លោកជំទាវបណ្ឌិត ម៉ែន សំអន៖ យុវជនជាទំពាំងស្នងឫស្សី និងជាអ្នកបន្តវេនទទួលខុសត្រូវ ថែរក្សាការពារសម្បត្តិវប្បធម៌ជាតិឱ្យបានគង់វង្សជានិច្ចនិរន្តរ៍


(ភ្នំពេញ)៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានស្នើឱ្យប្រជាពលរដ្ឋគ្រប់រូប ជាពិសេសយុវជន ត្រូវមានមនសិការស្នេហាជាតិ និងស្មារតីស្រឡាញ់សិល្បៈវប្បធម៌ជាតិ ត្រូវរក្សាឱ្យជាប់ ក្នុងស្មារតី និងសកម្មភាពរបស់ខ្លួន ដែលជាទំពាំងស្នងឫស្សី និងជាអ្នកបន្តវេនទទួលខុសត្រូវ ថែរក្សាការពារសម្បត្តិវប្បធម៌ជាតិទាំងនេះ ឱ្យបានគង់វង្សជានិច្ចនិរន្តរ៍។

ការស្នើបែបនេះ របស់លោកជំទាវបណ្ឌិត ម៉ែន សំអន បានធ្វើឡើងនៅក្នុងឱកាសដែលលោកជំទាវបានអញ្ជើញជាអធិបតី តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ លើកទី២៤ ឆ្នាំ២០២២ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ នៅសាលសន្និសីទចតុម្មុខ។

លោកជំទាវបណ្ឌិត ម៉ែន សំអន បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ជាប់ជានិច្ច ចំពោះការងារវប្បធម៌ដែលជាដួងព្រលឹង ជាអត្តសញ្ញាណ ជាកិត្យានុភាព និងជាមោទនភាពរបស់ជាតិ។ ទោះបីរងការរំខានពីការរីករាលដាលឆ្លងនៃជំងឺកូវីដ១៩ ជាបន្តបន្ទាប់យ៉ាងណាក្ដី រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យវប្បធម៌ ដោយក្នុងនោះទិវាវប្បធម៌ជាតិមិន ដែលត្រូវបានអាក់ខាន ក្នុងការរៀបចំម្ដងណាឡើយ ហើយរាជរដ្ឋាភិបាល ក៏បានសារាចរ ណែនាំ ស្តីពី ការរៀបចំទិវាវប្បធម៌ជាតិ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ផងដែរ។

នាឱកាសនោះដែរ លោកជំទាវបណ្ឌិត ម៉ែន សំអន បានផ្តល់អនុសាសន៍មួយចំនួនរួមមាន៖

ទី១៖ ពាក់ព័ន្ធនឹងធនធានសម្រាប់បំពេញការងារ ពិសេសថវិការដ្ឋ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឱ្យគ្រប់ក្រសួងស្ថាប័នទាំងអស់ ត្រូវប្រើប្រាស់ធនធានប្រកបដោយភាពសន្សំសំចៃខ្ពស់ ដោយក្នុងនោះត្រូវពង្រឹងការអនុវត្តចំណាយតែលើការងារណាដែលចាំបាច់។

