សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយប្រតិភូនគរបាលជាតិនៃបណ្ដាប្រទេសសមាជិកអាស៊ាន


នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូនគរបាលជាតិ នៃបណ្ដាប្រទេសសមាជិកអាស៊ាន។
ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ប្រតិភូនគរបាលជាតិនៃប្រទេសសមាជិកអាស៊ាន និងបានថ្លែងអំណរគុណចំពោះប្រតិភូទាំងអស់ ដែលបានអញ្ជើញមកចូលរួមសន្និសីទអាស៊ានណាប៉ូលលើកទី៤០ នៅរាជធានីភ្នំពេញនាពេលនេះ ស្របពេលដែលជំងឺកូវីដ១៩ កំពុងតែរាតត្បាត នៅទូទាំងពិភពលោក។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា កម្ពុជាក៏ជាប្រទេសមួយដែលរងនូវការរាតត្បាតដោយជំងឺកូវីដ១៩ផងដែរ ប៉ុន្តែដោយសារតែការចាក់ស្រោចនូវវ៉ាក់សាំងប្រឆាំងកូវីដ១៩ ទៅដល់ប្រជាពលរដ្ឋ មិនថាតែពលរដ្ឋកម្ពុជាខ្លួនឯងទេ គឺទៅដល់ប្រជាពលរដ្ឋជនបរទេសដែលរស់នៅកម្ពុជាផងដែរ ដែលធ្វើអោយកម្ពុជាយើងអាចបើកដំណើរការប្រទេសជាតិឡើងវិញ កាលពីដើមខែវិច្ឆិកាកន្លងទៅនេះ។
ឆ្លៀតនៅក្នុងឱកាសនេះផងដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសំដែងនូវក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការ រវាងនគរបាលជាតិនៃសមាជិកអាស៊ាន ដែលអាចទប់ស្កាត់នូវអំពើភេរវកម្មទាន់ពេលវេលា។ ក្នុងន័យនេះ សម្តេចតេជោបានលើកចិត្តឲ្យនគរបាលជាតិនៃសមាជិកអាស៊ានទាំងអស់ បន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសទប់ស្កាត់ ឱ្យខានតែបាននូវអំពើភេរវកម្មទាំងឡាយណា ប្រែក្លាយអាស៊ានដោយគ្មានអំពើភេរវកម្ម។ សម្ដេចតេជោក៏បានលើកទឹកចិត្តផងដែរឲ្យនគរបាលជាតិនៃសមាជិកអាស៊ានទាំងអស់ចែករំលែកនូវបទពិសោធន៍ព័ត៌មាន និងចង់ឲ្យនគរបាលជាតិនៃសមាជិកអាស៊ានក្លាយជាឯកអគ្គរដ្ឋទូតដើម្បីពង្រីក ពង្រឹងទំនាក់ទំនង រវាងប្រទេសផង និងពង្រឹងពាណិជ្ជកម្មរវាងប្រទេសអាស៊ាន និងក្នុងតំបន់ផង ។
សម្ដេចតេជោក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តមប្រធានគណៈប្រតិភូ អាស៊ានណាប៉ូលទាំងអស់ ហើយក៏បានផ្ដល់នូវក្តីសង្ឃឹមថា ប្រតិភូទាំងអស់នឹងចូលរួមធ្វើឲ្យសន្និសីទនេះ ទទួលបាននូវភាពជោគជ័យ។
ជាការឆ្លើយតប ប្រតិភូនគរបាលជាតិនៃសមាជិកអាស៊ាន បាន គោរពប្ដេជ្ញាជូនចំពោះសម្ដេចតេជោ ថា នឹងអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណាប្រែក្លាយតំបន់អាស៊ានឱ្យក្លាយទៅជាតំបន់នៃកិច្ចសហប្រតិបត្តិការ ប្រកបដោយសុខដុមនីយកម្ម ស្ថេរភាព និងសន្តិភាព៕