ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ៖ រាជរដ្ឋាភិបាល បាននិងកំពុងផ្តល់ការយកចិត្តទុកដាក់ខ្ពស់ ចំពោះការងារអភិវឌ្ឍន៍ជនបទ


ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ បានលើកឡើងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឆ្លៀសវៃ និងគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននិងកំពុងផ្តល់ការយកចិត្តទុកដាក់ខ្ពស់ ចំពោះការងារអភិវឌ្ឍន៍ជនបទ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញជាអធិបតីភាព បើកសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានឲ្យដឹងថា រាជរដ្ឋាភិបាល បាននិងកំពុងផ្តល់ការយកចិត្តទុកដាក់ខ្ពស់ ចំពោះការងារ អភិវឌ្ឍន៍ជនបទ ដែលមិនត្រឹមតែឆ្លុះបញ្ចាំង នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងបណ្តាគោលបំណង គោលនយោបាយអភិវឌ្ឍន៍ជនបទនានាប៉ុណ្ណោះទេ រាជរដ្ឋាភិបាលថែមទាំងបាន ធ្វើអន្តរាគមន៍ទាំងផ្នែកសុខាភិបាល, សង្គម, និងសេដ្ឋកិច្ចសំដៅជួយទ្រទ្រង់ជីវភាព ប្រចាំថ្ងៃនៃគ្រួសារក្រីក្រដែលភាគច្រើនជាកសិករ និងកម្មកររស់នៅ តំបន់ជនបទ ព្រមទាំងស្តារសកម្មភាពអាជីវកម្ម និងធុរកិច្ច ឲ្យងើបឡើងវិញក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩។

ឯកឧត្តមបណ្ឌិតបន្ដថា ប្រការនេះ បាននិងកំពុងធ្វើឲ្យមានការរីកចម្រើន លូតលាស់លើគ្រប់វិស័យពិសេស ធ្វើឲ្យស្ថានភាពជនបទកម្ពុជា មានការវិវត្តរីកចម្រើនគួរឲ្យកត់សម្គាល់ និងបាននិងកំពុងរួមចំណែក លើកកម្ពស់កម្រិតជីវភាពរស់នៅប្រជាជនជនបទ។

ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងផងដែរថា ទោះជាយ៉ាងណា ជាមួយនឹងសេចក្តីត្រូវការដ៏ធំធេង និងធនធានមានកំណត់, យើងទទួលស្គាល់ថា ការងារអភិវឌ្ឍន៍ជនបទ នៅតែពុំទាន់ឆ្លើយតបបានសមស្រប នៅឡើយទាំងផ្នែកបរិមាណ និងគុណភាព ថ្វីត្បិតតែមានដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលជាច្រើន បាននិងកំពុងរួមចំណែកជាមួយរាជរដ្ឋាភិបាលយ៉ាងសស្រាក់សស្រាំក៏ដោយ។

ទន្ទឹមនេះ ក្រសួងក៏ទទួលស្គាល់ថាកម្រិតជីវភាព, ស្ថានភាពសុខភាព និងអនាម័យ, ស្ថានភាពអប់រំ និងគុណតម្លៃ សហគមន៍ជនបទ នៅមានកម្រិតទាបនៅឡើយ ដែលគម្លាតនេះមានទាំង រវាងតំបន់ជនបទ និងទីក្រុង/ទីប្រជុំជន និងរវាងតំបន់ជនបទ និងតំបន់ជនបទ ព្រោះក្នុងពេលដែលចំណូលបុគ្គលមធ្យមប្រចាំឆ្នាំ ២០២១ ទូទាំងប្រទេសកើនឡើងដល់ ១ ៧៣០ ដុល្លារអាមេរិក នៅតំបន់ជនបទភាគច្រើនចំណូលនេះ មិនទាន់ដល់ ១ ០០០ ដុល្លារអាមេរិក នៅឡើយ។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានបន្ដទៀតថា ក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលដែលមានក្រសួងអភិវឌ្ឍន៍ជនបទ ជាសេនាធិការផ្ទាល់ នឹងបន្តជំរុញអនុវត្តគោលនយោបាយ អភិវឌ្ឍន៍ជនបទបន្ថែមទៀត សំដៅលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតរស់នៅរបស់ប្រជាជនជនបទ ប្រកបដោយបរិយាប័ន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ដើម្បីរួមចំណែក កាត់បន្ថយភាពក្រីក្រ និងសម្រេចចក្ខុវិស័យប្រកបដោយមហិច្ឆតា របស់រាជរដ្ឋាភិបាល ឆ្ពោះទៅប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។

ជាមួយគ្នានេះ រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ បានបញ្ជាក់ថា ឆ្នាំ២០២២ គឺជាឆ្នាំទី ៤ នៃការអនុវត្តផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជនបទ ២០១៩-២០២៣ ដែលក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញនូវគោលបំណងគោលនយោបាយចម្បងគឺ «ការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជនជនបទ ប្រកបដោយបរិយាប័ន្នទាំងផ្នែកសេដ្ឋកិច្ចសង្គម និងវប្បធម៌» ដោយបានកំណត់យកសរសរស្តម ៤ ដើរតួជាកម្មវិធីអាទិភាពគឺ៖

១៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍,
២៖ ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ,
៣៖ ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ
និង៤៖ ការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ។

ឯកឧត្តមបណ្ឌិត បន្ដថា ការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទ រយៈកាល៣ឆ្នាំកន្លងទៅនេះ ក្រសួងអភិវឌ្ឍន៍ជនបទសម្រេច បានលទ្ធផលក្នុងឆ្នាំជាច្រើនគួរឲ្យកត់សម្គាល់, ទោះជាស្ថិតក្នុងស្ថានភាពរីករាលដាល នៃជំងឺកូវីដ-១៩ក៏ដោយ, ហើយបាននិងកំពុងរួមចំណែកយ៉ាងសកម្ម ក្នុងការជំរុញឲ្យមានការផ្លាស់ប្តូរជីវភាពរស់នៅរបស់ប្រជាជនជនបទប្រកបដោយបរិយាប័ន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងបរិស្ថាន។

ជាក់ស្តែង ប្រជាជន នៃតំបន់ជនបទមានឱកាសប្រកបមុខរបរបន្ថែមដូចជា ចិញ្ចឹមសត្វ, ធ្វើបន្លែ, ធ្វើសិប្បកម្ម,ធ្វើអាជីវកម្ម លក់ដូរ, និងផ្តល់សេវាកម្មរកកម្រៃដើម្បីបង្កើនប្រាក់ចំណូលបន្ថែមក្នុងគ្រួសារ ក្រៅពីការធ្វើស្រែចំការ។

ទន្ទឹមនេះ តំបន់ជនបទចាប់ផ្តើមមានលំនៅដ្ឋានសមរម្យ, មានទឹកស្អាតប្រើប្រាស់(៧៨%), មានបង្គន់អនាម័យ (៨៤%), មានផ្លូវគមនាគមន៍កាន់តែប្រសើរឡើង, មានសេវាអគ្គិសនីកាន់តែប្រសើរ, និងមានសេវាទូរគមនាគមន៍ កាន់តែទំនើបដែលបាននិងកំពុង ផ្លាស់ប្តូរជីវភាពរស់នៅ និងសុខភាពប្រជាជនជនបទ ជាបណ្ដើរៗឆ្ពោះទៅកាន់ស៊ីវិល័យ៕