កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានចាប់ផ្តើមហើយ ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ


(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន (AMMR) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានចាប់ផ្តើមហើយ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ ដោយមានការចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូ។

ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានអះអាង ក្នុងចំំណោម១០ប្រទេស មានរដ្ឋមន្រ្តីការបរទេសចំនួន ៦ប្រទេស ចូលរួមប្រជុំផ្ទាល់ជាមួយកម្ពុជា។ ដោយឡែកប្រទេសថៃ និងប្រ៊ុយណេ បានបញ្ជាក់ថា ចូលរួមកិច្ចប្រជុំនេះតាមប្រព័ន្ធអនឡាញ។ សម្រាប់មីយ៉ាន់ម៉ាវិញ គឺមិនបានចាត់តំណាងចូលរួមឡើយ។

ប៉ុន្តែទោះជាយ៉ាងនេះក្តី អំឡុងពេលមកដល់ប្រទេសកម្ពុជា កាលពីម្សិលមិញ រដ្ឋមន្ត្រីការបរទេសវៀតណាម ឯកឧត្តម Bui Thanh Son ត្រូវបានធ្វើតេស្តឃើញមានវិជ្ជមានជំងឺកូវីដ-១៩។

កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នឹងពិនិត្យមើលឡើងវិញនូវការសម្រេចនានារបស់ថ្នាក់ដឹកនាំនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងលើកទី៣៩ ធ្វើការផ្លាស់ប្តូរទស្សនៈគ្នាលើមធ្យោបាយដើម្បីពង្រឹងបន្ថែមទៀតទំនាក់ទំនងខាងក្រៅជាមួយដៃគូសន្ទនានានា ខណៈពេល ថែរក្សា និងលើកកម្ពស់មជ្ឈភាព សាមគ្គីភាព និងឯកភាពអាស៊ាន ព្រមទាំងពិភាក្សាគ្នាអំពីរបៀប និងវិធីសាស្រ្ត ដើម្បីកៀរគរកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការកសាងសហគមន៍អាស៊ានមួយដែលកាន់ តែធន់រឹងមាំឡើង ប្រកបដោយថាមពល ពោរពេញដោយសន្តិភាព និងវិបុលភាព។

តាមការប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងជម្រាបជូនអង្គប្រជុំអំពីសមិទ្ធផលសំខាន់ៗ ដែលនឹងត្រូវសម្រេចបានក្នុងអំឡុងពេលភាពជាប្រធានអាស៊ានរបស់កម្ពុជា ក្រោមមូលបទ «អាស៊ាន រួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមជាយុទ្ធសាស្រ្ត ដែលកំពុងកើតឡើងនៅក្នុងតំបន់ រួមមាន ការគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងដំណើរការស្តារឡើងវិញប្រកបដោយបរិយាប័ន្ន ការប្រកួតប្រជែងភូមិសាស្រ្ត-នយោបាយ បញ្ហាជាប្រពៃណី និងមិនប្រពៃណីដែលមានស្រាប់ និងការពង្រឹងភាពស្អិតរមួត មជ្ឈភាព និងភាពធន់រឹងមាំ របស់អាស៊ាន៕