សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថា រៀបរាប់ពីការតស៊ូរបស់សម្តេច ក្នុងការស្វែងរកសន្តិភាព អំឡុងពេលទទួលមេដាយ ពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២


(ភ្នំពេញ)៖ ឯកឧត្តម ស្រ៊ី ថាមរ៉ុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងថ្លែងសុន្ទរកថា រៀបរាប់ត្រួសៗ អំពីការតស៊ូរបស់សម្តេច ក្នុងការស្វែងរកសន្តិភាព អំឡុងពេលទទួលមេដាយពានរង្វាន់កិត្តិយសពិសេសរបស់ស្ថាបនិក នៃពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ (The 2022 Founder’s Special Honorary Award of the Sunhak Peace Prize) នៅប្រទេសកូរ៉េ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម ស្រ៊ី ថាមរ៉ុង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សម្រាប់សន្តិភាព គឺសម្តេចផ្តោតលើការតស៊ូរបស់សម្តេច។ សម្តេចនឹងថ្លែងសុន្ទរកថាទទួលមេដាយនេះ និងថ្លែងអំណរគុណ ហើយនឹងរៀបរាប់ត្រួសៗ អំពីការតស៊ូរបស់សម្តេច»

នៅវេលាម៉ោង ៨ព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចាកចេញពីរាជធានីភ្នំពេញ ទៅបំពេញទស្សនកិច្ច នៅប្រទេសកូរ៉េខាងត្បូង និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ក្រោមមូលបទ «ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ»

យោងតាមការជូនព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ នឹងទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ រហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ ទើបត្រឡប់មកកម្ពុជាវិញ។ ក្រសួងការបរទេសបានគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ (The World Summit 2022) ក្រោមមូលបទ «ឆ្ពោះទៅកាន់សន្តិភាព នៅឧបទ្វីបកូរ៉េ» នៅទីក្រុងសេអ៊ូល សម្តេចតេជោ ហ៊ុន សែន នឹងធ្វើជាសហប្រធាន ជាមួយលោកជំទាវ បណ្ឌិត ហាក់ ចាហាន់មូន សហស្ថាបនិកនៃសហព័ន្ធសន្តិភាពសកល (UPF) និង ឯកឧត្តម បាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិផងដែរ។

ក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២នេះ នឹងមានការចូលរួមពីបណ្តាវាគ្មិនសំខាន់ៗ និងអ្នកចូលរួមមកពី ១៥៧ប្រទេស ដើម្បីស្វែងរកក្តីសង្ឃឹមក្នុងការបង្រួបបង្រួមឧបទ្វីបកូរ៉េ ប្រកបដោយសន្តិវិធី។

នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក នឹងមានការប្រគល់ជាផ្លូវការនូវមេដាយពានរង្វាន់កិត្តិយសពិសេសរបស់ស្ថាបនិក នៃពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ (The 2022 Founder’s Special Honorary Award of the Sunhak Peace Prize) ជូនដល់សម្តេចតេជោ ហ៊ុន សែន សម្រាប់ភាពជាអ្នកដឹកនាំដ៏ខ្ជាប់ខ្ជួនរបស់សម្តេចក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា ដែលបានរួមចំណែកដល់ស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិភាពនៅកម្ពុជា និងតំបន់អាស៉ីអាគ្នេយ៍ទាំងមូល។

ក្រសួងការបរទេស បានឱ្យដឹងផងដែរថា ក្នុងអំឡុងពេលស្នាក់នៅទីក្រុងសេអ៊ូល សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបជាមួយ ឯកឧត្តម មូន ចេ-អ៉ីន ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន៖ កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ និងធ្វើការផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់ និងចំណាប់អារម្មណ៍រួមគ្នា។

សម្តេចតេជោ ក៏នឹងទទួលជំនួបសម្តែងការគួរសមពីសំណាក់ ឯកឧត្តម បាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ។ សម្តេចតេជោរំពឹងថា នឹងមានជំនួបជាមួយប្រមុខរដ្ឋ/រដ្ឋាភិបាល នៃប្រទេសមួយចំនួន ក៏ដូចជាទទួលសាវនាការពីសំណាក់ឥស្សរជននយោបាយ និងធុរជនផ្សេងទៀតផងដែរ។

ឯកឧត្តម ស្រ៉ី ថាមរ៉ុង បានបន្ថែមថា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ នឹងមានមហាសន្និបាតមួយយ៉ាងធំ ដែលមានមនុស្សជាង ១លាននាក់ ប្រជុំគ្នាពាក់ព័ន្ធនឹងបញ្ហាស្វែងរកសន្តិភាព។ សម្តេចតេជោ ហ៊ុន សែន ក៏នឹងថ្លែងសុន្ទរកថាគន្លឹះមួយ និងបង្ហាញនូវទស្សនៈរបស់សម្តេច និងទិសដៅរបស់សម្តេច ធ្វើយ៉ាងម៉េចដើម្បីរួមគ្នា នាំមកនូវសុខសន្តិភាព ស្ថិរភាព និងឆ្ពោះទៅរកការបង្រួបបង្រួមកូរ៉េទាំងពីរ នៅពេលណាមួយ។

ក្រោយកិច្ចប្រជុំកំពូលពិភពលោក នឹងមានចេញឯកសារចំនួនពីរ ដែលពាក់ព័ន្ធនឹងការកសាងសន្តិភាព និងការអភិវឌ្ឍនៅឧបទ្វីបកូរ៉េ។ នេះបើតាមឯកឧត្តម ស្រ៊ី ថាមរ៉ុង។

សូមជម្រាបថា ពានរង្វាន់កិត្តិយសពិសេសរបស់ស្ថាបនិក នៃពានរង្វាន់សន្តិភាពស៊ុនហាក់ (The Founder’s Special Honorary Award of the Sunhak Peace Prize) ត្រូវបានផ្តើចផ្តើមបង្កើតឡើង ក្នុងឆ្នាំ២០២០ ដើម្បីផ្តល់កិត្តិយសដល់ថ្នាក់ដឹកនាំពិភពលោកដ៏មានកិត្តិយស ដែលមានសមិទ្ធផលសំខាន់ៗ សម្រាប់សន្តិភាព និងការអភិវឌ្ឍពេញមួយជីវិតរបស់ពួកគេ។

ចំណែកឯ ពានរង្វាន់សន្តិភាពស៊ុនហាក់ (The Sunhak Peace Prize) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៣ ដើម្បីផ្តល់កិត្តិយសដល់បុគ្គល និងស្ថាប័ននានា ដែលបានរួមចំណែកដ៏អស្ចារ្យដល់សន្តិភាព និងសុខុនមាលភាពសកល ដែលទាក់ទងជាមួយកត្តាមួយ នៅក្នុងកត្តាសំខាន់ៗទាំង៣ គឺ ការអភិវឌ្ឍមនុស្សប្រកបដោយចីរភាព ការដោះស្រាយជម្លោះ ឬការអភិរក្សអេកូឡូស៉ី។ លោកស្រីបណ្ឌិត ហាក់ ចាហាន់ មូន បានបង្កើតពានរង្វាន់នេះឡើង ដើម្បីឧទ្ទិសដល់កេរ្តិ៍មរតករបស់ស្វាមីលោកជំទាវ គឺលោកបណ្ឌិត សាន់ ម្ញ៉ុង មូន ដែលបានលះបង់ជីវិតរបស់គាត់ ដើម្បីកសាងវប្បធម៌សន្តិភាពពិភពលោក ក្រោមបដាររួមមួយគឺ «យើងជាគ្រួសារមនុស្សជាតិតែមួយ ក្រោមព្រះតែមួយ»