សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណថ្នាក់ដឹកនាំជប៉ុន ដែលបានស្វាគមន៍ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាដំណើរបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃ


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់ឯករាជអគ្គរដ្ឋទូត នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ អគ្គមេបញ្ជាកងទ័ពរបស់ជប៉ុន ដែលបានស្វាគមន៍ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាបញ្ជាការកងទ័ពជើងគោកកម្ពុជា សម្រាប់ដំណើរដំពេញទស្សនសកិច្ចនៅក្នុងប្រទេសជប៉ុន រយៈពេល៤ថ្ងៃ កាលពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកុម្ភៈថ្មីៗនេះ។

ការថ្លែងអំណរគុណបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសសម្តេច អញ្ជើញបើកការដ្ឋានសាងសង់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងដូច្នេះថា៖ «ក្នុងហ្នឹង ខ្ញុំសូមយកឱកាសនេះអរគុណចំពោះឯកឧត្តមអគ្គរាជទូត តាមរយៈឯកឧត្តម អរគុណចំពោះឯកឧត្តម FUMIO Kishida នាយករដ្ឋមន្ត្រី, ឯកឧត្តមរដ្ឋមន្ត្រីការបទេស, ឯកឧត្តមរដ្ឋមន្ត្រីការពារជាតិ អគ្គមេបញ្ជាការ ក៏ដូចជាមេបញ្ជាការកងទ័ព និងបណ្តាអង្គភាពរបស់កងទ័ពជប៉ុន ដែលបានទទួលមេបញ្ជាការកងទ័ពជើងគោក របស់កម្ពុជា វាជាព្រឹត្តិការណ៍កម្រមាន និយាយឱ្យត្រង់ខ្ញុំថា បើសិនខ្ញុំធ្វើជានាយករដ្ឋមន្ត្រីជប៉ុន ក៏ខ្ញុំធ្វើអត់កើតដែរ…!»

នាឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នាយករដ្ឋមន្ត្រីជប៉ុន រវល់ណាស់ មិនងាយនឹងទទួលប្រតិភូណាមួយនោះទេ។ ដូច្នេះការទទួលស្វាគមន៍ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត គឺជាការបង្ហាញឱ្យឃើញទំនាក់ទំនងពិសេសរវាងកម្ពុជា-ជប៉ុន។

សម្រាប់សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថានេះ គឺជាការផ្តល់កិត្តិយសដ៏ធំមួយសម្រាប់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ហើយបើគិតចាប់តាំងពីឆ្នាំ២០១០ ដោយក្នុងនោះ២០១៦ និងឆ្នាំ២០១៨ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជួបផ្លូវការជាមួយនាយករដ្ឋមន្ត្រីជប៉ុន ដល់ទៅ៣រូប រួចទៅហើយ។

«អញ្ចឹង គឺមិនងាយរដ្ឋមន្ត្រី ឬឧបនាយករដ្ឋមន្ត្រី ឬប្រធានសភា ធ្វើទស្សនកិច្ចនៅជប៉ុន មិនងាយបានជួបនាយករដ្ឋមន្ត្រីជប៉ុន ព្រោះគាត់រវល់ណាស់ ប៉ុន្តែ លើកនេះ គឺគាត់ឆ្លៀតទទួល (ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត) នេះបង្ហាញឱ្យឃើញពីកិច្ចសហប្រតិបត្តិការរបស់យើង ក្នុងការផ្លាស់ប្តូរគណៈប្រតិភូ ហើយយើងក៏នឹងធ្វើដូចគ្នានេះដែលជាមួយនឹងការទៅមករកគ្នាក្នុងទំនាក់ទំនង របស់យើង»។ នេះជាការបញ្ជាក់បន្ថែមរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។

គួរជម្រាបថា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោកកម្ពុជា ធ្វើដំណើរទស្សនកិច្ចរយៈពេល ០៤ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅក្នុងប្រទេសជប៉ុន ដើម្បីអបអរខួបទី៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព (PKO) របស់ជប៉ុននៅកម្ពុជា ដែលជាប្រតិបត្តិការក្រៅប្រទេសលើកទី១ របស់កងកម្លាំងស្វ័យការពារជប៉ុន ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។

គួរបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ចផ្លូវការក្រៅប្រទេសលើកទី១ របស់មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បន្ទាប់ស្ថានភាពនៃជំងឺកូវីដ១៩ បានធូរស្រាលប្រសើរជាងមុន ហើយដែលជាការភ្ជាប់ទំនាក់ទំនងជាលក្ខណៈប្រវត្តិសាស្ត្របន្ថែមទៀតរវាងកងទ័ពជើងគោក និងប្រទេសជាតិទាំងពីរ បន្ទាប់ពីការបំពេញទស្សនកិច្ចផ្លូវការរបស់នាយឧត្តមសេនីយ៍ YUASA Goro [អតីត] មេបញ្ជាការកងកម្លាំងស្វ័យការពារជើងគោកជប៉ុន នៅកម្ពុជា ក្នុងឆ្នាំ២០២០ កន្លងទៅ៕