ឯកឧត្តម ហ៊ុន ម៉ានី អះអាងថា លោក ហ៊ុន ម៉ាណែត ជាឥស្សរជន ដែលមានចំណេះដឹង និងបទពិសោធន៍គ្រប់គ្រាន់ក្នុងការដឹកនាំ


(សៀមរាប)៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជាថ្មីម្ដងទៀត បានអះអាងថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជាឥស្សរជន ដែលមានចំណេះដឹង និងបទពិសោធន៍គ្រប់គ្រាន់ក្នុងការដឹកនាំ និងថែមទាំងមានសណ្តានចិត្តចេះស្រលាញ់បងប្អូន និងប្រជាពលរដ្ឋ ដោយហ៊ានលះបង់នូវការនឿយហត់ និងសុភមង្គលផ្ទាល់ខ្លួនគ្រប់បែបយ៉ាង ក្នុងបុព្វហេតុទាំងនេះ។

ក្នុងជំនួបជាមួយរចនាសម្ព័ន្ធ គ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី តាងនាមឲ្យក្រុមគ្រួសារ ស.ស.យ.ក. ទូទាំងប្រទេស បានប្រកាសជាថ្មីម្តងទៀត គាំទ្រដល់បេក្ខភាពឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត។

Facebook ផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «ឯកឧត្តម ហ៊ុន ម៉ានី តាងនាមឲ្យក្រុមគ្រួសារ ស.ស.យ.ក. ទូទាំងប្រទេស បានប្រកាសជាថ្មីម្តងទៀត គាំទ្រដល់បេក្ខភាពឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត ដោយក្នុងនោះ ឯកឧត្តមបានលើកឡើងថា ឯកឧត្តម ហ៊ុន ម៉ាណែត ជាឥស្សរជន ដែលមានចំណេះដឹង និងបទពិសោធន៍គ្រប់គ្រាន់ក្នុងការដឹកនាំ និងថែមទាំងមានសណ្តានចិត្តចេះស្រលាញ់បងប្អូន និងប្រជាពលរដ្ឋ ដោយហ៊ានលះបង់នូវការនឿយហត់ និងសុភមង្គលផ្ទាល់ខ្លួនគ្រប់បែបយ៉ាង ក្នុងបុព្វហេតុទាំងនេះ»

ឯកឧត្តម ហ៊ុន ម៉ានី ក៏ធ្លាប់បានគូសបញ្ជាក់ដែរថា ការសម្រេចជ្រើសយកឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីទៅថ្ងៃអនាគត បង្ហាញពីផែនការច្បាស់លាស់របស់បក្ស និងធានាមិនឲ្យមាននូវវិបត្តិ នៃការដឹកនាំ ហើយលោកប្រកាសការគាំទ្រយ៉ាងពេញទំហឹង នូវការសម្រេចចិត្តនៃសន្និបាតកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាលើកទី៤៣។

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងបែបនេះថា «ការសម្រេចជ្រើសយកឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីទៅថ្ងៃអនាគត ជាការបង្ហាញផែនការច្បាស់លាស់របស់បក្ស និងធានាមិនឲ្យមាននូវវិបត្តិនៃការដឹកនាំ»

ទន្ទឹមនឹងការគាំទ្រនេះ ឯកឧត្តមបានបន្តថា ការរៀបចំផែនការបន្តវេនច្បាស់លាស់ នឹងបន្តនូវនិរន្តភាពជាតិ និងសុខសន្តិភាពសង្គម ជាពិសេសធានាការជឿជាក់ជូនដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា៕