គណៈកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំផ្សព្វផ្សាយពីនីតិវិធីផ្សេងៗ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥


(ត្បូងឃ្មុំ)៖ មុនពេលដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ កាន់តែខិតជិតមកដល់ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំស្ដីពីការចាប់ឆ្នោតដើម្បីកំណត់លំដាប់ លេខរៀងបញ្ជីបេក្ខជនដែលត្រូវដាក់លើសន្លឹកឆ្នោត ការដាក់ភ្នាក់ងារគណបក្សនយោបាយសង្កេតការណ៍បោះឆ្នោត និងការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្ដិទី៥ ឆ្នាំ២០២២ ។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម កេង ប៊ុណ្ណា អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ លោក សុខ ឈិន ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ និង លោក ហ៊ាង សុផល ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ ។
ថ្លែងនៅក្នុងកិច្ចប្រជុំ លោក សុខ ឈិន បានឲ្យដឹងថា ៖ គ្រប់គណបក្សនយោបាយទាំងអស់ ដែលត្រូវចូលរួមប្រកួតប្រជែងជ្រើសរើស សមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ត្រូវតែមកបំពេញឯកសារឲ្យបានត្រឹមត្រូវតាមច្បាប់ ដែលបានកំណត់ ក្នុងនោះគ្រប់បេក្ខជនទាំងអស់ ត្រូវបំពេញប្រវត្តិរូបដោយសរសេរដៃ ព្រោះថាគ្រប់បេក្ខជនទាំងអស់យ៉ាងហោចណាស់ ក៏ត្រូវចេះអាននិងសរសេរអក្សរខ្មែរអោយបានច្បាស់ផងដែរ។
មានប្រសាសន៍នាឳកាសនោះ ឯកឧត្តម កេង ប៊ុនណា អភិបាលរងខេត្តត្បូងឃ្មុំ បានលើកឡើងថា ខេត្តត្បូងឃ្មុំ មានគណបក្សនយោបាយ ចំនួន១១ ឈរឈ្មោះបោះឆ្នោត ដោយឡែក៥៩ឃុំ គណបក្សនយោបាយនានា បានចាប់ឆ្នោតកំណត់លេខរៀងរួចរាល់ ចំពោះឃុំ-សង្កាត់ ដែលនៅសល់ កំពុងបន្តនីតិវិធី ក្នុងការចាប់លេខរៀង សម្រាប់ការបោះឆ្នោត នាពេលខាងមុខនេះ។
ឯកឧត្តម បានថ្លែងការកោតសរសើរចំពោះគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ ដែលបានដំណើរការបានយ៉ាងល្អទៅតាមនីតិវិធីនានា ក្នុងការបោះឆ្នោត សម្រាប់ឲ្យគណបក្សនយោបាយទាំងអស់ ចូលរួមដាក់ពាក្យឈរឈ្មោះ ការឃោសនា ការលើកស្លាក និងការចាប់ឆ្នោតកំណត់លេខរៀងនៅតាមទីតាំងឃុំ-សង្កាត់ទូទាំងខេត្តត្បូងឃ្មុំ និងការងារមួយចំនួនទៀត បើទោះបីក្នុងនោះមានបញ្ហាបន្តិចបន្តួច តែក៏បានដោះស្រាយបានយ៉ាងរលូនផងដែរ។
ឯកឧត្តម អភិបាលរងខេត្ត ក៏បានណែនាំដល់គណបក្សនយោបាយទាំងអស់ រាល់សកម្មភាពនានា ត្រូវគោរពទៅតាមនីតិវិធី និងគ.ជ.ប ដែលបានកំណត់ ដោយឡែកអាជ្ញាធរមូលដ្ឋាន ពិសេសតាមឃុំ-សង្កាត់ ត្រូវចែកវេនគ្នាប្រចាំការ ផ្តល់សេវាសាធារណៈជូនពលរដ្ឋឲ្យបានទាន់ពេលវេលា នឹងជាងនេះទៅទៀតគឺធ្វើយ៉ាងណា ឲ្យដំណើរការបោះឆ្នោត ប្រព្រឹត្តិទៅរួចរាល់ឲ្យបានរលូនត្រឹមត្រូវតាមច្បាប់នៃការបោះឆ្នោត។
សូមជម្រាបថា ៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ក្នុងនោះសម្រាប់ឃុំ-សង្កាត់ នៅទូទាំងខេត្តត្បូងឃ្មុំ មានចំនួន៦៤ និងមានបេក្ខជនឈរឈ្មោះតំណាងគណបក្សនយោបាយចំនួន ១១គណបក្ស៕