រដ្ឋមន្ត្រីក្រសួងវប្បធម៌ អំពាវនាវយុវជនចៀសវាងភាពភ្លើតភ្លើនភ្លេចខ្លួន ឈានដល់ការបំផ្លាញវប្បធម៌ជាតិ


(ភ្នំពេញ)៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវដល់យុវជនកម្ពុជា ត្រូវរួមចំណែកយ៉ាងសកម្មក្នុងការអភិរក្ស និងលើកស្ទួយតម្លៃវប្បធម៌និងសិល្បៈជាតិ ចៀសវាងនូវភាពភ្លើតភ្លើនភ្លេចខ្លួន និងឈានដល់ការបំផ្លាញវប្បធម៌ជាតិ ដោយខ្លួនឯងផ្ទាល់។

លោកជំទាវរដ្ឋមន្ត្រីបានអំពាវនាវបែបនេះ ក្នុងទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៤ ឆ្នាំ២០២២ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅសាលសន្និសីទចតុម្មុខ ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងថា កម្លាំងយុវជន គឺជាសក្តានុពលធនធានមនុស្សដ៏សំខាន់មិនអាចខ្វះបាន នៅក្នុងការរួមចំណែកអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ ហើយក៏ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គមជាតិផងដែរ។ ក្នុងបរិបទនៃការរីកចម្រើនបែបឌីជីថលជាសាកល នៅក្នុងសតវត្សរ៍ទី២១នេះ យុវជនកម្ពុជាមិនត្រឹមតែត្រូវមានការអប់រំ ការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និងចំណេះដឹងផ្នែកបច្ចេកវិទ្យាប្រកប ដោយគុណភាព និងសមធម៌ប៉ុណ្ណោះនោះទេ ប៉ុន្តែក៏ត្រូវចូលរួមយ៉ាងពេញលេញ ក្នុងសកម្មភាពសិល្បៈវប្បធម៌ ទាំងក្នុងទិដ្ឋភាពសង្គម និងទិដ្ឋភាពសេដ្ឋកិច្ចផងដែរ។

លោកជំទាវបញ្ជាក់បន្តដោយអំពាវនាវថា «សម្រាប់ទិដ្ឋភាពសង្គម យុវជនកម្ពុជាត្រូវទទួលបាននូវការលើកទឹកចិត្តនិងការបណ្តុះស្មារតីស្រឡាញ់ជាតិ និងស្រឡាញ់វប្បធម៌ ដោយត្រូវរួមចំណែកយ៉ាងសកម្ម ក្នុងការអភិរក្ស និងលើកស្ទួយតម្លៃវប្បធម៌និងសិល្បៈជាតិ ចៀសវាងនូវភាពភ្លើតភ្លើនភ្លេចខ្លួន និងឈានដល់ការបំផ្លាញវប្បធម៌ជាតិដោយខ្លួនឯងផ្ទាល់»

សម្រាប់ទិដ្ឋភាពសេដ្ឋកិច្ច លោកជំទាវបានអំពាវនាវដល់យុវជនកម្ពុជា ត្រូវចូលរួមឱ្យកាន់តែសកម្មឡើងថែមទៀត ក្នុងសកម្មភាពគាំទ្រ និងការផ្ដួចផ្ដើមគំនិតច្នៃប្រឌិតបង្កើតថ្មី ដោយឈរលើមូលដ្ឋានរក្សាការពារអត្តសញ្ញាណជាតិ និងស្មារតីសហគ្រិនភាពឱ្យបានកាន់តែផុសផុលឡើង ដើម្បីពង្រឹងនិងពង្រីកសេដ្ឋកិច្ចវប្បធម៌របស់ជាតិឱ្យកាន់តែមានភាពរីកចម្រើន ក្នុងស្មារតីយកចិត្តទុកដាក់រក្សាលំនឹងនៃការអភិវឌ្ឍសិល្បៈវប្បធម៌ ជាមួយនឹងការអភិវឌ្ឍផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។

ទិវាវប្បធម៌ជាតិ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៩៩ ហើយត្រូវបានរៀបចំប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្រោមប្រធានបទផ្សេងៗគ្នា ដោយយោងទៅតាមបរិបទនិងអាទិភាពជាក់ស្ដែងនៃការងារវប្បធម៌និងវិចិត្រសិល្បៈរបស់ប្រទេសកម្ពុជា។ បើតាមលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ចំពោះការកំណត់យកប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» សម្រាប់ប្រារព្ធទិវាវប្បធម៌ជាតិជាបន្តបន្ទាប់រហូតមកដល់ពេលនេះ គឺមិនមែនជារឿងចៃដន្យនោះទេ។

យោងតាមជំរឿនឆ្នាំ២០១៩ ពលរដ្ឋសកម្មរបស់ប្រទេសកម្ពុជា មានចំនួនច្រើនរហូតដល់ទៅ ៦១,៧ភាគរយ ហើយក្នុងនោះយុវជន ដែលមានអាយុចាប់ពី១៥ដល់៣០ឆ្នាំ គឺនៅបន្តមានចំនួនច្រើនដដែល។ ដូច្នេះ ការកំណត់យកតួអង្គយុវជនសម្រាប់ធ្វើជាប្រធានបទរបស់ទិវាវប្បធម៌ជាតិ ជាបន្តបន្ទាប់ គឺមិនត្រឹមតែជាសារមួយ ដើម្បីបន្តរំលឹកដាស់តឿនដល់យុវជនកម្ពុជា ឱ្យចូលរួមកាន់តែសកម្មក្នុងការងារអភិរក្ស និងលើកស្ទួយតម្លៃវប្បធម៌ជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអាទិភាពគន្លឹះមួយ នៅក្នុងគោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់ក្រសួង ដើម្បីអភិវឌ្ឍវប្បធម៌ជាតិផងដែរ៕