ក្នុងស្មារតីនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈត្រូវប្រើប្រាស់ធនធានដែលមានស្រាប់ ពិសេសធនធានដែលអាចជួសជុល និងទាញយកមកប្រើឡើងវិញបាន ព្រមទាំងការកៀរគរធនធានពីដៃគូរនានា ដូចជាមន្ត្រីចូលនិវត្តន៍ អង្គការ សមាគម អាចារ្យ ចាស់ព្រឹទ្ធាចារ្យ ព្រះសង្ឃ សិស្ស-និស្សិតស្ម័គ្រចិត្ត និងប្រជាជននៅមូលដ្ឋាន តាមរយៈការផ្តល់ការលើកទឹកចិត្ត ទៅតាមលទ្ធភាពជាក់ស្ដែង។ ទន្ទឹមគ្នានេះដែរ មន្ត្រីទាំងអស់ ត្រូវខិតខំពង្រឹងសមត្ថភាពរបស់មន្ត្រីរបស់ខ្លួន និងត្រូវស្វែងយល់អំពីកម្មវិធីកំណែទម្រង់ទាំងអស់ របស់រាជរដ្ឋាភិបាល ដើម្បីងាយស្រួលអនុវត្តការងារឱ្យទាន់សភាពការនិងមានប្រសិទ្ធភាព ព្រមទាំងត្រូវធ្វើអាទិភាពការងារណា ដែលត្រូវបំពេញមុន និងអ្វីដែលត្រូវធ្វើជាបន្តបន្ទាប់ ដោយសារយើងមានធនធានតិច ប៉ុន្តែទំហំការងារមានច្រើន។

ទី២៖ ការអភិរក្ស និងការអភិវឌ្ឍវប្បធម៌ជាតិ អាចប្រកបដោយចីរភាពទៅបាន គឺអាស្រ័យដោយមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប ពិសេសប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលមានមរតកវប្បធម៌ស្ថិតនៅ។

ក្នុងន័យនេះ លោកស្រីក៏ស្នើសុំអាជ្ញាធរក៏ដូចជាប្រជាពលរដ្ឋនៅមូលដ្ឋានទាំងអស់ ត្រូវចូលរួមទប់ស្កាត់ និងបង្ក្រាបឱ្យបានភ្លាមៗនូវរាល់បទល្មើសបំផ្លាញសំណង់បុរាណ និងបុរាណដ្ឋានដែលកំពុងកើតឡើងស្ទើររាល់ថ្ងៃនៅទូទាំងប្រទេស។ ការថែរក្សាការពារតឹកតាងប្រវត្តិសាស្ត្រ និងវប្បធម៌អាចទទួលបានជោគជ័យ និងមាននិរន្តរភាពទៅបាន គឺតម្រូវឱ្យមានការចូលរួមគាំទ្រ និងជ្រោមជ្រែងពីគ្រប់មជ្ឈដ្ឋានទាំងអស់ពិសេសអាជ្ញាធរ ដែនដីនិងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បេតិកភណ្ឌ។

ជាមួយគ្នានេះដែរ ទោះបីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើការផ្សព្វផ្សាយច្រើនអំពីសារៈសំខាន់នៃវប្បធម៌ និងគោលការណ៍ច្បាប់ពាក់ព័ន្ធបទល្មើសបុរាណដ្ឋានយ៉ាងណាក្ដី លោកស្រីបណ្ឌិត ម៉ែន សំអន បានគូសបញ្ជាក់ថា ក៏សូមស្នើក្រសួងធ្វើការងារនេះបន្តទៀត ឱ្យបានជាប់លាប់ដូចភ្លៀងរលឹម ពិសេសក្នុងចំណោមព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ យុវជន និងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បេតិកភណ្ឌវប្បធម៌ ព្រមទាំងត្រូវរៀបចំឱ្យមានផែនទីហានិភ័យ នៃសំណង់បុរាណទាំងអស់ ដើម្បីងាយស្រួលគ្រប់គ្រង និងធ្វើអន្តរាគមន៍ឱ្យបានទាន់ពេល និងមានប្រសិទ្ធភាពខ្ពស់លើសំណង់បុរាណដែលមានភាពទ្រុឌទ្រោមខ្លាំង ហើយក្រសួងត្រូវដោះស្រាយបញ្ហាឱ្យអស់លទ្ធភាព និងគ្រប់មធ្យោបាយដែលមាន ដោយប្រើប្រាស់គ្រប់វិធានការទាំងអស់ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសតាមបុរាណដ្ឋានរួមទាំងវិធានការផ្លូវច្បាប់ផងដែរ៕