ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង ជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ ទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល


(កណ្ដាល)៖ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស បញ្ចប់ការសិក្សាមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២០ -២០២១ ទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ក្នុងរបាយការណ៍ស្វាគមន៍ លោក អ៊ូច សាវឿន អភិបាលស្រុកកណ្តាលស្ទឹង បានឲ្យដឹងថា នៅទូទាំងស្រុក មានមតេយ្យសិក្សារដ្ឋ ១៩កន្លែង និងមតេយ្យសិក្សាសហគមន៍ ២១កន្លែង បឋមសិក្សា ៣២កន្លែង, និងមធ្យមសិក្សា ១៩កន្លែង។ ក្នុងឆ្នាំសិក្សា ២០២០-២១ សិស្សថ្នាក់ទី១២ ប្រឡងយកសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន ៥៦៦នាក់/ ស្រី ៣៣៩នាក់ ហើយប្រឡងជាប់ មានចំនួន ៤១៦នាក់ ក្នុងនោះ ប្រឡងជាប់និទ្ទេស A ចំនួន ៣នាក់/ស្រី ១នាក់។

ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងថា ដោយកត្តាសុខសន្តិភាព បានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើននូវលើគ្រប់វិស័យ ពិសេសវិស័យអប់រំ។ វិស័យអប់រំ គឺជាវិស័យមួយមានអាទិភាពខ្ពស់ ដែលរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ ពិសេសក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ បានកំណត់គោលដៅជាយុទ្ធសាស្រ្ត គឺបន្តអនុវត្តផែនការយុទ្ធសាស្ត្រ ដោយផ្តោតលើការផ្ដល់ឱកាសដល់កុមារ និងយុវជនកម្ពុជាទាំងអស់ ក្នុងការទទួលការអប់រំមូលដ្ឋានទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធព្រមទាំងបន្ថយកចិត្តទុកដាក់លើការកែលម្អគុណភាពអប់រំ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការនៃការប្រទេសជាតិ។

បច្ចុប្បន្ននេះ នៅក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងឈ្លាស់វៃប្រកបដោយកិត្តិបណ្ឌិត នៃប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយនៅក្នុងបរិបទ នៃការឆ្លងរីករាលដាលជាសាកល នៃជំងឺកូវីដ១៩ សម្តេចបានខិតខំគ្រប់គ្រង ទប់ស្កាត់ ដោយបានស្វះស្វែងរកជំនួយ និងទិញវ៉ាក់សាំងការពារ មកចាក់ជូនកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ និងបានឈានទៅបើកប្រទេសជាតិឡើងវិញ។

ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ក៏បានសំណូមពរដល់សិស្សានុសិស្ស នៅទូទាំងស្រុកណ្តាលស្ទឹង ខិតខំសិក្សារៀនឲ្យក្លាយខ្លួនជាមនុស្សល្អ ជាទំពាំងស្នងឬស្សី ក្នុងការអភិវឌ្ឍជាតិ និងបានអំពាវនាវដល់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ស្រុកកណ្តាលស្ទឹង បន្តការចូលរួមថែរក្សាសុខសន្តិភាព និងការអនុវត្តវិធានការសុខភាបាល ៣កុំ និង៣ការពារ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ នៅក្នុងសង្គមជាតិកម្ពុជា។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ បាននាំអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភសិស្សានុសិស្ស ក្នុងនោះ សិស្សនិទ្ទេស A ចំនួន៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៤០ម៉ឺនរៀល បន្ថែមលើ ម៉ូតូ Zoomer-X ១គ្រឿង និងថវិកា៤០ម៉ឺនរៀល ដែលទទួលបានពី លោក ណុប រ័ត្ននិមល បានឧបត្ថម្ភកាលពីដើមខែកុម្ភៈកន្លងមកនេះ។

សម្រាប់សិស្ស និទ្ទេស B ចំនួន៣១នាក់ ក្នុងម្នាក់ៗទទួលបានប៊ិចសៀវភៅ និងថវិកា៤០ម៉ឺនរៀល។ សិស្សនិទ្ទេស C ចំនួន៨៣នាក់ ក្នុងម្នាក់ៗទទួលបាន ប៊ិចសៀវភៅ និងថវិកា ៣០ម៉ឺនរៀល។ សិស្ស និទ្ទេស D ១៦២នាក់ ទទួលបានប៊ិចសៀវភៅ និងថវិកា១២ម៉ឺនរៀល។ សិស្សនិទ្ទេស E ១៤៨នាក់ ម្នាក់ៗទទួលបានប៊ិនសៀវភៅ និងថវិកា ៦ម៉ឺនរៀល។ លោកគ្រូ អ្នកគ្រូ ៩៧នាក់ និងក្រុមប្រឹក្សាឃុំ១៨នាក់ ក្នុងម្នាក់ៗ ថវិកា១០ម៉ឺនរៀល ព្រមទាំងឧបត្ថម្ភសាលាស្រុកកណ្ដាលស្ទឹង ថវិកាចំនួន២លានរៀល ព្រមទាំងកងកម្លាំងមានសមត្ថកិច្ចផងដែរ៕