្នោត ឆ្នាំ២០០៣។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ នៅចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ប្រវែងប្រមាណ ៩៣.៥៦គីឡូម៉ែត្រ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ២០០៣ បោះឆ្នោតរួចមក បានជាប់គាំងខាងនយោបាយ ដោយសារតែការពហិកា នៃបណ្ដាគណបក្សនយោបាយខ្លះ បានបង្កើតឲ្យមានការអូសបន្លាយប្រមាណជិត ១ឆ្នាំ ទើបបង្កើតរដ្ឋាភិបាលបាន។
សម្ដេចតេជោ បានរៀបរាប់ថា ការបោះឆ្នោត ឆ្នាំ២០០៣ គណបក្សប្រជាជនកម្ពុជា មានត្រឹម ៧៣កៅអីប៉ុណ្ណោះ ប៉ុន្ដែប្រព័ន្ធរដ្ឋធម្មនុញ្ញរបស់កម្ពុជា ឲ្យបង្កើតរដ្ឋាភិបាល មាន ២ភាគ៣ ដែលត្រូវការ ៨២សំឡេង ទើបអាចបង្កើតរដ្ឋាភិបាលបាន។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ប្រទេសមួយចំនួនរង់ចាំមើល (ចាំមើលកម្ពុជាបង្កើតរដ្ឋាភិបាល) ប៉ុន្ដែសាធារណរដ្ឋប្រជាមានិតចិន មិនចង់រង់ចាំមើលនោះទេ។ ដូច្នេះ ជំហានដំបូង លោកជំទាវ ឧបនាយករដ្ឋមន្ដ្រី របស់ចិន បានមកទស្សនកិច្ច នៅប្រទេសកម្ពុជា បន្ទាប់ទៅ ក្នុងមួយខែក្រោយមក ប្រធានាធិបតី និងនាយករដ្ឋមន្ដ្រីចិន បានអញ្ជើញខ្ញុំ ទៅទស្សនកិច្ចនៅប្រទេសចិន ដោយមិនរង់ចាំ បង្កើតរដ្ឋាភិបាលថ្មីនោះទេ»។
សម្ដេចតេជោ បន្ថែមទៀតថា ចំណុចទាំងនេះ បានធ្វើឲ្យ សម្ដេច ចងចាំជានិច្ច ក្នុងការអំពាវនាវឲ្យមិត្តចិនជួយការតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធ មកកាន់ភូមិភាគឦសានរបស់កម្ពុជា៕