សម្តេចក្រឡាហោម ស ខេង ចេញសារលិខិតអបអរសាទរខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២


(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នេះ បានចេញសារលិខិតអបអរសាទរ ខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ ផ្ញើជូនថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល នគរបាលជាតិ មន្ត្រីពន្ធនាគារ ព្រមទាំងមន្ត្រីរាជការជានារីថ្នាក់ក្រោមជាតិ នៃក្រសួងមហាផ្ទៃ។

សារលិខិតនេះ សម្តេចក្រឡាហោម ស ខេង ចូលរួមអបអរសាទរ និងសម្តែងមនោសញ្ចេតនាសប្បាយរីករាយក្នុងទិវាដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅ ដើម្បីជាការរំលឹក និងចងចាំចំពោះការតស៊ូ និងការខិតខំប្រឹងប្រែងរបស់ស្ត្រីទូទាំងសកលលោក ទាមទារការទទួលស្គាល់ជាសកលនូវគុណតម្លៃ និងសិទ្ធិសេរីភាព ដែលត្រូវបានរំលោភបំពានក្នុងអតីតកាល។

សម្តេចបានបញ្ជាក់ថា៖ «ក្នុងនាមក្រសួងមហាផ្ទៃ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏មានសារៈសំខាន់របស់នារី ដែលមិនត្រឹមតែបានបំពេញនូវតួនាទីជាអ្នកគ្រប់គ្រងក្រុមគ្រួសារ ក្នុងនាមជាមាតា ក្នុងនាម ជាភរិយា ជាកូនស្រី ជាបងស្រី ជាប្អូនស្រី សម្រេចបាននូវបរិយាកាស និងភាពកក់ក្តៅក្នុងក្រុមគ្រួសារ និងក្នុងសង្គមជាតិយ៉ាងល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង បានដើរតួនាទីយ៉ាងសកម្មចូលរួមក្នុងការងារដឹកនាំ ការគ្រប់គ្រង និងការអនុវត្តភារកិច្ចយ៉ាងសកម្មនៅក្នុងស្ថាប័ន តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ សម្រេចបាននូវស្នាដៃជាច្រើនរួមចំណែកក្នុងបេសកកម្មថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋាន»

សម្តេចបានបន្តថា ទន្ទឹមនេះ នៅគ្រប់កាលៈទេសៈ ជាពិសេសក្នុងស្ថានភាពដែលប្រទេសជាតិយើង កំពុងរងការលំបាក និងតស៊ូជម្នះនូវបញ្ហាប្រឈមបង្កឡើងដោយវិបត្តិនៃជំងឺកូវីដ-១៩ នារីរបស់យើងគ្រប់រូប បានដើរតួនាទីជាកម្លាំងស្នូល ប្រកបដោយភាពស្វាហាប់ អង់អាច តស៊ូពុះពារ និងអំណត់ព្យាយាមបំពេញភារកិច្ចយ៉ាងសកម្មនៅគ្រប់មុខសញ្ញា រាប់ទាំងនៅលើដងផ្លូវសាធារណៈ នៅក្នុងអង្គភាពប្រតិបត្តិការ និងនៅក្នុងសហគមន៍ ដើម្បីចុះសាកសួរសុខទុក្ខ គាំទ្រ និងផ្គត់ផ្គង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ទោះបីជាត្រូវប្រឈមមុខនឹងហានិភ័យនៃជំងឺរាតត្បាតជាសកលនេះក៏ដោយ។

សម្តេចបានបន្តទៀតថា ជាមួយគ្នានេះដែរ ស្ថិតក្នុងស្ថានភាពបែបនេះ ថ្នាក់ដឹកនាំ និងមន្ត្រីជានារី ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គ្រប់លំដាប់ថ្នាក់ បាននិងកំពុងចូលរួមកាន់តែសកម្មក្នុង ការងារការពារ និងបង្ការទប់ស្កាត់ ប្រឆាំងជំងឺកូវីដ-១៩ តាមគ្រប់មធ្យោបាយ និងគ្រប់លទ្ធភាព ដើម្បីអប់រំ និងផ្សព្វផ្សាយនូវវិធានការសុខាភិបាល ៣កុំ ៣ការពារ ព្រមទាំងផ្តល់ការគាំទ្រជាជំនួយមនុស្សធម៌ សម្ភារៈ ថ្នាំសង្កូវ គ្រឿងឧបភោគបរិភោគ ជូនប្រជាពលរដ្ឋ នៅតាមគោលដៅងាយរងគ្រោះ ដោយមិនរើសអើង។

សម្តេចក្រឡាហោម ស ខេង បានប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល បវរមហាប្រសើរ និងវិបុលសុខគ្រប់ប្រការ ជូនចំពោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល នគរបាលជាតិ មន្ត្រីពន្ធនាគារ ព្រមទាំងមន្ត្រីរាជការជានារីថ្នាក់ក្រោមជាតិ នៃក្រសួងមហាផ្ទៃ សូមបានប្រកបពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈសុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ខាងក្រោមនេះជាសាលិខិតរបស់សម្តេចក្រឡាហោម ស ខេង៖