អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានយកទៅប្រគល់ជូនរដ្ឋបាលសង្កាត់ច្បារអំពៅទី១ និងសង្កាត់និរោធន៍ ដើម្បីចែកជូនពលរដ្ឋដែលខ្វះខាត


នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក នុត សវនា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យមហាផ្ទៃ បានដឹកនាំសមាជិក សមាជិកាមួយចំនួន ដោយមានការចូលរួមពីលោកចៅសង្កាត់ សមាជិកក្រុមប្រឹក្សា និងសហការី បាននាំយកអង្ករចំនួន២តោន ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត តាមរយៈ ស.ស.យ.ក រាជធានីភ្នំពេញ មកប្រគល់ជូនរដ្ឋបាលសង្កាត់ច្បារអំពៅទី១ និងរដ្ឋបាលសង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងនោះ មួយសង្កាត់ទទួលបានអង្ករ ចំនួន១តោន ដើម្បីជួយសម្រាលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលកំពុងជួបបញ្ហាខ្វះខាតនៅក្នុងមូលដ្ឋានសង្កាត់ទាំង២។

បន្ថែមលើនោះ ស.ស.យ.ក វិស័យមហាផ្ទៃ បានជូនជាថវិកាចំនួន ១,៦០០,០០០រៀល ជូនរដ្ឋបាលសង្កាត់ច្បារអំពៅ១ និងរដ្ឋបាលសង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ (មួយសង្កាត់ ៨០០,០០០រៀល) សម្រាប់ទិញប្រេងឥន្ធនៈបម្រើសេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ៕