នាយករដ្ឋមន្ត្រីកម្ពុជា មិនគាំទ្រការយកសង្គ្រាម ដើម្បីបញ្ចប់សង្គ្រាម និងមិនគាំទ្រដល់ការធ្វើសកម្មភាពបំបែករដ្ឋ


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាថ្មីម្តងទៀត បានប្រកាសមិនគាំទ្រការយកសង្គ្រាម ដើម្បីបញ្ចប់សង្គ្រាម និងមិនគាំទ្រដល់ការធ្វើសកម្មភាពបំបែករដ្ឋឡើយ។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានប្រកាសមិនគាំទ្រការផ្តាច់ខ្លួនរបស់ទីក្រុងហុងកុង កោះតៃវ៉ាន់ តំបន់ទីបេ និងតំបន់ស៉ីនជាំង ពីប្រទេសចិនផងដែរ។

ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំបានប្រាប់នាយករដ្ឋមន្ត្រីម៉ាឡេស៉ីយ៉ាងច្បាស់ថា កម្ពុជាមិនលើកទឹកចិត្តឲ្យមានការបំបែករដ្ឋទេ។ ករណីដូចជា កូសូវ៉ូ កម្ពុជាអត់ទទួលស្គាល់ទេ។ ខ្ញុំនៅតែប្រកាន់យកទស្សនាទាន គឺគេមិនអាចយកសង្គ្រាម ដើម្បីបញ្ចប់សង្គ្រាមបានទេ។ គោលជំហររបស់យើងតាំងពីដើមរហូតដល់ចប់ គឺមិនគាំទ្រការប្រើប្រាស់កម្លាំង ឬការគំរាមកំហែង ប្រើប្រាស់កម្លាំង ពីភាគីមួយប្រឆាំងនឹងភាគីមួយទៀត»

ការណ៍ដែលមិនចង់ឃើញទឹកដីនៃប្រទេសណាមួយ កាត់ចេញពីប្រទេសនោះ ជាគោលជំហរផ្លូវការរបស់កម្ពជា។ ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឧទារណ៍ថា បើសិនជាថ្ងៃណាមួយ គេប្រើកម្លាំងដើម្បីកាត់ខេត្តណាមួយចេញពីកម្ពុជា ក៏កម្ពុជាមិនព្រមនោះដែរ។

ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន មើលឃើញថា សង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន នៅពេលនេះបានក្លាយជាសង្គ្រាមរវាងរុស្ស៉ី និងអឺរ៉ុបហើយ។ សង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន នឹងអូសបន្លាយកាន់តែយូរ បើរុស្ស៉ីរក្សាទាហានទុកនៅអ៊ុយក្រែន។

សម្តេចតេជោ ហ៊ុន សែន យល់ថា ប្រសិនបើសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន ឈានដល់ការប្រើនុយក្លេអ៊ែរ នោះអឺរ៉ុប រុស្ស៉ី និងអាម៉េរិកផង អាចនឹងខ្ទេចខ្ទី។

សម្តេចតេជោ ហ៊ុន សែន បានឲ្យតម្លៃខ្លាំងទៅលើសន្តិភាព។ សម្តេចតេជោ បញ្ជាក់ថា សម្តេចជាអ្នកនយោបាយជើងយូរ ហើយបានដឹកនាំប្រទេសមិនត្រឹមតែក្នុងដំណាក់កាលសន្តិភាពទេ ប៉ុន្តែបានដឹកនាំប្រទេសពីដំណាក់កាលសង្គ្រាម មកកាន់ដំណាក់កាលសន្តិភាពទៀតផង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាព គឺនយោបាយអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន។ បើធានាសន្តិភាពមិនបានទេ កុំនិយាយដល់ការអភិវឌ្ឍ សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ៕