សប្តាហ៍ក្រោយនាយករដ្ឋមន្ត្រីជប៉ុន នឹងបំពេញទស្សនកិច្ចនៅកម្ពុជា


លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្ត្រីជប៉ុន នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នាសប្តាហ៍ក្រោយ។ ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន ធ្វើឡើងតបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទទួលបដិសណ្ឋារកិច្ចចំពោះដំណើរទស្សនកិច្ចរបស់លោក ហ្វូមីអូ គីស៊ីដា នៅថ្ងៃទី២០ ខែមីនា ហើយក៏នឹងមានជំនួបពិភាក្សាការងារទ្វេភាគីផងដែរ។

ទាំងខាងស្ថានទូតជប៉ុន និងក្រសួងការបរទេសកម្ពុជា មិនទាន់មានការជូនព័ត៌មាននៃកម្មវិធីលំអិតនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីជប៉ុននៅក្នុងប្រទេសកម្ពុជានៅឡើយទេ។ ដំណើរទស្សនកិច្ចរបស់លោក ហ្វូមីអូ គីស៊ីដា នៅកម្ពុជានាពេលនេះ ត្រូវបានគេមើលឃើញថា ជាការអបអរសាទរខួប៣០ឆ្នាំ ដែលជប៉ុន បានបញ្ជូនកងកម្លាំងស្វយ័ការពារមកកាន់កម្ពុជា ហើយក៏ជាការអបអរសាទរខួប ៧០ឆ្នាំនៃទំនាក់ទំនងកម្ពុជា-ជប៉ុនផងដែរ។

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន នឹងរួមចំណែកធ្វើឱ្យទំនាក់ទំនងកម្ពុជា-ជប៉ុន កាន់តែល្អប្រសើរថែមមួយកម្រិតទៀត។

សូមបញ្ជាក់ថា លោក ហ្វូមីអូ គីស៊ីដា ប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) ត្រូវបានសភាជប៉ុន បោះឆ្នោតគាំទ្រជាផ្លូវការហើយ ក្នុងការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនលើកទី១០០ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១។

លោក ហ្វូមីអូ គីស៊ីដា មានអាយុ ប្រមាណ ៦៤ឆ្នាំ។ លោក មានឪពុក និងជីតា សុទ្ធតែធ្លាប់ធ្វើជាសមាជិកសភាជប៉ុន។

លោក ហ្វូមីអូ គីស៊ីដា មានភរិយាឈ្មោះ Yuko Kishida និងមានកូនបីនាក់។ ក្នុងនោះកូនប្រុសម្នាក់ឈ្មោះ Shotaro អាយុ ៣០ឆ្នាំ កំពុងដើរតាមមាគ៌ានយោបាយដូចរូបលោកផងដែរ។

លោក ហ្វូមីអូ គីស៊ីដា បានបញ្ចប់រិញ្ញាបត្រផ្នែកច្បាប់នៅសាលា Waseda ទីក្រុងតូក្យូកាលពីឆ្នាំ១៩៨២។ លោក ធ្លាប់ បានកាន់តំណែងជារដ្ឋមន្ត្រីការបរទេស, រដ្ឋមន្ត្រីស្តីទីនៃក្រសួងការពារជាតិ និងតំណែងកំពូលៗមួយចំនួនទៀត នៅក្នុងជួររដ្ឋាភិបាល។

កាលពីឆ្នាំ២០២០ លោក Fumio Kishida បានចាញ់លោក ស៊ូហ្គា ក្នុងការប្រជែងយកតំណែងប្រធានគណបក្ស LDP។ លោក Kishida គឺជាបេក្ខជនដំបូងគេ ដែលបានប្រកាសចូលរួមការប្រកួតដើម្បីធ្វើជាប្រធានបក្ស LDP លើកនេះ។

លោក Kishida ធ្លាប់បានកាន់តួនាទីជាប្រធានគោលនយោបាយរបស់គណបក្ស LDP និងជារដ្ឋមន្រ្តីការបរទេសជប៉ុន កាលពីចន្លោះឆ្នាំ២០១២-២០១៧។ អំលុងរយៈពេលនោះ លោកបានចរចាកិច្ចព្រមព្រៀងផ្សេងៗរវាងប្រទេសរុស្ស៉ី និងជប៉ុន។ លោក Kishida ធ្លាប់ហៅកិច្ចប្រឹងប្រែងលុបបំបាត់អាវុធនុយក្លេអ៊ែរថា ជា «ការងារប្រចាំជីវិតរបស់លោក» ហើយកាលពីឆ្នាំ២០១៦ លោកបាននាំលោក បារ៉ាក់ អូបាម៉ា ដែលកាលណោះជាប្រធានាធិបតីអាមេរិក មកកាន់ទីក្រុង Hiroshima ក្នុងដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តថែមទៀតផង។

ដោយដើរតាមជំហានរបស់ឪពុក ក៏ដូចជាជីតាលោក លោក Kishida បានឈានជើងចូលឆាកនយោបាយ នៅឆ្នាំ១៩៩៣ បន្ទាប់ពីធ្លាប់បានធ្វើការងារ នៅធនាគារមួយកន្លែង ចំពេលដែលសេដ្ឋកិច្ចប្រទេសជប៉ុនបានស្ទុះឡើងខ្លាំង។ កន្លងមកលោកប្រកាន់គោលជំហរ ដើរតាមឪពុក និងជីតា ក្នុងនាមជាអ្នកនយោបាយ ដែលតែងស្តាប់មតិរបស់ប្រជាជន និងមានសប្បុរសធម៌៕