ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត


(ភ្នំពេញ)៖ កំណាត់ផ្លូវជាតិលេខ៣ភ្នំពេញ-កំពត ប្រវែងជាង ១៣៤គីឡូម៉ែត្រ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នេះ។ ពិធីដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលដ៏មានសារៈប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជានេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា។

នៅក្នុងឱកាសសម្ពោធសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណ១ម៉ោង៣០នាទី ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វត្តមានកំណាត់ផ្លូវជាតិលេខ៣ គឺជាសមិទ្ធផលថ្មីមួយទៀត បង្ហាញឱ្យឃើញនូវកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រោងជ្រោយ និងជោគវាសនារួមគ្នា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅសប្តាហ៍ក្រោយសម្តេច និងលោក វ៉ាង វិនធៀន នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ខេត្តត្បូងឃ្មុំ ដែលជាសមិទ្ធផលដ៏ធំនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កំណាត់ផ្លូវជាតិលេខ៣ ត្រូវបានកូរ៉េខាងត្បូង ជួយសាងសង់រួចម្តងមកហើយ។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កាលពីពេលនោះសម្តេចបានប្រាប់អតីតប្រធានាធិបតីកូរ៉េខាងត្បូងថា កំណាត់ផ្លូវជាតិលេខ៣ សំខាន់ណាស់ ព្រោះជាផ្លូវតភ្ជាប់ទៅកាន់ខេត្តផលិតអំបិល តែមួយគត់របស់កម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដោយសារកំណើនចរាចរណ៍កើកំណាត់ផ្លូវជាតិលេខ៣ មានការកើនឡើងខ្លាំង ទើបសម្តេចសម្រេចស្នើចិនជួយសាងសង់ជាថ្មី។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កំណាត់ផ្លូវជាតិលេខ៣ អាចរាប់ជាប្រភេទផ្លូវល្បឿនលឿន ព្រោះមានទទឹងផ្លូវធំ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរចំពោះការរៀបចំសួន និងដាំផ្កាចំទ្រូងផ្លូវ ព្រោះលើកសោភ័ណភាព និងភាពបៃតងលើដងផ្លូវ។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងរំពឹងថា ប្រជាពលរដ្ឋនឹងមិនយកសួនទ្រូងផ្លូវធ្វើជាកន្លែងបន្ទោបង់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា ក្នុងដំណាក់កាលសាងសង់កំណាត់ផ្លូវជាតិលេខ៣ បានផ្តល់ផលប៉ះពាល់ជាខ្លាំងដល់ប្រជាពលរដ្ឋនៅសងខាងផ្លូវ តែក្រោយសាងសង់រួចប្រជាពលរដ្ឋនៅសងខាងផ្លូវនេះ ជាអ្នកទទួលបានប្រយោជន៍មុនគេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា មានម្ចាស់ផ្សារមួយកន្លែងនៅជាប់ផ្លូវជាតិលេខ៣ ធ្លាប់ជំទាស់ការធ្វើស្ពានធ្វើដំណើរឆ្លងកាត់ផ្លូវ, សម្តេចថ្លែងថា ត្រូវតែធ្វើ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គួរពិនិត្យពីការកំណត់ឱ្យបន្ថែមល្បឿនដល់១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង នៅតាមផ្លូវដែលមានទំហំធំៗ។

* សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរពីរៀបចំដាក់កាមេរាចាប់ល្បឿនលើកំណាត់ផ្លូវជាតិលេខ៣ ដែលជាការធ្វើទំនើបកម្មមួយនៃការសាងសង់ផ្លូវ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់ផ្លូវនៅកម្ពុជា បានផ្លាស់ប្តូរហើយ។ ពីមុនសាងសង់ផ្លូវគិតធ្វើឱ្យបានវែង តែឥឡូវគិតពីការធ្វើឱ្យបានរឹងមាំ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរក្រុមហ៊ុនចិន ដែលតែងតែធ្វើលឿនជាងផែនការក្នុងគម្រោង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កំណាត់ផ្លូវជាតិលេខ៣ ចំណាយថវិកាជាង ២៥២លានដុល្លារ។ ក្នុងនោះប្រមាណ ៤០លានដុល្លារ ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋនឹងទទួលបានប្រយោជន៍ពីកំណាត់ផ្លូវជាតិលេខ៣នេះ ស្របពេលកម្ពុជាពង្រីកការវិនិយោគភាគនិរតីប្រទេស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កំណាត់ផ្លូវជាតិលេខ៣ កំពត-វាលរិញ ត្រូវដាក់ក្នុងលក្ខខណ្ឌសាងសង់ពិសេស។ សម្តេចតេជោ រំពឹងថា រដ្ឋាភិបាលចិន នឹងជួយសាងសង់កំណាត់ផ្លូវនេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ និងដឹងគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែផ្តល់ថវិកាសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ពេលនេះ ចិនផ្តល់ថវិកា សាងសង់ ផ្លូវរួចរាល់២៩ខ្សែ ប្រវែងជាង ៣ពាន់គីឡូម៉ែត្រ, ផ្លូវកំពុងសាងសង់ចំនួន ៣ខ្សែ ប្រវែង ៣៦៩គីឡូម៉ែត្រ។ ស្ពានសាងសង់រួចរាល់ចំនួន ៩ស្ពាន ប្រវែង ៨,៥៦៥ម៉ែត្រ, ស្ពានកំពុងសាងសង់ មានចំនួន១ គឺស្ពានឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់ផ្លូវក្រវាត់ក្រុងទី៣ ៩៩៦ម៉ែត្រ តម្លៃ ៥៦លានដុល្លារ។ ថវិកាដែលរដ្ឋាភិបាលចិនផ្តល់សម្រាប់សាងសង់ផ្លូវ និងស្ពានមានចំនួនជិត ៣ពាន់លានដុល្លារអាមេរិក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចទើបបញ្ចេញថវិកាជាតិ ៥លានដុល្លារបន្ថែមទៀត សម្រាប់ដោះស្រាយផលប៉ះពាល់លើការសាងសង់ផ្លូវក្រវាត់ក្រុងទី៣។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចិត្តធម៌របស់អាជ្ញាធរឱ្យពលរដ្ឋរស់នៅតាមចិញ្ចើមផ្លូវ ទីបំផុតរាជរដ្ឋាភិបាលត្រូវផ្តល់ប៉ះពាល់ជូនពួកគាត់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋរឹងរូសសម្រាប់ផលប៉ះពាល់លើគម្រោងសាងសង់ផ្លូវជាតិ នឹងត្រូវអនុវត្តន៍ច្បាប់អស្សាមិករណ៍។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋកុំដឹកលើសទម្ងន់កំណត់ ហើយកុំឱ្យបើកបរលើសល្បឿនកំណត់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីតែសប្បាយ ហើយបង្កគ្រោះថ្នាក់ដល់ជីវិតដោយសារការបើកបរ មិនគួរគប្បីនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់វ៉ាក់សាំង ដែលបានធ្វើឱ្យសម្តេចគេចផុតពីការឆ្លងជំងឺកូវីដ១៩ ទោះបីប៉ះពាល់ផ្ទាល់ជាមួយអ្នកកើតជំងឺកូវីដ១៩។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយអនុវត្តន៍វិធាន «៣ការពារ និង៣កុំ» ហើយចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូសតាមការផែនការដាក់ចេញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វ៉ាក់សាំងនៅឃ្លាំងមានជាង ៧លានដូស ហើយនៅឆមាសទី១ឆ្នាំនេះ នឹងខិតខំនាំចូលវ៉ាក់សាំង ឱ្យបាន ៨លានដូសទៀត ដើម្បីធានាដល់ការចាក់ជូនប្រជាពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រធានអាស៊ានឆ្នាំ២០២២ មិនមែនជារឿងសាមញ្ញនោះឡើយ។ បញ្ហាបានកើតឡើងជាបន្តបន្ទាប់ ក្រៅពីបញ្ហាសមុទ្រចិនខាងត្បូង មីយ៉ាន់ម៉ា នៅពេលនេះមានបញ្ហាសង្គ្រាមរុស្ស៉ី-អ៊ុយក្រែនបន្ថែមទៀត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនគាំទ្រដល់ការធ្វើសកម្មភាពបំបែករដ្ឋ ហើយក៏មិនគាំទ្រការយកសង្គ្រាម ដើម្បីបញ្ចប់សង្គ្រាមនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន នៅពេលនេះបានក្លាយជាសង្គ្រាមរវាងរុស្ស៉ី និងអឺរ៉ុបហើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន នឹងអូសបន្លាយកាន់តែយូរ បើរុស្ស៉ី រក្សាទាហានទុកនៅអ៊ុយក្រែន។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចនៅតែជឿថារុស្ស៉ី និងអ៊ុយក្រែន មិនទាន់អស់ឱកាសក្នុងការចរចាគ្នានោះឡើយ។ សម្តេចលើកទឹកចិត្តឱ្យមានការចរចាគ្នា។

* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា អ្វីដែលសម្តេចថ្លែងពាក់ព័ន្ធសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន គឺក្នុងនាមទស្សនៈផ្ទាល់ខ្លួនរបស់សម្តេច មិនមែនក្នុងនាមអាស៊ានឡើយ

* សម្តេតេជោ ហ៊ុន សែន បានថ្លែងថា រុស្ស៉ី និងអ៊ុយក្រែន នឹងយោគយល់ចំពោះគោលជំហររបស់កម្ពុជា ហើយនឹងគ្មានការចាប់បង្ខំកម្ពុជា ឱ្យជ្រើសយកភាគីនេះ ឬភាគីនោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន ក្លាយទៅជាការដាក់បន្ទុកបន្ថែមសម្រាប់សេដ្ឋកិច្ចពិភពលោក ខណៈកំពុងញ៉ាំញីដោយជំងឺកូវីដ១៩។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សេដ្ឋកិច្ចកម្ពុជាកំពុងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ហើយអាចប៉ះពាល់បន្ថែមទៀត ដោយសារសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងពីការមើលឃើញរបស់សម្តេចថា ប្រសិនបើសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន ឈានដល់ការប្រើនុយក្លេអ៊ែរ នោះអឺរ៉ុប រុស្ស៉ី និងអាមេរិកផង អាចនឹងខ្ទេចខ្ទី។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទឹកដីកម្ពុជាក្រោម បានបាត់បង់មុនកំណើតឪពុករបស់សម្តេចទៀត ហើយផែនកទីអន្តរជាតិបានកំណត់អស់ទៅហើយ។ ដូច្នេះនរណាចង់ទៅវាយយកក៏ទៅវាយទៅ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទឹកដីកម្ពុជាក្រោម បានបាត់បង់មុនកំណើតឪពុករបស់សម្តេចទៀត ហើយផែនកទីអន្តរជាតិបានកំណត់អស់ទៅហើយ។ ដូច្នេះនរណាចង់ទៅវាយយកក៏ទៅវាយទៅ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចជាអ្នកនយោបាយជើងយូរ ហើយបានដឹកនាំប្រទេសមិនត្រឹមតែក្នុងដំណាក់កាលសន្តិភាពទេ។ ប៉ុន្តែបានដឹកនាំប្រទេសពីដំណាក់កាលសង្គ្រាម មកកាន់ដំណាក់កាលសន្តិភាព។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាព គឺនយោបាយអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើធានាសន្តិភាពមិនបានទេ កុំនិយាយដល់ការអភិវឌ្ឍ សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចអាចរកសន្តិភាពដោយការបញ្ចប់ភ្លើងសង្គ្រាម តែមិនអាចរកសន្តិភាពផ្លូវចិត្តចំពោះអ្នកមានពិរុទ្ធភាពនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការផ្តល់សព្វាវុធទៅកាន់អ៊ុយក្រែន នឹងធ្វើឱ្យសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន ផ្ទុះកាន់តែខ្លាំង។

* សម្តេចតេជោ ហ៊ុន សែន សុំការយោគយល់ពីប្រជាពលរដ្ឋចំពោះការឡើងថ្លៃប្រេង។ ការឡើងនេះគឺមិនមែនតែកម្ពុជានោះទេ គឺឡើងនៅទូទាំងពិភពលោក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនគាំទ្រការផ្តាច់ខ្លួនរបស់ហុងកុង តៃវ៉ាន់ ទីបេ និងជឺចាំង ពីប្រទេសចិននោះឡើយ។