អគ្គរដ្ឋទូតជប៉ុន ស្ងើចសរសើរយ៉ាងខ្លាំងដល់កម្ពុជា ដែលជំនះបានអតីតកាលប្រកបដោយសោកនាដកម្ម ហើយចូលរួមយ៉ាងសកម្មជួយសហគមន៍អន្តរជាតិ


លោកមិកាមិ ម៉ាសាហ៉ីរ៉ូ អគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បានសម្តែងការស្ងើចសរសើរយ៉ាងខ្លាំងចំពោះប្រទេសកម្ពុជា ដែលជំនះបាននូវអតីតកាលប្រកបដោយសោកនាដកម្ម ហើយបានចូលរួមចំណែកជួយសហគមន៍អន្តរជាតិយ៉ាងសកម្ម។

ការលើកឡើងរបស់អគ្គរដ្ឋទូតជប៉ុន បានធ្វើឡើងក្នុងឱកាសដែលលោក និងសម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញទទួលស្វាគមន៍កងកម្លាំងស្វ័យការពារជើងទឹកជប៉ុន (JMSDF) ដែលបំពេញទស្សនកិច្ចនៅកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ នៅខេត្តព្រះសហនុ។

លោកមិកាមិ បានលើកឡើងដូច្នេះថា៖ «ខ្ញុំមានការស្ងើចសរសើរ យ៉ាងខ្លាំងចំពោះប្រទេសកម្ពុជា ដែលជំនះបាននូវអតីតកាលប្រកបដោយសោកនាដកម្ម និងបានចូលរួមចំណែកជួយសហគមន៍អន្តរជាតិយ៉ាងសកម្ម ហើយខ្ញុំមានមោទនភាពដែលប្រទេសជប៉ុនបានដើរតួនាទីមួយ ក្នុងការសម្រេចបាននូវសន្តិភាពនៅកម្ពុជា»

កម្ពុជាបានឆ្លងកាត់សង្គ្រាមផ្ទៃរ៉ាំរ៉ៃរយៈពេលជាច្រើនទសវត្ស ចាប់តាំងពីមានរដ្ឋប្រហារទម្លាក់ សម្តេចនរោត្តម សីហនុ នៅថ្ងៃ១៨មីនា ឆ្នាំ១៩៧០។ ភាពរងគ្រោះធ្ងន់ធ្ងរបំផុត ហើយក្លាយជាប្រវត្តិសាស្រ្តសម្រាប់ពិភពលោក នៅពេលកម្ពុជាបានធ្លាក់ទៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ដែលមនុស្សជិត៣លាននាក់ ត្រូវបានសម្លាប់ ហើយហេដ្ឋារចនាសម្ព័ន្ធត្រូវបានបំផ្លាញ។

កម្ពុជាដែលធ្លាប់ទទួលជំនួយកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស កាលពីប្រមាណ៣០ឆ្នាំមុន ក្នុងនោះក៏មានកងកម្លាំងប្រតិបត្តិការរក្សាសន្តិភាព (PKO) របស់ជប៉ុន ពេលនេះបានក្លាយជាប្រទេសបញ្ជូនកងរក្សាសន្តិភាព ទៅបំពេញបេសកកម្មមនុស្សធម៌ នៅក្រៅប្រទេស តាមរយៈអង្គការសហប្រជាជាតិផងដែរ។

លោកអគ្គរដ្ឋទូតជប៉ុន បានសម្ដែងនូវការកោតសរសើរប្រទេសកម្ពុជាដោយស្មោះចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លារបស់រដ្ឋាភិបាល និងប្រជាជននៃប្រទេសនេះ ដើម្បីសម្រេចបាននូវសន្តិភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្នដោយឆ្លងកាត់ អតីតកាលប្រកបដោយសោកនាដកម្ម និងផ្លូវដ៏លំបាក។

ឆ្នាំក្រោយ២០២៣ គឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសជប៉ុន និងកម្ពុជា។ រយៈពេល៣០ឆ្នាំបន្ទាប់ពីការបញ្ជូនកងរក្សាសន្តិភាពរបស់ប្រទេសជប៉ុនមកកម្ពុជា ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានភាពចាស់ទុំ។

លោកអគ្គរដ្ឋទូតបានបញ្ជាក់បន្ថែមទៀតថា៖ «ខណៈពេលដែលពិភពលោកឈានចូលសម័យកាលថ្មី ខ្ញុំមានជំនឿជឿជាក់ថា យើងនឹងបន្តបោះជំហានឆ្ពោះទៅមុខក្នុងឋានៈជាដៃគូដែលអាចទុកចិត្តគ្នា និងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាដើម្បីដោះស្រាយ បញ្ហាប្រឈមផ្សេងៗ»