ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន TOTAL Energies


(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន TOTAL Energies (CAMBODIA)Co., LTD ដឹកនាំដោយលោក Jean LESCURE នៅទីស្តីការក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។

ជំនួបពិភាក្សាការងារនេះ ផ្តោតជាសំខាន់លើការជំរុញផែនការអភិវឌ្ឍស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ក៏ដូចជាដើម្បីរិះរកវិធី និងរបៀបរបបបំពេញការងារ រវាងក្រសួង ជាមួយនឹងក្រុមហ៊ុនទាក់ទងនឹងការបំពាក់សម្ភារឧបករណ៍បញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) សំដៅជំរុញការប្រើប្រាស់យានយន្ត ប្រភេទនេះ ឱ្យបានកាន់តែទូលំទូលាយនៅកម្ពុជា និងចូលរួមកាត់បន្ថយការបំពុលបរិស្ថានផងដែរ។

លើកឡើងនាឱកាសនោះឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជម្រាបជូនអំពីគម្រោងកិច្ចសហប្រតិបត្តិការជំរុញការប្រើប្រាស់យានយន្ត EVs រវាងក្រសួង ជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ក្រុមហ៊ុនវិនិយោគឯកជន ក្រុមហ៊ុនស្ថានីយប្រេងឥន្ធនៈនានា ទាក់ទងនឹងការបំពាក់សម្ភារ ឧបករណ៍បញ្ចូល ថាមពលយានយន្តអគ្គិសនី និងការរៀបចំផែនការមេសម្រាប់គាំទ្រដល់ការប្រើប្រាស់យានយន្ត Evs ផងដែរ៕