ពលរដ្ឋសង្កាត់ទាំង១០ ក្នុងខណ្ឌទួលគោក ទទួលបានរាល់ថ្ងៃនូវការពិនិត្យព្យាបាលជំងឺកូវីដ១៩ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្រសម្តេចវិបុលសេនាភក្តី សាយ ឈុំ


(ភ្នំពេញ)៖ ប្រជាពលរដ្ឋ រស់នៅតាមលំនៅដ្ឋាន ក្នុងសង្កាត់ទាំង១០ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានបន្តទទួលបានការពិនិត្យព្យាបាលជំងឺកូវីដ១៩ យ៉ាងយកចិត្តទុកដាក់ជារៀងរាល់ថ្ងៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាជាតិ សហការជាមួយក្រុមការងាររដ្ឋបាលខណ្ឌ និងអស់លោក-លោកស្រីចៅសង្កាត់ ប្រធានក្រុមប្រឹក្សា ព្រមទាំងសមាជិក សមាជិកាតំណាងលោក ជា ពិសី អភិបាលខណ្ឌ។

ជាក់ស្ដែង ប្រជាពលរដ្ឋមួយចំនួន ដែលមានជំងឺ រស់នៅតាមលំនៅដ្ឋាន ក្នុងសង្កាត់បឹងកក់ទី២ ក្រៅពីពលរដ្ឋ សង្កាត់ផ្សេងៗ ក្នុងចំណោមសង្កាត់ទាំង១០ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ បានទទួលការពិនិត្យយ៉ាងយកចិត្តទុកដាក់ ក្នុងការព្យាបាលជំងឺកូវីដ១៩ ក្រៅពីទទួលបានថ្នាំពេទ្យ និងគ្រឿងឧបភោគ បរិភោគ ដើម្បីដោះស្រាយក្នុងជីវភាព ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាជាតិ។

ស្ថិតក្នុងឱកាសចុះពិនិត្យព្យាបាលជំងឺកូវីដ១៩នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងក្រុមការងាររដ្ឋបាលខណ្ឌ-សង្កាត់ តំណាងលោក ជា ពិសី បាននាំយកការផ្ដាំផ្ញើ ដោតជំរុញប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី៣ និងដូសទី៤ សូមអញ្ជើញទៅចាក់នៅតាមទីតាំងដែលសង្កាត់-ខណ្ឌ និងរដ្ឋបាលរាជធានីកំណត់ និងនៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក តាមខណ្ឌនីមួយៗ និងសូមនាំកូនៗ ដែលមានអាយុចាប់ពី៣ឆ្នាំ ដល់៥ឆ្នាំ ទៅចាក់វ៉ាកសាំងតាមកាលបរិច្ឆេទ ឱ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមបង្កាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ពិសេស មេរោគបំប្លែងថ្មី ប្រភេទអូមីក្រុង តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្រោមការដឹកនាំប្រកបដោយព្រហ្មវិហារធម៌ និងគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