ឯកឧត្តម ផៃ ស៊ីផាន បើកសិក្ខាសាលាស្តីពី «ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មានក្នុងផ្តល់ព័ត៌មាន» ជូនពលរដ្ឋ និងរាជរដ្ឋាភិបាលបានយ៉ាងរហ័ស


រដ្ឋបាលខេត្តកោះកុង បានរៀបចំបើកសិក្ខាសាលាស្តីពី «ការិយាល័យព័តមានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន» ក្រោមអធិបតីភាព ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងមានការចូលរួមពី ឯកឧត្តម ស្រេង ហុង អភិបាលរងខេត្ត រួមទាំងមន្ត្រីរាជការចំនួន៤ខេត្តផងដែរ។

ឯកឧត្តម ផៃ ស៊ីផាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់រដ្ឋបាលខេត្តកោះកុង ជាពិសេសលោកស្រីអភិបាលខេត្ត ដែលបានផ្ដល់ការអនុញ្ញាតដល់ក្រុមការងាររបស់អង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏ដូចជារូបលោកផ្ទាល់មានលទ្ធភាព ក្នុងការរៀបចំសិក្ខាសាលាស្ដីពី «ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន» ក្នុងរយៈពេលពីរថ្ងៃនេះ ដោយមានវត្តមានដ៏ច្រើនកុះករ ពីសំណាក់អស់លោក លោកស្រីជាមន្ត្រីនាំពាក្យសាលាខេត្ត និងប្រធានមន្ទីរអង្គភាពជុំវិញខេត្តទាំង៤ រួមមាន៖ ខេត្តកោះកុង ព្រះសីហនុ កំពត និងកែប។

ឯកឧត្តមបានបន្ថែមថា «នេះគឺជាការបង្ហាញនូវការលើកទឹកចិត្តយ៉ាងក្លៀវក្លា និងផ្ដល់ភាពកក់ក្តៅយ៉ាងក្រៃលែងដល់អង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងកិច្ចបន្តពង្រឹងការអភិវឌ្ឍន៍តួនាទីភារកិច្ចស្នូលរបស់ខ្លួន ដោយឆន្ទះប្រាជ្ញាយ៉ាងមុះមុត និងរួមចំណែកលើអភិបាលកិច្ចល្អនៃវិស័យព័ត៌មានក្នុងកិច្ចការពារសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍដ៍ផុសផុល ក្រោមមគ្គុទ្ទេសភាពដល់ប៉ិនប្រសប់ និងឈ្លាសវៃបំផុតរបស់សម្ដេចតេជោ ហ៊ុន សែន រដ្ឋមន្ត្រី នៃកម្ពុជា ដែលសម្ដេចតេជោបានខិតខំប្រឹងប្រែងស្វែងរកសន្តិភាពស្ថេរភាព និងសុខុមាលភាពជូនប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ»

ឯកឧត្តម ផៃ ស៊ីផាន បានថ្លែងបន្តថា ព័ត៌មានជាសារពិសេសមួយក្នុងកិច្ចចូលរួមថែរក្សាសន្តិភាព និងស្ថេរភាពនយោបាយរបស់សង្គមជាតិនៅក្នុងបរិបទនេះ។ ព័ត៌មានត្រូវស្ថិតក្នុងវិស័យ និងចរាចណ៍ចេញពីប្រភពផ្លូវការដល់ សាធារណៈជន ដើម្បីការយល់ដឹង និងការចូលរួមក្នុងកិច្ចកសាងនីតិរដ្ឋ និងការទទួលខុសត្រូវស្របតាមគោលនយោបាយអភិបាលកិច្ចល្អនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាល។

ឯកឧត្តមបានបញ្ជាក់ថា សិក្ខាសាលានេះប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ មានបំណងស្នូលក្នុងការចែករំលែកទស្សនទានយន្តការ និងយុទ្ធសាស្ត្រ ជាមូលដ្ឋានគ្រឹះនៃវិស័យព័ត៌មានរបស់រដ្ឋ ក្នុងទិសដៅកសាងឲ្យបាននូវអភិបាលកិច្ចល្អ លើវិស័យព័ត៌មាន ថ្នាក់ក្រោមជាតិដើម្បីជំរុញប្រសិទ្ធភាព នៃការផ្សព្វផ្សាយបំផុសព័ត៌មានជួបភាគប្រជាពលរដ្ឋដើម្បីផលប្រយោជន៍ផ្ទាល់នៅតាមមូលដ្ឋាន។ សកម្មភាពនេះ គឺជាការចូលរួមអនុវត្តជាក់ស្ដែងនូវស្មារតី និងខ្លឹមសារ នៃប្រកាសអន្តរក្រសួងក្រសួងមហាផ្ទៃ និងក្រសួងព័ត៌មានស្ដីពីតួនាទីភារកិច្ចរបស់មន្ត្រីទទួលបន្ទុកព័ត៌មានរដ្ឋបាលរាជធានីខេត្តដែលបានចុះថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១២។

សូមបញ្ជាក់ថា ព័ត៌មានគឺជាកញ្ចក់ឆ្លុះបញ្ចាំងនូវការអនុវត្តនយោបាយកែទម្រង់មុតស្រួច ក្នុងវិស័យព័ត៌មាននៅថ្នាក់មូលដ្ឋាន ស្មារតីនៃគោលនយោបាយវិមជ្ឈការនិងវិសហមជ្ឈការ ដែលជាការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំមូលដ្ឋាន ផ្ទាល់ក្នុងការផ្សព្វផ្សាយបំផុសស្មារតីនយោបាយនិងប្រសិទ្ធភាពនៃការដឹកនាំរដ្ឋបាលមូលដ្ឋាន ដោយការបង្ហាញចេញនូវ ដំណោះស្រាយនៃបញ្ហាប្រឈមនានា នៅតាមមូលដ្ឋានទាំងដោយផ្ទាល់ (វេទិកាសាធារណៈ) និងដោយប្រយោល (រលកធាតុអាកាស) ដែលមានមន្ទីរជំនាញរួមសហការយ៉ាងជិតស្និទ្ធក្នុងកិច្ចក្តោបក្តាបនិងគ្រប់គ្រងមតិសាធារណៈពស់ ទៅរកប្រសិទ្ធភាពឯកភាពនិងសាមគ្គីភាពរវាងរាស្ត្រនិងរដ្ឋមូលដ្ឋានមកកាន់ថ្នាក់ជាតិ៕