ក្រសួងការងាររៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០២១, រដ្ឋមន្ត្រីជំរុញឱ្យយកចិត្តទុកដាក់បន្ថែមពីមូលហេតុនៃការខ្វះកម្លាំងពលកម្ម


(ភ្នំពេញ)៖ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ ក្នុងគោលបំណងដើម្បីពិនិត្យមើលអំពីវឌ្ឍនភាពការងារប្រចាំឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩-២០២៣។

សន្និបាតនេះផ្តោតលើយុទ្ធសាស្រ្តអាទិភាពទាំង៥ និងបញ្ហាប្រឈមមួយចំនួន ដើម្បីដាក់ចេញនូវទិសដៅអាទិភាពសម្រាប់អនុវត្តការងារបន្តនៅឆ្នាំ២០២២ សំដៅបង្កើនប្រសិទ្ធភាពការងារឱ្យស្របទៅនឹងកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ ព្រមទាំងខិតខំសម្រេចឱ្យបានជាលទ្ធផលផ្លែផ្កានូវរាល់ផែនការយុទ្ធសាស្រ្ត និងគោលនយោបាយនានា ដែលបានដាក់ចេញ ជាពិសេសគោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ និងគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ ព្រមទាំងដាក់ចេញនូវវិធានការថ្មីៗក្នុងឆ្លើយតបឱ្យទាន់ពេលវេលាក្នុងដំណាក់កាលនៃវិបត្តិកូវីដ-១៩។

ឯកឧត្តម អ៊ិត សំហេង បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានខិតខំយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩-២០២៣ រយៈពេល១ឆ្នាំនេះប្រកបដោយជោគជ័យ ស្របតាមផែនការគួរជាទីមោទនៈ ជាពិសេសការចូលរួមអនុវត្តវិធានការប្រកបដោយប្រសិទ្ធភាពខ្ពស់ របស់រាជរដ្ឋាភិបាលក្នុងការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ រួមទាំងការចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងជូនកម្មករនិយោជិត ទាំងក្នុងក្របខណ្ឌអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង និងក្រោមឆត្រកងទ័ព។

ជាមួយគ្នានេះក៏បានចូលរួមជំរុញការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ជាពិសេសការខិតខំអនុវត្តកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាលទាំង១០ជុំ ដែលបានដាក់ចេញសំដៅដោះស្រាយផលប៉ះពាល់ក្នុងការធានាបាននូវប្រក្រតីភាពនៃអាជីវកម្ម ពាណិជ្ជកម្ម ផលិតកម្ម វិនិយោគ ការងារ និងមុខរបរ ប្រាក់ចំណូល និងជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ដោយផ្តោតទៅលើមុខព្រួញចំនួន ៤គឺ៖ ១-ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីទប់ទល់ការឆ្លង និងការការពារអាយុជីវិតរបស់ប្រជាជន, ២-ការរក្សាលំនឹងជីវភាពប្រជាជន ពិសេសសម្រាប់ប្រជាជនក្រីក្រ និងក្រុមជនងាយរងគ្រោះ ព្រមទាំងអ្នកបាត់បង់ការងារធ្វើ ដើម្បីធ្វើឱ្យពួកគេអាចមានលទ្ធភាពវិលទៅរកជីវភាពធម្មតាវិញនៅពេលផុតពីជំងឺនេះ, ៣-ការខិតខំជួយឱ្យអស់លទ្ធភាព ដើម្បីធ្វើឱ្យធុរកិច្ច និងអាជីវកម្មអាចរស់បាន និងរក្សាការងារ ពិសេសរក្សា និងជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងការត្រៀមខ្លួនក្រោយពេលដែលជំងឺ ជំងឺកូវីដ១៩ ស្រាកស្រាន្ត ដើម្បីជ្រោងសេដ្ឋកិច្ចឱ្យរស់ឡើងវិញបានឆាប់រហ័ស, និង៤-ការរក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងស្ថេរភាពសង្គម។ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានបែងចែកសមរភូមិប្រយុទ្ធជាបីមុខព្រួញ គឺ ទី១-ការប្រយុទ្ធនឹងការឆ្លងចូលពីខាងក្រៅ, ទី២-ការប្រយុទ្ធទប់ស្កាត់មិនឱ្យឆ្លងពីអ្នកមានជំងឺទៅអ្នកមិនមានជំងឺ, និងទី៣-ការបន្តចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នាទូទាំងប្រទេស។

ឯកឧត្តមក៏បានស្នើដល់អង្គសន្និបាតទាំងមូលបន្តយកចិត្តទុកដាក់បន្ថែមទៀតអំពីមូលហេតុនៃការខ្វះកម្លាំងពលកម្ម ដើម្បីដាក់ចេញនូវទិសដៅឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីឆ្លើយតបឲ្យបានទៅនឹងតម្រូវការកម្លាំងពលកម្មនេះ សម្រាប់ផ្គត់ផ្គង់ដល់ក្រុមហ៊ុន រោងចក្រ សហគ្រាសនៅក្នុងស្រុកឲ្យបានទាន់ពេលវេលា។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីក៏បានជំរុញដល់អង្គសន្និបាតទាំងមូលត្រូវលើបញ្ហាប្រឈមនានា និងកិច្ចការងារមួយចំនួន ដែលមិនទាន់សម្រេចបាននាឆ្នាំកន្លងមកនេះ មកពិភាក្សាឱ្យបានផុលផុស និងដាក់ចេញនូវដំណោះស្រាយសមស្របនានា សម្រាប់ធ្វើជាទិសដៅក្នុងការអនុវត្តបន្ត សំដៅធ្វើឱ្យប្រសើរឡើងនូវឱកាសការងារ និងការផ្តល់មុខជំនាញវិជ្ជាជីវៈ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការស្តារឡើងវិញនូវសេដ្ឋកិច្ចជាតិពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ សំដៅចូលរួមស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី៕