សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញទទួលអំណោយឧបករណ៍តេស្តរហ័សមេរោគកូវីដ-១៩​ និងសម្ភារៈបរិក្ខារពេទ្យពីសប្បុរសជន


សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញទទួលអំណោយពីសប្បុរសជន ជាឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩ និងសម្ភារៈបរិក្ខាពេទ្យមួយចំនួន សម្រាប់ទុកចែកជូនប្រជាពលរដ្ឋប្រើប្រាស់ ក្នុងការប្រយុទ្ធប្រឆំាងជំងឺកូវីដ-១៩ នៅរសៀលថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២ នៅភូមិគ្រឹះសម្តេចផ្ទាល់ ក្នុងរាជធានីភ្នំពេញ។
ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងលោកជំទាវ​ ហ៊ាង​ ដារ័ត្ន​ បាននាំយកឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩ ចំនួន ២០កេស ស្មើ ៥,០០០ឧបករណ៍ ម៉ាសចំនួន ៥ម៉ឺនម៉ាស និងទែម៉ូម៉ែតចំនួន ២០០ឧបករណ៍ ជូនសម្តេចប្រធានរដ្ឋសភា សម្រាប់ចែកជូនប្រជាពលរដ្ឋ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងការកោតសរសើរចំពោះកាយវិការមនុស្សធម៌របស់លោក យូ ស៊ីម ដែលបានចូលរួមចំណែកជួយប្រជាពលរដ្ឋ នៅក្នុងកាលៈទេសៈចំាបាច់ដែលជំងឺកូវីដ-១៩ កំពុងរាតត្បាតនេះ ហើយឧបករណ៍បរិក្ខារទំាងនោះពិតជាមានសារៈសំខាន់ក្នុងការចូលរួមជួយសម្រាលការលំបាកនិងទប់ស្កាត់ជំងឺកូវីដ-១៩ របស់ប្រជាពលរដ្ឋ។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាខ្លំាង ក្នុងកិច្ចការការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺកូវីដ-១៩នេះ ហើយកម្ពុជាបានទទួលជោគជ័យយ៉ាងធំធេងនៅក្នុងការទប់ស្កាត់ ការពារជំងឺកូវីដ-១៩​ តាមរយៈយន្តការវ៉ាក់សំាង ដែលរហូតមកដល់ពេលនេះ ពលរដ្ឋយ៉ាងច្រើនលើសលប់បានទទួលវ៉ាក់សំាងការពារជំងឺកូវីដ-១៩​ដោយឥតគិតថ្លៃ ទំាងដូសមូលដ្ឋាននិងដូសជំរុញ បង្កើតភាពសុំាសហគម នាំឱ្យកម្ពុជាបានបើកសេដ្ឋកិច្ច សង្គមឡើងវិញ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានបញ្ជាក់ថា វប្បធម៌ចែករំលែក ជួយគ្នានៅសង្គមខ្មែរ ជាវប្បធម៌ដ៏ល្អ ដែលបានចាក់ឬសយ៉ាងជ្រៅក្នុងដួងចិត្តប្រជាពលរដ្ឋគ្រប់រូប ពិសេសនៅក្នុងគ្រប់គ្រាលំបាក ដូចជាពេលកូវីដ-១៩នេះជាដើម ពលរដ្ឋគ្រប់មជ្ឈដ្ឋានបានចូលរួមចំណែកជាមួយរដ្ឋាភិបាលនៅក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ តាមលទ្ធភាពជាថវិកា ជាសម្ភាររួមនឹងកម្លំាងទឹកចិត្តតាមរយៈការស្ម័គ្រចិត្តបំពេញការងារសង្គមក្នុងបេសកកម្មក្រុមគ្រូពេទ្យអាវស ជាដើមនោះ៕