ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ មានតម្លៃជិត៨ពាន់លានដុល្លារ កើនឡើង១០%


(ភ្នំពេញ)៖ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា-ថៃ ឆ្នាំ២០២១ សម្រេចបានទឹកជិត៨ពាន់លានដុល្លារ កើនឡើង១០% ខណៈរដ្ឋាភិបាលបានថៃ ដាក់ផែនការបង្កើនទំហំពាណិជ្ជកម្មឆ្លងកាត់ព្រំដែនឱ្យបានពី៥%ទៅ៧%។ នេះបើតាមរបាយការរបស់ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ ទទួលបាននៅថ្ងៃទី៨ ខែកុម្ភៈនេះ។

របាយការណ៍នេះបានបញ្ជាក់ថា «យោងតាមទិន្ន័យរបស់នាយកដ្ឋានចរចាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មថៃ ទឹកប្រាក់សរុបនៃការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ នៅក្នុងឆ្នាំ២០២១ មានតម្លៃ៧.៩៧ពាន់លានដុល្លារអាមេរិក កើនប្រមាណឡើង១០% ធៀបនឹងឆ្នាំ២០២០ ដែលមានតម្លៃ ៧.២៣ពាន់លានដុល្លារអាមេរិក»

ការនាំចេញពីកម្ពុជាទៅថៃ ក្នុងឆ្នាំ២០២១ ក្នុងទំហំទឹកប្រាក់ ៨៩៤លានដុល្លារអាមេរិកបានធ្លាក់ចុះ ២២% បើធៀបនឹងឆ្នាំ២០២០ ដែលមានតម្លៃទឹកប្រាក់ ១.១៥ពាន់លានដុល្លារអាមេរិក។ ចំណែកការនាំចូលពីថៃ បានកើនឡើង១៦% ពីទឹកប្រាក់ ៦.១ពាន់លានដុល្លារ ក្នុងឆ្នាំ២០២០ ដល់៧.១ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២១។

ប្រភេទមុខទំនិញដែលកម្ពុជា បានលក់ទៅកាន់ប្រទេសថៃ មានផលិតផលវាយនភណ្ឌ កសិផលត្បូងថ្មមានតម្លៃ វត្ថុធាតុដើម និងទំនិញពាក់កណ្តាលសម្រេច ហើយបានទិញចូលមកវិញនូវថាមពល ត្រី សាច់ បន្លែ និងផលិតផលសម្រេចដូចជា រថយន្ត ជីសរីរាង្គ ស៊ីម៉ង់ដ៍ ម្ហូបអាហារ ភេសជ្ជៈ គ្រឿងសំអាង និងសម្ភារៈសំណង់។

នៅឆ្នាំ២០២២នេះ រដ្ឋាភិបាលថៃគ្រោងនឹងបង្កើនទំហំពាណិជ្ជកម្មឆ្លងកាត់ព្រំដែនពី៥% ទៅ៧% ថែមទៀតបន្ទាប់ពីសម្រេចបានទឹកប្រាក់១.៧ទ្រីលានបាតនៅឆ្នាំ២០២១ កើនឡើង៣០% បើធៀបនឹងឆ្នាំ២០២០។ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងដែន រដ្ឋាភិបាលនឹងបន្តធ្វើការជាមួយទីប្រឹក្សាពាណិជ្ជកម្ម ភ្នាក់ងាររដ្ឋាភិបាល និងវិស័យឯកជនទាំងក្នុងស្រុក និងក្រៅប្រទេស ដើម្បីកំណត់ពីសក្តានុពល និងទីតាំងរបស់អតិថិនជនក្នុងទីផ្សារថ្មី។

លើសពីនេះ រដ្ឋាភិបាលថៃក៏គ្រោងនឹងបើកច្រកទ្វារអន្តរជាតិទាំង១២ទីតាំងជាមួយប្រទេសជិតខាងឡើងវិញ បន្ទាប់ពីបានបិទដោយសារតែជំងឺកូវីដ១៩ នាពេលកន្លងមក បន្ថែមលើច្រកទ្វារអន្តរជាតិចំនួន៣៨ ដែលកំពុងដំណើរការ៕