ផ្លូវបេតុងអាមេជាង១គីឡូម៉ែត្រ នៅឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ


(កណ្ដាល)៖ ផ្លូវបេតុងអាមេ ប្រវែង១,១១២ម៉ែត្រ ទទឹង៤,៥ម៉ែត្រ ស្ថិតនៅភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ បានថ្លែងថា នេះគឺជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ហើយសមិទ្ធផលនេះ ជួយសម្រួលដល់ការធ្វើចរាចរ និងបានរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។

ឯកឧត្តមអភិបាលខេត្តបន្តថា «ផ្លូវបេតុងអាមេមួយខ្សែនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់រដ្ឋនៅក្នុងមូលដ្ឋាន ជួយសម្រួលការធ្វើដំណើរ ការដឹកកសិផលទៅផ្សារ ដូចនេះផ្លូវនេះបានក្នុងការកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋផងដែរ»។

ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានស្នើដល់ប្រជាពលរដ្ឋសូមចូលរួមថែរក្សាផ្លូវឱ្យប្រើប្រាស់បានយូរអង្វែង កុំដឹកលើសទម្ងន់ មិនត្រូវបើកបរលើសល្បឿនកំណត់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា។

ឯកឧត្តមអភិបាលខេត្តស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ដែលមានលក្ខណៈសម្បត្តិ៧យ៉ាង ឱ្យបានជាប់ជាប្រចាំ នៅក្នុងមូលដ្ឋានដូចភ្លៀងរលឹម ដូចជា៖សកម្មភាព លួច ឆក់ ប្លន់ បទល្មើសគ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសងខុសច្បាប់ ការជួញដូរមនុស្ស និងសកម្មភាពក្មេងទំនើង គ្រោះថ្នាក់ចរាចរណ៍ បរិស្ថានជាដើម។

ឯកឧត្តមបន្តជំរុញ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែមានការកើនឡើង ក្នុងពេលដែលប្រទេសជាតិយើងកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

ជាងទៀតត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រង និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ពិសេស មេរោគបំប្លែងខ្លួន «អូមីក្រុង» កុំឱ្យឆ្លងចូលក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ ដោយត្រូវបន្តអនុវត្តឱ្យបាន ខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» របស់សម្តេចតេជោនាយករដ្ឋមន្ដ្រី ឱ្យបានជាប់ជាប្រចាំ៕