រដ្ឋមន្ត្រីការបរទេសកម្ពុជា ជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសទី២ នៃព្រុយណេដារ៉ូស្សាឡាម


(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយ ឯកឧត្តម ដាតូ អ៉ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ នៃព្រុយណេដារ៉ូស្សាឡាម។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា ក្នុងជំនួបនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ ដោយឯកឧត្តម ដាតូ អ៉ីរីវ៉ាន់ បានអបអរសាទរការចាប់ផ្តើមតួនាទីរបស់កម្ពុជាជាប្រធានអាស៊ាន ឆ្នើមដែលធ្វើឡើង ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» និងបានអះអាងអំពីការគាំទ្រយ៉ាងពេញទំហឹងរបស់ព្រុយណេ សម្រាប់ជោគជ័យរបស់កម្ពុជាក្នុងតួនាទីជាប្រធានអាស៊ាននេះ។ ឯកឧត្តមរដ្ឋមន្រ្តី ការបរទេសទាំងពីរ បានផ្លាស់ប្តូរទស្សនៈគ្នាយ៉ាងស្និទ្ធស្នាលអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាផ្សេងៗ របស់អាស៊ាន។

ខណៈដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី៣០ នៃទំនាក់ទំនងការទូតនៅឆ្នាំនេះ ឯកឧត្តម ប្រាក់ សុខុន បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំង ដែលព្រះចៅស៊ុលតង់ព្រះមហាក្សត្រនៃប្រទេសព្រុយណេ មានព្រះរាជហរទ័យចង់យាងមកបំពេញ ទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នៅមុនកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលពាក់ព័ន្ធ នាខែវិច្ឆិកា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានទទួលយកដោយសេចក្តីរីករាយចំពោះការអញ្ជើញរបស់ឯកឧត្តម ដាតូ អ៉ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ ទៅបំពេញទស្សនកិច្ចផ្លូវការនៅព្រុយណេដារ៉ូស្សាឡាម តាមពេលវេលាសមស្របដោយភាគីទាំងពីរ និងបានឯកភាពជាមួយសមភាគីព្រុយណេអំពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងព្រះចៅស៊ុលតង់ព្រះមហាក្សត្រ នៃប្រទេសព្រុយណេដារ៉ូស្សាឡាម ស្តីពីការពិគ្រោះយោបល់ទ្វេភាគី។

ឯកឧត្តមរដ្ឋមន្ត្រីការបរទេសទាំងពីរ បានពិភាក្សាគ្នាយ៉ាងទូលំទូលាយ អំពីស្ថានភាពក្នុងប្រទេសមីយ៉ាន់ម៉ា និងកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បីគាំទ្រដល់ការបន្ធូរបន្ថយវិបត្តិ និងការសម្រេចបាននូវ ដំណោះស្រាយដោយសន្តិវិធី ដោយផ្អែកលើការព្រមព្រៀងជាឯកច្ឆន្ទទាំងប្រាំចំណុច ដែលបាន ឯកភាពនៅក្នុងកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំអាស៊ាន កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២១។

ឯកឧត្តម ប្រាក់ សុខុន បានជម្រាបជូនសមភាគីព្រុយណេអំពីផែនការរបស់ឯកឧត្ដម ដើម្បីទៅ បំពេញទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសមីយ៉ាន់ម៉ាក្នុងនាមជាប្រេសិតពិសេស និងដើម្បីធ្វើ ទំនាក់ទំនងជាមួយគ្រប់ភាគីពាក់ព័ន្ធក្នុងការស្វែងរកច្រក និងមធ្យោបាយ ដែលធានាបាននូវការ ផ្ដល់ជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព និងទាន់ពេលវេលា ដល់ប្រជាជនទាំងអស់នៅមីយ៉ាន់ម៉ា ដែលត្រូវការជំនួយជាបន្ទាន់។ ឯកឧត្តម ដាតូ អ៉ីរីវ៉ាន់ បានសម្តែងនូវការប្តេជ្ញាចិត្តក្នុងការផ្តល់ការ គាំទ្រពេញទំហឹងដល់ ឯកឧត្តម ប្រាក់ សុខុន ក្នុងការបំពេញតួនាទីជាប្រេសិតពិសេសរបស់ប្រធាន អាស៊ានស្ដីពីមីយ៉ាន់ម៉ា។

ឯកឧត្តមរដ្ឋមន្ត្រីការបរទេសទាំងពីរ បានបង្ហាញទស្សនៈស្រដៀងគ្នាចំពោះភាពស្មុគស្មាញនៃស្ថានភាពនៅក្នុង ប្រទេសមីយ៉ាន់ម៉ា ដែលចាំបាច់ត្រូវដោះស្រាយតាមរយៈវិធីសាស្រ្តមួយជំហានម្តងៗ។ ភាគីទាំងពីរ បានឯកភាពគ្នាថា អាស៊ានគួរតែបន្តបង្កើតដំណើរការសន្ទនាមួយប្រកបដោយបរិយាប័ន្ន ដែល មីយ៉ាន់ម៉ាធ្វើជាម្ចាស់ និងដឹកនាំ ដើម្បីបញ្ចប់អំពើហិង្សា ទប់ស្កាត់មិនឱ្យលក្ខខណ្ឌមនុស្សធម៌កាន់ តែអាក្រក់ និងទទួលបាននូវសន្តិភាពយូរអង្វែង។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសទាំងពីរ បានចែករំលែកការ ប្តេជ្ញាចិត្តក្នុងការធ្វើការជាមួយគ្នា រួមនិងសហការីអាស៊ានដទៃទៀត ដើម្បីពន្លឿនវឌ្ឍនភាពនៃការ អនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច និងដើម្បីពង្រឹងបន្ថែមទៀតនូវមជ្ឈភាព និងឯកភាព អាស៊ាន។

ឯកឧត្តមរដ្ឋមន្ត្រីការបរទេសទាំងពីរ បានទន្ទឹងដល់ការពិភាក្សាអំពីដំណើរការកសាងសហគមន៍អាស៊ាន និង អំពីភាពជាដៃគូខាងក្រៅ នៅក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM Retreat) នៅថ្ងៃទី ១៦-១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដែលនឹងក្លាយជាកិច្ចប្រជុំដ៏សំខាន់ លើកដំបូងក្នុងចំណោមប្រទេសជាសមាជិកទាំង១០ ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២៕