អភិបាលរាជធានីភ្នំពេញ ផ្តល់ជែល និងអាល់កុលដល់មន្ទីរសង្គមកិច្ច ដើម្បីចែកជូនជនងាយរងគ្រោះ ប្រើប្រាស់នៅតាមមណ្ឌលឱកាសខ្ញុំ និងមណ្ឌលសំចតរាជធានីព្រៃស្ពឺ


(ភ្នំពេញ)៖ ដោយការយកចិត្តទុកដាក់គិតគូរពីសុខភាពដល់ជនងាយរងគ្រោះ ដែលបាននិងកំពុងស្នាក់នៅមណ្ឌលឱកាសខ្ញុំ និងមណ្ឌលសំចតរាជធានីព្រៃស្ពឺ ខណៈដែលរាជរដ្ឋាភិបាលបានបើកប្រទេស ដំណើរការសេដ្ឋកិច្ច និងកំពុងរួមគ្នាទប់ស្កាត់ជំងឺបំលែងថ្មី ប្រភេទអូមីក្រុង នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្តល់ជែល និងអាល់កុលដល់មន្ទីរសង្គមកិច្ច ដើម្បីសម្រាលបន្ទុកដល់ជនងាយរងគ្រោះ ។

លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ បានបញ្ជាក់ថា គ្រឿងឧបភោគ បរិភោគ ដែលលោកអភិបាលរាជធានី ផ្តល់ជូននាពេលនេះ មានជែលលាងដៃ ចំនួន៤២កេស ក្នុង១កេសមាន៤៥ដប, អាកុលបាញ់លាងដៃ ៦កេស ក្នុង១កេស មាន៤៥ដប សរុបទាំងអស់មានចំនួន៤៨កេស ។

លោកស្រី មុំ ចាន់ដានី បានបញ្ជាក់ថា ទោះពេលបើកប្រទេសឡើងវិញក៏ដោយ តែលោកអភិបាលរាជធានី នៅបន្តយកចិត្តទុកបន្ថែមទៀត តាមរយៈការផ្តល់សម្ភារ ឧបករណ៍ការពារជំងឺ ដោយបន្តផ្តល់ជូនដល់មន្ត្រីបុគ្គលិកបម្រើ ការងារផ្ទាល់ ក៏ដូចជាជនរងគ្រោះនៅក្នុងមណ្ឌលឱកាសខ្ញុំ និងនៅមណ្ឌលសំចតរាជធានីភ្នំពេញព្រៃស្ពឺ។

ជាមួយគ្នានេះលោក មុំ ចាន់ដានី ក្នុងនាមប្រធាន ក៏ដូចជាមន្ត្រីបុគ្គលិកទាំងអស់ រួមទាំងជនរងគ្រោះ អណាព្យាបាលទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅឯកឧត្តម ឃួង ស្រេង ដែលបានយកចិត្តទុកដាក់បំផុត ទៅដល់ប្រជាជននៅរាជធានីភ្នំពេញ គ្រប់កាលៈទេសៈ ពិសេសក្នុងបច្ចុប្បន្នភាព ដែលមានជំងឺកូវីដកន្លងមក នៅតាមមណ្ឌលកុមារកំព្រា និងមណ្ឌលស្តារនីតិសម្បទាផ្សេងៗទៀត៕