ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ


មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលជាមន្ទីរពេទ្យបំពាក់បរិក្ខារវេជ្ជសាស្ត្របម្រើការព្យាបាលដ៏ទំនើប បានសាងសង់រួចរាល់ជាស្ថាពរហើយ ដោយត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២នេះ។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវមន្ទីរពេទ្យដ៏ទំនើបថ្មីមួយទៀត នៅក្នុងរាជធានីភ្នំពេញ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលប្រជាពលរដ្ឋខ្មែរស្គាល់ជាទូទៅថា ជាមន្ទីរពេទ្យលោកសង្ឃនោះ ត្រូវបានសាងសង់ និងបំពាក់បរិក្ខារ ដោយចំណាយថវិកាជាង ៨០លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។

មន្ទីរពេទ្យនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ដោយចំណាយពេល ៣៩ខែ។ អគារមន្ទីរពេទ្យថ្មីនេះ ត្រូវបានសាងសង់លើទំហំដីជាង ១៣ពាន់ម៉ែត្រក្រឡា មានកម្ពស់ ១១ជាន់ ជាមួយប្រវែង ៥៣ម៉ែត្រ។ ចែកចេញជាផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ត្រ ផ្នែកជំងឺទូទៅ ជំងឺវះកាត់ ផ្នែកសម្ភព រោគស្ត្រី ព្រមទាំងសេវាជំនួយផ្សេងៗទៀត។ នៅលើដំបូលអគារមានចំណតឧត្ថម្ភាគចក្រចុះចត ទម្ងន់ពី ៣តោន ទៅ ៥តោនថែមទៀតផង។

មន្ទីរពេទ្យដែលបំពាក់ដោយឧបករណ៍វេជ្ជសាស្ត្រទំនើបៗនេះ មានគ្រែសម្រាប់ព្យាបាលអ្នកជំងឺរហូតដល់ទៅ ៤០០គ្រែ។ ក្នុងមន្ទីរពេទ្យនេះ ក៏មានកន្លែងព្យាបាលតាមបែបវេជ្ជសាស្ត្របុរាណចិនផងដែរ ហើយព្យាបាលដោយគ្រូពេទ្យចិនផ្ទាល់តែម្តង។

ឯកឧត្តមសាស្ត្រចារ្យបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឱ្យដឹងថា មន្ទីរពេទ្យថ្មីនេះ ជាមន្ទីរពេទ្យដ៏ធំមួយក្នុងប្រទេសកម្ពុជា ហើយមានកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋប្រជាមានិតចិន។ វាអាចផ្តល់សេវាថែទាំជូនប្រជាជននៅទូទាំងប្រទេស ដែលមានអាការៈជំងឺធ្ងន់ៗ ហើយក៏ជាកន្លែងបណ្តុះបណ្តាលធនធានមនុស្សមួយដ៏សំខាន់ ព្រោះជាកន្លែងបណ្តុះបណ្តាលតាំងពីដើមមក។

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលជាគេស្គាល់ថាជាមន្ទីរពេទ្យផ្នែកឆ្អឹងតាំងពីដើមមកនោះ នៅពេលនេះត្រូវបានធ្វើទំនើបកម្មកាន់តែខ្លាំងបន្ថែមលើជំនាញវះកាត់ជាមួយឧបករណ៍វេជ្ជសាស្ត្រ ដែលប្រើបច្ចេកវិទ្យាចុងក្រោយកម្រិតអន្តរជាតិ។ ក្នុងមន្ទីរពេទ្យក៏ត្រូវបានបំពាក់នូវឧបករណ៍វេជ្ជសាស្ត្រកម្រិតខ្ពស់សម្រាប់ការថត សម្រាប់ការធ្វើរោគវិនិច្ឆ័យ ដែលជាផ្នែកដ៏សំខាន់សម្រាប់គាំទ្រដល់ការព្យាបាល។

លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត តាន់ សុគន្ធ ប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បានឱ្យដឹងថា មន្ទីរពេទ្យនេះ មានបន្ទប់វះកាត់ចំនួន៩ ហើយមានសមត្ថភាពវះកាត់ឆ្អឹង ប្តូរក្បាលឆ្អឹង ប្តូរតម្រង់នោម វះកាត់បេះដូង វះកាត់សួត និងអាចដូរអវៈយវៈ ដូចជាតម្រោងនោម និងថ្លើមជាដើម។

បើតាមឯកឧត្តមរដ្ឋមន្ត្រីសុខាភិបាល បានឱ្យដឹងថា មន្ទីរពេទ្យនេះត្រូវបានរៀបចំឡើងដោយស្របតាមនិយាមអន្តរជាតិ ពោលមន្ទីរពេទ្យទំនើបៗនៅលើពិភពលោកបំពាក់ឧបករណ៍វេជ្ជសាស្ត្រអ្វី ក៏ក្នុងមន្ទីរពេទ្យនេះមានដូចគ្នា។ សម្រាប់លោករដ្ឋមន្ត្រី មន្ទីរពេទ្យនេះមានសមត្ថភាពព្យាបាលមិនចាញ់មន្ទីរពេទ្យក្រៅប្រទេសនោះឡើយ។

ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញក្តីរំពឹងថា វត្តមានមន្ទីរពេទ្យដែលមានឧបករណ៍វេជ្ជសាស្ត្រទំនើបនេះ នឹងកាត់បន្ថយការចេញទៅក្រៅប្រទេសស្វែងរកសេវាព្យាបាលរបស់ប្រជាពលរដ្ឋខ្មែរ។

