ឯកឧត្តមអភិបាលខេត្តត្បូងឃ្មុំ ចង់កែលម្អតំបន់ប្រវត្តិសាស្រ្តដើមពោធិ៍ ទុំ ទាវ ជារមណីយដ្ឋានប្រវត្តិសាស្ត្រ ដើម្បីទាក់ទាញភ្ញៀវទេសចរ


ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ ដានីន នៅចុងនេះ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យ និងសិក្សាអំពីទីតាំងប្រវត្តិសាស្រ្តដើមពោធិ៍ទុំទាវ ស្ថិតនៅភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ជាមួយនឹងការចុះពិនិត្យនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់មន្ត្រីជំនាញទាំងអស់ត្រូវសិក្សារៀបចំទីតាំងប្រវត្តិសាស្រ្តមួយនេះ ឲ្យក្លាយទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រសម្រាប់ប្រជាពលរដ្ឋទស្សនាកំសាន្ត និងសិក្សាពីប្រវត្តិសាស្ត្រ ទាំងភ្ញៀវជាតិ និងអន្តរជាតិ។ ឯកឧត្តមថ្លែងថា ជំហានដំបូងត្រូវសិក្សាធ្វើរបងព័ទ្ធជុំវិញ និងដាំកូនឈើបន្ថែមលើបរិវេណដើមពោធិ៍ប្រវត្តិសាស្ត្រមួយនេះ ក្នុងនោះក៏ត្រូវរៀបចំឲ្យមានបង្គន់អនាម័យផងដែរ។

ឯកឧត្តមបណ្ឌិត បានលើកឡើងបន្តថា «ទីតាំងប្រវត្តិសាស្ត្រដើមពោធិ៍ទុំទាវ ដែលស្ថិតនៅភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នេះគឺជាទីតាំងប្រវត្តិសាស្រ្តដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ប៉ុន្តែដោយកន្លងមកយើងមិនទាន់បានរៀបចំឲ្យមានសោភ័ណភាពល្អ ហើយម្យ៉ាងភ្ញៀវទេសចរមួយចំនួន មិនស្គាល់ទីតាំងច្បាស់លាស់ផងនោះ ទើបធ្វើឲ្យតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តមួយនេះត្រូវបានមើលរំលង ប៉ុន្តែចាប់ពីពេលនេះតទៅអាជ្ញាធរខេត្ត និងរៀបចំតំបន់ប្រវត្តិសាស្ត្រមួយនេះ ឲ្យក្លាយទៅជាតំបន់ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិអន្តរជាតិ ចូលទស្សនាកំសាន្តនិងស្គាល់ពីប្រវត្តិសាស្ត្រទុំទាវ»

សូមជម្រាបថា កាលពីពេលកន្លងទៅថ្មីៗនេះដើមពោធិ៍ក្នុងតំបន់ប្រវត្តិសាស្ត្រទុំទាវ ដ៏ធំមួយដែលគេឲ្យឈ្មោះថាដើមពោធិ៍អ្នកតាក្រហមក ត្រូវបានខ្យល់កន្ត្រាក់បោកដួលរលំ ហើយត្រូវបានអាជ្ញាធរខេត្តរៀបចំដាំឡើងវិញ។ ក្រោយការដួលរលំដើមពោធិ៍ដ៏ធំមួយនេះ តំបន់ប្រវត្តិសាស្រ្តទុំទាវ ត្រូវបានប្រជាពលរដ្ឋមានការចាប់អារម្មណ៍ចង់ឃើញនិងស្គាល់ ដោយបានចូលទៅទស្សនាបន្តបន្ទាប់ ពិសេសប្រជាពលរដ្ឋដែលមកពីបណ្ដាខេត្តផ្សេងៗផងដែរ៕