ឯកឧត្តម ហ៊ុន ម៉ានិត និងអភិបាលខេត្តកំពង់ចាម អញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ជាង១៦គីឡូម៉ែត្រ នៅស្រុកចំការលើ


ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងារចុះជួយស្រុកចំការលើ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយប្រតិភូអមដំណើរជាច្រើនទៀត នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ DBST មួយខ្សែប្រវែង១៦,៨គីឡូម៉ែត្រ ចាប់ពីភូមិតាអុង ឃុំតាអុង ឆ្ពោះទៅភូមិជយោ ឃុំជយោ ស្រុកចំការលើ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងក្នុងឱកាសនោះថា ផ្លូវមួយខ្សែនេះប្រជាពលរដ្ឋក្នុងស្រុកចំការលើ បានទន្ទឹងរង់ចាំយូរមកហើយ ទើបតែក្នុងឆ្នាំ២០២២នេះ ដោយការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តផង និងដោយបានទទួលការជ្រោមជ្រែងពីឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងារចុះជួយស្រុកចំការលើផង ទើបធ្វើឲ្យផ្លូវមួយខ្សែនេះបានសម្រេចសាងសង់ជូនប្រជាពលរដ្ឋដូចពេលនេះ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ផ្លូវមួយខ្សែនេះ អាចនឹងស្ថាបនារួចរាល់ក្នុងរយៈពេលត្រឹមតែ៤ខែប៉ុណ្ណោះ ពោលធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋយើង ឆាប់បានផ្លូវល្អប្រើប្រាស់ ដែលមានដាក់ស្លាកសញ្ញាចរាចរណ៍ និងស្លាកកំណត់កម្រិតទម្ងន់របស់រថយន្តដឹកទំនិញផ្សេងៗឲ្យបានត្រឹមត្រូវ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ វើដំណើរតាមដងផ្លូវ។

ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានិត បានលើកឡើងថា មូលហេតុដែលអូសបន្លាយ មានការយឺតយ៉ាវក្នុងការស្ថាបនាផ្លូវមួយខ្សែនេះ ដោយសារប្រទេសជាតិជួបបញ្ហាជំងឺកូវីដ១៩។ មូលហេតុនេះហើយ ដែលរាជរដ្ឋាភិបាលបានបង្វែរថវិកា ផ្គត់ផ្គង់ផ្នែកសុខាភិបាល ជាអាទិភាព ដើម្បីទប់ស្កាត់កុំឲ្យមានការរាលដាលជំងឺនេះនៅក្នុងសហគមន៍ធ្ងន់ធ្ងរ និងការបាត់បង់ជីវិតរបស់ប្រជាពលរដ្ឋយើង។ ប៉ុន្តែយ៉ាងណាក៏ដោយ មកដល់បច្ចុប្បន្ននេះ បើប្រៀបធៀបទៅនឹងប្រទេសផ្សេងៗ នៅលើពិភពលោក លើការគ្រប់គ្រងនៃស្ថានភាពជំងឺកូវីដ១៩ គឺប្រទេសកម្ពុជា បានគ្រប់គ្រងល្អជាប់លំដាប់ថ្នាក់លេខ២។

បើតាមឯកឧត្តម ហ៊ុន ម៉ានិត ដោយសារជំងឺកូវីដ មានការបម្លែងខ្លួនថ្មីៗជាបន្តបន្ទាប់ ដែលអាចធ្វើឲ្យមានការឆ្លងច្រើនផងដែរ នៅរាជធានីភ្នំពេញ ក៏ដូចតាមដែលខេត្តមួយចំនួន ដូច្នេះវិធីការពារដ៏ល្អមានតែបងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅចាក់វ៉ាក់សាំងតាមកាលកំណត់ នៃដូសនីមួយៗឲ្យបានគ្រប់ៗគ្នា ដើម្បីធានាសុវត្ថិភាព ដល់អាយុជីវិតប្រជាពលរដ្ឋទាំងអស់គ្នា៕