ឯកឧត្តម សៅ សុខា ឧបត្ថម្ភថវិកា ១០មុឺនដុល្លារ តាមរយៈ ឯកឧត្តម អ៊ុន ចាន់ដា ជូនដល់គណបក្សក្រុង ស្រុក ទាំង១០ ក្នុងខេត្តកំពង់ចាម


(កំពង់ចាម)៖ ប្រធានគណបក្សប្រជាជនខេត្តកំពង់ចាម ឯកឧត្តម  អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំជាមួយសមាជិក សមាជិកាគណបក្សប្រជាជននៃស្រុក-ក្រុងទាំង១០ និងបានផ្ដល់ប្រាក់ឧបត្ថម្ភ របស់ឯកឧត្តម សៅ សុខា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ជូនដល់ប្រធានគណបក្សប្រជាជនស្រុក-ក្រុងទាំង១០ ដើម្បីយកទៅប្រើប្រាស់លើការងារ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខ។

ប្រធានគណបក្សប្រជាជនខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានឲ្យដឹងថា ដើម្បីអនុវត្តផែនការសកម្មភាពជាក់ស្តែងឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ ឱ្យទទួលបានជោគជ័យ ឯកឧត្តម សៅ សុខា បានឧបត្ថម្ភថវិកាដល់គណៈកម្មាធិការគណបក្សក្រុងស្រុកទាំង១០ ក្នុងខេត្តកំពង់ចាម ដោយមួយក្រុង-ស្រុក ទទួលបានថវិកាចំនួន១ម៉ឺនដុល្លារ។

ជាមួយគ្នានេះ ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញដល់ប្រធានគណបក្សប្រជាជនស្រុក-ក្រុងទាំង១០ សូមយកថវិកាទៅប្រើប្រាស់អោយចំគោលដៅ ហើយត្រូវណែនាំបន្តដល់សមាជិកសមាជិកា គ្រប់លំដាប់ថ្នាក់ ត្រូវប្រមូលផ្តុំកម្លាំង អនុវត្តនូវបណ្តាភារកិច្ចសំខាន់ៗ ជាច្រើនតាមសេចក្តីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ ឲ្យទទួលបានជោគជ័យ៕