សម្តេចតេជោ ហ៊ុន សែន ណែនាំគ្រូពេទ្យកម្ពុជា ឲ្យស្វែងយល់ និងទាញយកប្រយោជន៍ពីឱសថបុរាណចិន ដែលប្រើសម្រាប់ព្យាបាលជំងឺកូវីដ១៩


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ បានណែនាំគ្រូពេទ្យកម្ពុជា ឲ្យស្វែងយល់ និងទាញយកប្រយោជន៍ពីឱសថបុរាណចិន ដែលបានប្រើប្រាស់សម្រាប់ ព្យាបាលជំងឺកូវីដ១៩។

ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាព សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នៅក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «សង្ឃឹមថា ក្រុមគ្រូពេទ្យរបស់យើង នឹងធ្វើការសហការ នឹងទាញយក ផលប្រយោជន៍ ទៅលើការអភិវឌ្ឍផ្នែកថ្នាំបុរាណចិន។ នេះជាផ្នែកកម្មសិទ្ធិបញ្ញាមួយដែរ ដែលយើងនឹងទទួលបាន ពីការមកដល់នៃគ្រូពេទ្យទាំង១២ ដែលសម្ដេចសុំ ក្នុងនាមរាជរដ្ឋាភិបាល»

បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចសូមស្វាគមន៍ ជាមួយនឹងវត្តមានគ្រូពេទ្យទាំងនេះ។ ហើយគ្រូពេទ្យកម្ពុជា ត្រូវទាញយកនូវអត្ថប្រយោជន៍ ពីការប្រើប្រាស់ថ្នាំបុរាណចិននេះ។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងផងដែរថា ការព្យាបាលកូវីដ-១៩កន្លងទៅ គឺកម្ពុជាព្យាបាលដោយថ្នាំចិន ហើយថ្នាំចិន ត្រូវគេបញ្ជូនមកឲ្យសម្ដេច ហើយសម្ដេចក៏បានលេបថ្នាំនេះ និងថ្នាំសម្រាប់ការពារផងដែរ។

លើសពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា អ្នកដែលរស់នៅប្រទេសឌូបៃ ជាពិសេសនៅខាងមជ្ឈិមបូព៌ា គឺប្រើប្រាស់ថ្នាំចិនច្រើន ដោយក្នុងនោះ មានថ្នាំការពារ និងថ្នាំសម្រាប់ព្យាបាលជំងឺកូវីដ-១៩។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឱសថនេះ បានប្រើប្រាស់យ៉ាងទូលំទូលាយ នៅក្នុងប្រទេសចិន ព្រមទាំងប្រទេសមានសេដ្ឋកិច្ច ចម្រើនលូតលាស់ ជាពិសេសនៅមជ្ឈិមបូព៌ា។

សូមជម្រាបថា ឱសថបុរាណចិន Lian Hua Qing Wen ត្រូវបានអនុម័តឲ្យនាំចូលក្នុងទីផ្សារកម្ពុជា ពីក្រសួងសុខាភិបាលកម្ពុជា កាលពីខែមេសា ឆ្នាំ២០២១ ហើយត្រូវបានប្រើប្រាស់ ដើម្បីព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩ ដោយក្រសួងសុខាភិបាល។

ក្រោយមក ឱសថបុរាណចិន Lian Hua Qing Wen ត្រូវបានជ្រើសរើសបញ្ចូលនៅក្នុងគម្រោងព្យាបាលតាមផ្ទះ សម្រាប់អ្នកឆ្លងជំងឺកូវីដ១៩ ដែលចេញផ្សាយដោយក្រសួងសុខាភិបាលកម្ពុជា៕