លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជំរុញពលរដ្ឋទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ជាពិសេសកុមារមានអាយុ ៣-៥ឆ្នាំ


(ប៉ៃលិន)៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួរដ្ឋសភា-ព្រឹទ្ធសភា

និងអធិការកិច្ច បានជំរុញដល់ប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា ជាពិសេសកុមារដែលមានអាយុចាប់ពី៣ឆ្នាំ ដល់៥ឆ្នាំ។

ការជំរុញបែបនេះ របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ដងទង់ ដែលមានកម្ពស់ ២១ម៉ែត្រ ស្ថិតក្នុងវត្តរតនៈសោភណ្ឌ ហៅវត្តកោងកាង ស្ថិតនៅភូមិវត្ត សង្កាត់ ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

វិធីនេះក៏មានវត្តមានឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានខេត្តប៉ៃលិន សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា សមាជិកក្រុមប្រឹក្សាខេត្ត ឧបាសិកា ដន ឧត្តម ឧបាសិកា ឆេង ស៊ីម លោកឧត្តមសេនីយ៍ឯក សៀន សេង និងលោកស្រីសៀង ស៊ីពោធិ៍ និងក្រុមគ្រួសារព្រមទាំងមន្រ្តីរាជការ និងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត បានអញ្ជើញចូលរួមក្នុងពិធីនេះផងដែរ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ពិធីថ្ងៃនេះអាចដំណើរទៅបាន គឺដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលបាននូវការបង្រួបបង្រួមជាតិទាំងស្រុង ការនាំមកវិញនូវរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ មានស្ថិរភាព នយោបាយ តាមរយៈការអនុវត្តនយោបាយឈ្នះ-ឈ្នះ និងនាំមកនូវការអភិវឌ្ឍ សេដ្ឋកិច្ច សង្គមលើគ្រប់វិស័យ រហូតដល់បច្ចុប្បន្ននេះ ដោយបានប្រែក្លាយតំបន់នេះទៅជាតំបន់ព្រំដែនសន្តិភាព និងជាតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម និងទេសចរណ៍ប្រកបដោយទាក់ទាញ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានកោតសសើរដល់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដែលបានដឹកនាំ និងកសាងនូវរាល់សមិទ្ធផលក្នុងខេត្តមានការរីកចម្រើន គួរឱ្យកត់សម្គាល់ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។ ដោយឡែកសមិទ្ធផល ដងទង់ថ្មី ១គូរ នៅថ្ងៃនេះ បានបង្ហាញអំពីការរីកចំរើនផ្នែកពុទ្ធចក្រ ដែលបានកើតចេញពីសុទ្ធាជ្រះថ្លារបស់លោកឧត្តមសេនីយ៍ឯក សៀន សេង និងលោកស្រី សៀង ស៊ីពោធិ៍ ព្រមទាំងក្រុមក្រួសារ បានរួមគ្នាកសាងនូវដងទង់ ១គូរ កម្ពស់ ២១ម៉ែត្រ ចំណាយថវិកាអស់ ២,៤០០០ដុល្លារ សម្រាប់តម្កល់ទុក្ខក្នុងវិស័យព្រះពុទ្ធសាសនា។

បន្ថែមពីនេះលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងព្រះសង្ឃ ៤ចំណុចរួមមាន៖

ទី១៖ បន្តការខិតខំតទៅទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាពិសេសត្រូវអនុវត្តវិធានការណ៍ «៣ការពារ និង៣កុំ» ជាចាំបាច់ផងដែរ។
ទី២៖ ត្រូវចូលរួមអនុវត្តតាមសារាចរ ស្តីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ នៃមេរោគកូវីដ១៩ ពិសេសមេរោគបំប្លែងថ្មី ប្រភេទ «អូមីក្រុង»។
ទី៣៖ ថែរក្សា ការពារនូវសមិទ្ធផលនេះ ឱ្យបានស្ថិតស្ថេរគង់វង្ស ទុក្ខជាសម្បតិក្នុងព្រះពុទ្ធសាសនា។
ទី៤៖ មន្រ្តីរាជការ និងព្រះសង្ឃ ត្រូវតែដើរតួក្នុងការផ្សព្វផ្សាយ និងការជំរុញក្នុងការចាក់វ៉ាក់សាំង និងបំផុសដល់កុមារនៅតាមមូលដ្ឋានទៅចាក់វ៉ាក់សាំងនៅតាម ទីតាំងដែលបានកំណត់សម្រាប់ដូសទី១ កុមារមានអយុ ៣-៥ឆ្នាំ និងការបន្តចាក់ដូសទី៣ សម្រាប់កុមារដែលមានអាយុចាប់ពី ៦-១២ឆ្នាំ ស្របតាមការអំពាវនាវរបស់រដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់នូវការឆ្លងចូលក្នុងសហគមន៍៕