ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា និងសិង្ហបុរី ប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម ពិសេសជួយគាំទ្រកម្ពុជាឱ្យទទួលបានជោគជ័យក្នុងការធ្វើជាប្រធានអាស៊ាន


ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាននិងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២២ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Gan Kim Yong រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មសិង្ហបុរី និងសហការី តាមប្រព័ន្ធវីដេអូ។

ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ លោក Gan Kim Yong និងសហការី ព្រមទាំងបានថ្លែងអំណរគុណ លើការគាំទ្ររបស់ក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មសិង្ហបុរី ដល់កម្ពុជា ជាប្រធានដឹកនាំកន្លងមក តួយ៉ាងដូចជា កិច្ចប្រជុំចង្អៀតថ្នាក់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំលើកទី១នៃឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ានសម្រាប់កិច្ចប្រជុំលើកទី៥៣ នៃរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន នាពេលកន្លងទៅ។

កិច្ចជំនួបពិភាក្សានេះ បានផោ្តតសំខាន់លើការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម កម្ពុជា-សិង្ហបុរី និងជាពិសេសការត្រៀមខ្លួនរបស់កម្ពុជាក្នុងការរៀបចំនិងដឹកនាំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២៨(28th AEM Retreat)ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦និង១៧ខែមីនាឆ្នាំ២០២២ ខាងមុខ។

ឯកឧត្តមរដ្ឋមន្រ្តីទាំងពីរ បានផ្លាស់ប្ដូរយោបល់បឋមលើរបៀបវារៈមួយចំនួន ដែលគ្រោងនឹងលើកយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំចង្អៀតនោះ រួមមាន (១)ការតាមដានកិច្ចការបន្ត ស្របតាមលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩ (២)ការត្រៀមដើម្បីអនុម័តលើសមិទ្ធផលអាទិភាពសេដ្ឋកិច្ចក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា ព្រមទាំងអាទិភាពប្រចាំឆ្នាំរបស់ក្រុមការងារអន្តរវិស័យក្រោមសមត្ថកិច្ចរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន (៣)ការផ្លាស់ប្តូរមតិយោបល់អំពីកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារឡើងវិញក្រោយវិបត្តិកូវីដ-១៩ និងវឌ្ឍនភាពការងាររបស់អាស៊ានក្នុងការឆ្លើយតបនឹងវិបត្តិកូវីដ-១៩ (៤)ការពិនិត្យនិងឯកភាពលើអនុសាសន៍របស់កិច្ចប្រជុំលើកទី៤១ នៃក្រុមការងារជាន់ខ្ពស់ស្តីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ជូនកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី២៨ (៥)ការត្រៀមអនុម័តលើឯកសារពាក់ព័ន្ធ ដើម្បីប្រកាសបើកជាផ្លូវការនូវការចរចាធ្វើឱ្យប្រសើរឡើងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (៦)ការពិភាក្សាអំពីយុទ្ធសាស្ត្រអាស៊ានក្នុងការបង្កើនទំនាក់ទំនងកាន់តែប្រសើរជាមួយនឹងប្រទេសដៃគូអាស៊ាន ជាពិសេសដើម្បីពន្លឿនការបញ្ចប់ការចរចាធ្វើឱ្យប្រសើរឡើងនៃតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ ឱ្យបានទាន់ពេលវេលាកំណត់ និង (៧) សេចក្តីថ្លែងការណ៍របស់មេដឹកនាំអាស៊ានស្តីពីពង្រឹងការ ផ្លាស់ ប្តូ រឌីជីថលអាស៊ាន។

ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម កម្ពុជា-សិង្ហបុរី ព្រមទាំងគាំទ្រយ៉ាងពេញលេញ ក្នុងការផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីជួយគាំទ្រកម្ពុជាឱ្យទទួលបានជោគជ័យនាពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ជាពិសេសកិច្ចប្រជុំចង្អៀតខាងមុខ ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ នឹងបញ្ចប់ដោយរលូន ប្រកបដោយលទ្ធផលជោគជ័យ និងជាទីមោទនៈ។

ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ និងលោក Gan Kim Yong បានប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម កម្ពុជា-សិង្ហបុរីបន្ថែមទៀត និងជាពិសេសការសម្រេចបាននូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ចក្នងឆ្នាំ២០២២ និងអាទិភាពការងារប្រចាំឆ្នាំ២០២២ ក្រោមសសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ នេះ៕