ក្រសួងសុខាភិបាល ប្រគល់រថយន្ដដឹកវ៉ាក់សាំងជូនមន្ទីរសុខាភិបាលរាជធានី-ខេត្ត ជាលើកទី៣


លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ បានបន្ដអញ្ជើញប្រគល់រថយន្ដដឹកវ៉ាក់សាំង ដែលជាអំណោយរបស់សប្បុរសជន តាមរយៈសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនដល់មន្ទីរសុខាភិបាលរាជធានី-ខេត្ដ ជាលើកទី៣។

រថយន្ដដែលបានត្រូវបានប្រគល់ជូនមន្ទីរសុខាភិបាលរាជធានី-ខេត្ត លើកទី៣នេះ ចំនួន៣០គ្រឿង ដែលពិធីនេះត្រូវបានធ្វើឡើងឃ្លាំងឱសថកណ្ដាល (CMS)។ មន្ទីរសុខាភិបាលរាជធានី-ខេត្ត ដែលបានទទួលរថយន្ដនាឱកាសនេះ រួមមាន៖ រាជធានីភ្នំពេញ, ខេត្តបន្ទាយមានជ័យ, ខេត្តបាត់ដំបង, ខេត្តកំពង់ចាម, ខេត្តកំពង់ស្ពឺ, ខេត្តកំពង់ធំ, ខេត្តកំពត, ខេត្តកណ្តាល, ខេត្តព្រៃវែង, ខេត្តសៀមរាម, ខេត្តតាកែវ, ខេត្តត្បូងឃ្មុំ និងឃ្លាំងឱសថកណ្តាល នៃក្រសួងសុខាភិបាល។

ថ្លែងក្នុងឱកាសនោះ លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា ចំពោះរថយន្តដឹកវ៉ាក់សាំងដែលជាថវិកាសប្បុរសជនខ្មែរតាមរយៈសម្តេចតេជោ ហ៊ុន សែន ជារថយន្តម៉ាក Ford ដែលមានការរៀបចំឡើង ទៅតាមតម្រូវការរបស់វ៉ាក់សាំង មានកម្រិតត្រជាក់ក្នុងសីតុណ្ហភាព -24c និងមានលក្ខណៈពិសេសជាច្រើនទៀត ដែលបម្រើឲ្យការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

លោកជំទាវ ឱ វណ្ណឌីន បានបន្ថែមថា រថយន្តដឹកវ៉ាក់សាំងនេះ ជាតម្រូវការចាំបាច់ណាស់សម្រាប់ក្រុមការងារក្រុមគ្រូពេទ្យទូទាំងរាជធានី-ខេត្តទាំង២៥ ដើម្បីដឹកវ៉ាក់សាំង យកទៅចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេស។ លោកស្រីបន្ដថា ក្រៅពីប្រើប្រាស់ដឹកនាំវ៉ាក់សាំង រថយន្ដនេះក៏អាចប្រើប្រាស់ដឹកនូវសម្ភារៈផ្សេងបន្ថែមទៀត តាមតម្រូវការជាក់ស្ដែងនៅតាមមូលដ្ឋានរបស់ក្រុមគ្រូពេទ្យផងដែរ។

គួរជម្រាបថា រហូតមកដល់ពេលនេះរថយន្ដសម្រាប់ដឹកវ៉ាក់សាំង ចំនួន១៣០គ្រឿងហើយ ត្រូវបានប្រគល់ជូនមន្ទីរសុខាភិបាលរាជធានី-ខេត្ត, ក្រសួងការពារជាតិ, ឃ្លាំងឱសថកណ្ដាល និងជាអំណោយប្រគល់ជូនសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៕