សម្ភោធផ្លូវបេតុងអាមេប្រវែង៨០០ម៉ែត្រ នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល អភិបាលខេត្តថ្លែងថា «សន្តិភាពនាំមកនូវការអភិវឌ្ឍន៍លើគ្រប់វិស័យ»


(កណ្តាល)៖ ផ្លូវបេតុងអាមេប្រវែង៨០០ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតនៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ត្រូវដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល។

ស្ថិតក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ផ្លូវបេតុងនេះ ជាសមិទ្ធិផលថ្មីមួយទៀតនៅក្នុងស្រុកកៀនស្វាយ សម្រាប់បំរើដល់សេចក្តីត្រូវការក្នុងការធ្វើដំណើរ ដឹកជញ្ជូនរបស់ប្រជាពលរដ្ឋនៅក្នុងភូមិ ដែលពីមុនផ្លូវនេះ ជាផ្លូវលំដី មានការលំបាកក្នុងការធ្វើដំណើរ និងដើម្បីលើកកម្ពស់ផាសុកភាព និងជីវភាពរស់នៅជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានកំណត់យក «ធនធានមនុស្ស ទឹក ផ្លូវ ភ្លើង» ជាអាទិភាព។

ឯកឧត្តមបានបន្តថា ជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ការកសាងស្ពាន ផ្លូវ ប្រព័ន្ធធារាសាស្រ្ត ការតភ្ជាប់បណ្តាញអគ្គីសនី បណ្តាញទឹកស្អាត ជាដើម គឺជាការងារអទិភាពនៅ នឹងមូលដ្ឋានរបស់ប្រជាពលរដ្ឋ ទីណាមានការលំបាក ទីនោះមានការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលតាមរយៈមន្រ្តីរដ្ឋាភិបាលដែលកំពុងរស់នៅ និងបំរើដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា «យើងមានឱកាសកសាង អភិវឌ្ឍន៍ភូមិ ឃុំរបស់យើងអោយរីកចំរើនទៅបាន គឺដោយគុណបំណាច់នៃកត្តាសុខ សន្តិភាព ស្ថេរភាពសង្គម ដែលថ្នាក់ដឹកនាំយើងរកបានដោយលំបាកនាអតីតកាល។ ដូច្នេះយើងត្រូវរួមគ្នាថែរក្សានូវសុខ សន្តិភាពនេះឲ្យបានគង់វង្ស ស្ថិតស្ថេរ បន្តដល់កូនចៅជំនាន់ក្រោយៗ របស់យើងទៀត»។

ឆ្លៀតឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្តក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន មន្រ្តីរាជការនៅគ្រប់មន្ទីរវិស័យ ត្រូវយកចិត្តទុកដាក់លើបញ្ហាជីវភាពរស់នៅ សុខមាភាព និងការបំរើសេវារដ្ឋបាលសាធារណៈជូន ប្រជាពលរដ្ឋអោយបានល្អ មានការទទួលខុសត្រូវខ្ពស់។ សូមបញ្ជាក់ថា ផ្លូវបេតុង ១ខ្សែនេះ មានប្រវែង ៨០០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ កសាងដោយប្រើប្រាស់ថវិកាគុណប្រយោជន៍ខេត្ត៕