ព្រឹកនេះ ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង


ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតា ជាតិខ្មែរក្នុងសេរីភាពសេចក្ដីថ្លៃថ្នូរនិងសុភមង្គល ព្រះអង្គទាំងទ្វេ ស្តេចយាងទៅទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិននៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២នេះដើម្បីពិនិត្យនិងព្យាបាលព្រះរាជសុខភាព។

យាង និងអញ្ជើញថ្វាយព្រះរាជដំណើររបស់ព្រះអង្គទាំងទ្វេ ដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញមានវត្តមានសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា,សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា,សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ ជា ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីអ្នកមុខ អ្នកការ ព្រះរាជវង្សានុវង្សជាច្រើនរូបទៀត ដោយឡែកលោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាក៏មានវត្តមានក្នុងពិធី នោះដែរ ។

យោងតាមព្រះរាជសារប្រទានជូនជនរួមជាតិរបស់ព្រះករុណាព្រះមហាក្សត្រ ដែលទីភ្នាក់ងារសារព័ត៌មានកម្ពុជាទទួលបាននៅថ្ងៃនេះ ព្រះអង្គបានមានព្រះរាជបន្ទូលថា ៖ «ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអនុញ្ញាត និងអនុញ្ញាតិពីសម្តេចព្រះមហាសង្ឃ រាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ និងជនរួមជាតិទាំងអស់ អវត្តមានពីមាតុ ប្រទេសដោយចាប់ផ្តើមពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២នេះតទៅ ដើម្បីធ្វើដំណើរទៅទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិនដើម្បីពិនិត្យនិងព្យាបាលព្រះរាជសុខភាព»។

ព្រះរាជសារបានបញ្ជាក់បន្ថែមថាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានឹងទទួលជួយការងារព្រះករុណា ព្រះ មហា ក្សត្រ ក្នុងឋានៈ ជាប្រមុខរដ្ឋស្តីទី។

គួររម្លឹកជូនថាព្រះករុណាព្រះមហាក្សត្រនិងសម្តេចម៉ែព្រះអង្គទាំងទ្វេតែងតែយាងទៅពិនិត្យនិងព្យាបាលព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំងនៃសាធា រណរដ្ឋប្រជាមានិតចិនដែលនេះគឺជាព្រះរាជដំណើរយាងជាទៀងទាត់រៀងរាល់៦ខែម្ដង៕