«ជាការពិត ពីព្រោះយើងមានឧបករណ៍មិនចាញ់គេទេ ហើយភាពប៉ិនប្រសប់របស់គ្រូពេទ្យយើងក៏មិនចាញ់គេដែរ ព្រោះគ្រូពេទ្យនៅទីនេះ ជាសាស្ត្រាចារ្យមានបទពិសោធន៍ច្រើនមកហើយ។ ដូច្នេះជាមធ្យោបាយដ៏ទំនើបមួយអាចជួយប្រជាពលរដ្ឋយើងក្នុងការកាត់បន្ថយការចេញទៅប្រទេសក្រៅ»។ នេះជាការបញ្ជាក់របស់លោករដ្ឋមន្ត្រីសុខាភិបាល។

លោក តាន់ សុគន្ធ បានអះអាងថា ជាមួយនឹងវត្តឧបករណ៍វេជ្ជសាស្ត្រទំនើបដែលបំពាក់ក្នុងមន្ទីរពេទ្យនេះ នឹងធ្វើឱ្យការព្យាបាលនៅក្នុងមន្ទីរពេទ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

លោកប្រធានមន្ទីរពេទ្យ បានបញ្ជាក់ដូច្នេះ «តាមពិតសមត្ថភាពរបស់គ្រូពេទ្យយើងមាន មានយូរមកហើយ ប៉ុន្តែដោយសារមន្ទីរពេទ្យយើងនៅក្រីក្រមិនទាន់មានធ្យោបាយក្នុងការពិនិត្យជំងឺឱ្យបានល្អ អត់មានមធ្យោបាយធ្វើរោគវិនិច្ឆ័យឱ្យបានច្បាស់លាស់។ យើងជឿជាក់ថា បន្ទាប់ពីមន្ទីរពេទ្យនេះសម្ពោធ ដែលបានបំពាក់សម្ភារៈបរិក្ខារ និងឧបករណ៍ទំនើប សមត្ថភាពយើងមាន គួបផ្សំនឹងសហប្រតិបត្តិការជាមួយបរទេស ជាពិសេសអ្នកឯកទេសរបស់ចិន ផ្សំនឹងគ្រូពេទ្យក្មេងៗរបស់យើង ដែលបានបញ្ជូនទៅបរទេស គាត់វិលត្រឡប់មកវិញនៅឆ្នាំនេះ ឬឆ្នាំក្រោយ ការព្យាបាលរបស់យើងប្រាកដជាមានគុណភាពល្អប្រសើរ»។

ក្នុងនាមជាប្រធានមន្ទីរពេទ្យ និងជាវេជ្ជបណ្ឌិតមួយរូបដែរនោះ លោក តាន់ សុគន្ធ បានប្តេជ្ញាចិត្តដឹកនាំ គ្រប់គ្រង ក្នុងការផ្តល់សេវាព្យាបាលឱ្យកាន់តែល្អប្រសើរ ឱ្យកាន់តែមានប្រសិទ្ធភាព ចៀសវាងការតិះទៀនថា មានតែបរិក្ខារទំនើប តែការផ្តល់សេវា ឬសមត្ថភាពគ្រូពេទ្យមិនទំនើប។

លោក តាន់ សុគន្ធ បានបង្ហាញការតាំងចិត្តយ៉ាងដូច្នេះ «ក្នុងនាមខ្ញុំជានាយកប្រតិបត្តិមន្ទីរពេទ្យ ហើយក៏ក្នុងនាមខ្ញុំជាគ្រូពេទ្យមួយដែរ ក៏ដូចជាអស់លោកដែលជាមន្ត្រីសុខាភិបាល ជាបុគ្គលិកមន្ទីរពេទ្យ ជាពិសេសសុទ្ធតែជាវេជ្ជបណ្ឌិត ជាសាស្ត្រាចារ្យ ជាគ្រូពេទ្យឯកទេស ទាំងអស់គ្នាជាពេទ្យដូចគ្នានឹងប្តេជ្ញាធ្វើយ៉ាងណាឱ្យវិស័យសុខាភិបាលនៅប្រទេសកម្ពុជាល្អប្រសើរ ដើម្បីចៀសវាងនូវពាក្យថាគ្រូពេទ្យយើងមានសម្ភារៈទំនើបហើយ តែសេវាកម្មមិនបានល្អ។ យើងប្រឹងប្រែង ហើយទទួលនូវការកែលម្អរបស់មហាជន ដើម្បីធ្វើយ៉ាងណាឱ្យខ្លួនយើងល្អប្រសើរទៅអនាគត»។

ឯកឧត្តមរដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក៏បានស្នើឱ្យក្រុមគ្រូពេទ្យប្រតិបត្តិឱ្យបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឺកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ដោយត្រូវខិតខំបម្រើប្រជាពលរដ្ឋដោយស្មោះអស់ពីដួងចិត្ត អស់ពីចំណេះជំនាញ ដោយស្មារតីទទួលខុសត្រូវ។

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ជាមន្ទីរពេទ្យដ៏ធំមួយទៀត បន្ទាប់ពីមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដែលបានសាងសង់ឡើងក្រោមជំនួយឥតសំណង់របស់រដ្ឋាភិបាល និងប្រជាជនចិន។ សមិទ្ធផលទាំងអស់នេះ មិនអាចលេចចេញជារូបរាងឡើយ បើមិនមានចំណងមិត្តភាពដ៏ល្អប្រសើររវាងកម្ពុជា និងចិនទេនោះ។

ឯកឧត្តមសាស្ត្រចារ្យបណ្ឌិត ម៉ម ប៊ុនហេង បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពកម្ពុជា និងចិន ដែលមានអាយុកាលជិត ៦៥ឆ្នាំមកនេះ។ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជាលើគ្រប់វិស័យ៕