ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥស្លាមប៉ាគីស្ថានប្រចាំនៅកម្ពុជា


នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញជួបពិភាក្សាការងារជាមួយ H.E MR. Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន នៅវិមានសន្ដិភាព។

ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ ដែលមានជំនួបពិភាក្សាការងារ ក្នុងគោលបំណងដើម្បីពង្រឹងនូវទំនាក់ទំនងប្រទេសទាំងពីរឲ្យកាន់តែប្រសើរថែមទៀត។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសាធារណរដ្ឋឥស្លាមប៉ាគីស្ថានដែលកន្លងមកបានផ្ដល់ អាហារូបករណ៍ដល់និស្សិតកម្ពុជា ជាច្រើនកន្លែង ដែលជាការចូលរួមអភិវឌ្ឍន៍ និងលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។

ក្នុងជំនួបនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានស្នើសុំឲ្យរដ្ឋាភិបាលនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន សូមឲ្យបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាបន្តទៀត ជាពិសេសលើមុខជំនាញបច្ចេកវិទ្យា ដើម្បីឲ្យនិស្សិតទាំងនោះមានសមត្ថភាពខ្ពស់ក្នុងការចូលរួម អភិវឌ្ឍន៍ប្រទេសជាតិក្រោយពីពួកគាត់បានបញ្ចប់ការសិក្សាពីក្រៅស្រុក។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងពីសុខដុមរមនានៃកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសជាតិបានបើកទូលាយលើគោលនយោបាយ សេរីភាព សុខសន្តិភាព សម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប ដោយមិនប្រកាន់ពូជសាសន៍ និងសាសនា ជាហេតុដែលកម្ពុជា មានការរីកចម្រើន និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

ឯកឧត្តមក៏បានលើកនូវសមិទ្ធផលដែលសហគមន៍ឥស្លាមកម្ពុជា ទទួលបានពីរាជរដ្ឋាភិបាលកម្ពុជា ដោយសហគមន៍ឥស្លាមមានសិទ្ធិពេញលេញក្នុងការរស់នៅ និងសិទ្ធិប្រតិបត្តិសាសនា។ លើសពីនោះទៀតនោះ សហគមន៍ឥស្លាមកម្ពុជា ក៏មានឱកាសចូលរួមបម្រើការងារជួររាជរដ្ឋាភិបាល ជាច្រើនរូបផងដែរ។

ឯកឧត្តមបន្តថា កម្ពុជាក៏បានរៀបចំពិធីអាហារសាមគ្គីស្រាយបួសថ្នាក់ជាតិសម្រាប់សាសនិកឥស្លាមដែលរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជាជារៀងរាល់ឆ្នាំ ហើយស្ថានទូតតំណាងឲ្យប្រទេសកាន់សាសនាឥស្លាមនានា ប្រចាំនៅកម្ពុជា ត្រូវបានអញ្ជើញឲ្យចូលរួមជារៀងរាល់ឆ្នាំ ក្នុងនោះក៏មានស្ថានទូត ប៉ាគីស្ថាន ផងដែរ។

ឯកឧត្តមក៏បានលើកឡើងពី សន្ទុះនៃការអភិវឌ្ឍន៍លើគ្រប់វិស័យនៅកម្ពុជា ដូចជាវិស័យ ទេសចរណ៍ កសិកម្ម អប់រំ វិស័យ មនុស្សធម៌ និង វិស័យផ្សេងៗទៀត។ ជាមួយគ្នានោះ លោកក៏បានស្នើឲ្យឯកអគ្គរដ្ឋទូត ជួយសហការ និងផ្សព្វផ្សាយដល់រដ្ឋាភិបាល និងប្រជាជនប៉ាគីស្ថានមកវិនិយោគ និងទស្សនា នៅកម្ពុជា ដោយកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយប្រទេស ប៉ាគីស្ថាន។

ជាចុងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានសន្យាថា ក្នុងនាមជាបេសកជនពិសេសតំណាងឲ្យកម្ពុជាប្រចាំអង្គការ អូអាយសុី (OIC) លោកនឹងចូលរួមក្នុងកិច្ចប្រជុំដែលរៀបចំដោយ អង្គការ អូអាយសុី (OIC) នៅប្រទេស ប៉ាគីស្ថាន នាពេលខាងមុខ ហើយវាជាដំណើរទស្សនកិច្ចទៅប្រទេសប៉ាគីស្តានជាលើកដំបូងសម្រាប់លោកផងដែរ។

ជាកិច្ចឆ្លើយតប លោកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំពុងធ្វើសុខដុមណីកម្មជាតិសាសន៍ និងដឹកនាំប្រទេសទទួលបានការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យ។

លោកបានបន្តថា ក្នុងនាមជាឯកអគ្គរដ្ឋទូតនៃប្រទេសប៉ាគីស្ថាន លោកមានសេចក្តីសោមនស្ស និងសប្បាយរីករាយ ក្នុងការសហការជាមួយកម្ពុជាលើគ្រប់វិស័យ ហើយលោកសូមទទួលសិក្សាលើសំណើខាងលើ ដោយលោកនឹងនាំនូវសំណើនានា ជូនរដ្ឋាភិបាលប៉ាគីស្ថានដើម្បីជ្រាប ហើយលោកសង្ឃឹមថាទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងល្អប្រសើរ បន្ថែមទៀត៕