អភិបាលខេត្តត្បូងឃ្មុំ៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវអោយកុមារអាយុចាប់ពី ៣ឆ្នាំដល់ ៥ឆ្នាំ ចាក់វ៉ាក់សាំងដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី ប្រភេទអូមីក្រុង


(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងក្នុងពិធីបើកកិច្ចប្រជុំបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំឆ្នាំ២០២១ និងទិសដៅអនុវត្តឆ្នាំ២០២២ ដោយមានអ្នកចូលរួមចំនួន១២៥នាក់ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ យ៉ាងដូច្នេះថា៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឲ្យមានការចាក់វ៉ាក់សាំងសម្រាប់កុមារអាយុ ៣ឆ្នាំ ដល់ ៥ឆ្នាំ នៅក្នុងសារជាសម្លេងជូនជនរួមជាតិនៅព្រលប់ថ្ងៃទី ១៧ ខែ កុម្ភៈ ២០២២ថ្មីៗនេះ ការសម្រេចគឺធ្វើឡើងបន្ទាប់ពីបានរកឃើញថា កុមារអាយុចាប់ពី ៣ឆ្នាំ ដល់ ៥ឆ្នាំ មានប្រមាណ ២៥ភាគរយបានឆ្លងមេរោគបំប្លែងថ្មី អូមីក្រុង។

ដោយសង្កេតឃើញថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មីប្រភេទអូមីក្រុង ហាក់មានការកើន ឡើងគួរឱ្យព្រួយបារម្ភ ក្នុងនោះក៏មានការឆ្លងមកលើប្រជាពលរដ្ឋរបស់យើងដែលស្ថិតនៅក្នុងខេត្តត្បូងឃ្មុំរហូតដល់ពេលនេះសរុបគឺ៣២នាក់ដែលជាប្រភេទអូមីក្រុង ដូច្នេះភាពចាំបាច់ដើម្បីការពារកុមាររបស់យើងកុំឲ្យឆ្លងមេរោគកំប្លែងថ្មីៗអូមីក្រុងកូវីដ១៩នេះឯង។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បន្តថា យើងអត់មានជម្រើសណាល្អជាងការចាក់វ៉ាក់សាំងដូសមូលដ្ឋានជាដូសទីមួយ និងទីពីរសម្រាប់កុមារអាយុក្រោម ៥ឆ្នាំនោះទេ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានថ្លែងបញ្ជាក់បន្ថែមទៀតថា សូមអំពាវនាវចំពោះមាតាបិតា អាណាព្យាបាលឲ្យនាំកូនចៅរបស់ខ្លួនទៅទទួលវ៉ាក់សាំងដែលមានអាយុពី ៣ឆ្នាំដល់ ៥ឆ្នាំនៅតាមទីកន្លែងនានាដែលរៀបចំចាក់វ៉ាក់សាំងដោយផ្នែកសុខាភិបាលនិងអាជ្ញាធរមូលដ្ឋាន។ ជាមួយគ្នានេះឯកឧត្តមបណ្ឌិតបានស្នើឲ្យ មន្ទីរសុខាភិបាលផ្នែកពាក់ព័ន្ធនានាខិតខំសម្របសម្រួលដំណើរការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃឲ្យកុមារអាយុ ៣ឆ្នាំដល់ ៥ឆ្នាំនេះ ឲ្យបានឆាប់ និងធ្វើឱ្យមានសុវត្ថិភាពបំផុតសម្រាប់កុមាររបស់យើង ព្រោះបងៗរបស់គេបានទទួលវ៉ាក់សាំងរួចស្រេចទៅហើយគឺកុមារដែលមានអាយុចាប់ពី ៥ឆ្នាំឡើង។ ឥឡូវដល់ពេលដែលត្រូវចាក់សម្រាប់កុមារអាយុចាប់ពី ៣ឆ្នាំដល់ ៥ឆ្នាំ ដើម្បីបញ្ជៀសហានិភ័យដែលអាចកើតឡើងសម្រាប់កុមាររបស់យើងផងដែរ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះ ចំណាត់ការដ៏ស័ក្តិសិទ្ធិបំផុត និងប្រកបដោយភាពហ្មត់ចត់របស់ សម្តេចតេជោ ហ៊ុន សែន ដែលបានគ្រប់គ្រងដោយអត្រាអ្នកឆ្លងទាប ហើយមានករណីស្លាប់ទាបបើប្រៀបធៀបទៅនិងប្រជាជននៃប្រទេសសមាជិកអាស៊ាន ក៏ដូចពិភពលោកផងដែរ។ ការនេះបានជួយឱ្យកម្ពុជាឈានទៅបើកប្រទេសទ្បើងវិញលើគ្រប់វិស័យ ដែលជាការធានាបាននូវតុល្យភាពនៃសុខភាព សុខមាលភាពប្រជាពលរដ្ឋ និងដំណើរការជាប្រក្រតីនៃចរន្តសេដ្ឋកិច្ចរបស់ប្រទេសជាតិទាំងមូល។ យ៉ាងណាក៏ដោយស្នើសុំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបន្តការផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋឱ្យបន្តចូល រួមប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈការអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និង ប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការ ការពារ គឺ “៣ការពារ និង៣កុំ” ដែលជាយ័ន្តដ៏ស័ក្ដិសិទ្ធ និងបន្តយកចិត្តទុដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅមណ្ឌលព្យាបាល និង នៅផ្ទះ ក៏ដូចជាវិធានការសុវត្ថិភាពផ្នែកសុខាភិបាលផ្សេងទៀតឱ្យបានខ្ជាប់ខ្ជួន ជាពិសេសការចូលរួមទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទី៣ និងទី៤ ឱ្យបានគ្រប់ៗគ្នាសំដៅទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់នៃការឆ្លងរាលដាលនៃមេរោគបំប្លែងថ្មីៗ៕