ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ ពាំនាំអនុសាសន៍ ៣ចំណុចរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជូនចំពោះនិស្សិត នៅវិទ្យាស្ថានសន្តប៉ូល ឱ្យជ្រួតជ្រាប


ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងនូវអនុសាសន៍មួយចំនួនរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ចំពោះសិស្ស និស្សិតដែលជាអ្នកជំនាន់ក្រោយទាំងអស់រួមមានទី១៖ រក្សានូវមរតកដែលបានបន្សល់ទុកពីអ្នកជំនាន់មុន ទី២៖ ចូលរួមពូនជ្រុំកសាងសមិទ្ធផលផ្សេងៗទៀត និងទី៣៖ ចូលរួមកសាងថ្នាលសម្រាប់អ្នកជំនាន់ក្រោយ។

ការលើកឡើងនូវអនុសាសន៍បែបនេះ របស់ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានធ្វើងនាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២នេះ ក្នុងឱកាសឯកឧត្តមបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកបវរសនកាលឆ្នាំ២០២១-២០២២ និងប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រដល់និស្សិតចំនួន១១៤នាក់ នៃវិទ្យាស្ថានសន្តប៉ូល នៅស្រុកត្រាំកក់ ខេត្តតាកែវ។

ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ បានសម្តែងនូវការអបអរសាទរដល់បងប្អូននិស្សិតដែលបានបញ្ចប់ការសិក្សានៅថ្ងៃនេះ ហើយក៏ជាការបើកទំព័រថ្មីក្នុងជីវិតផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានក្រើនរម្លឹកបន្ថែមថា៖ «ក្នុងនាមយើងជាយុវជនជំនាន់ក្រោយ យើងត្រូវស្គាល់ខ្លួនឯង និងកំណត់គោលដៅឱ្យច្បាស់ ថាយើងចូលចិត្តអ្វី ចង់ធ្វើអ្វី ជាពិសេស គឺត្រូវជឿជាក់លើខ្លួនឯងថាយើងអាចធ្វើបាន»។

នាឱកាសនោះដែរ ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា បីចំណុចដែលបានលើកឡើងនៅពេលនេះ គឺជាចំណុចសំខាន់ណាស់ នៅក្នុងខ្សែជីវិតរបស់ប្រជាជនគ្រប់រូប ជាពិសេសប្រជាជនកម្ពុជាតែម្តង។ យើងចង់បន្សល់ទុកនូវក្តីស្រឡាញ់ឱ្យអ្នកជំនាន់ក្រោយ។

គួរបញ្ជាក់ថា នៅក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ និងចែកសញ្ញាបត្របរិញ្ញាបត្រផ្នែព័ត៌មានវិទ្យា អក្សរសាស្រ្តអង់គ្លេស គ្រប់គ្រងទេសចរណ៍ ក្សេត្រសាស្ត្រ សង្គមកិច្ច និងបរិញ្ញាបត្ររង ផ្នែកប្រព័ន្ធកសិកម្មចម្រុះ និងសណ្ឋាគារនិងបដិសណ្ឋាកិច្ច នៃវិទ្យាស្ថានសន្តប៉ូល ក៏មានការអញ្ជើញចូលរួមពីលោក អ៊ូច ភា អភិបាលខេត្តតាកែវ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន លោកនាយកវិទ្យាស្ថាន សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ អាណាព្យាបាល និងសិស្ស និស្សិតនៃវិទ្យាស្ថានសន្តប៉ូល ជាច្រើនរូបទៀត៕