ប្រមុខការទូតកម្ពុជា ជួបសវនាការជាមួយ នាយឧត្តមសេនីយ៍ មីន អោង ឡាំង ក្នុងពេលបំពេញទស្សនកិច្ចថ្ងៃទី១


ក្នុងដំណើរទស្សនកិច្ច នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងជាប្រេសិតពិសេសប្រធានអាស៊ាន បានចូលជួបសវនាការជាមួយ លោកនាយឧត្តមសេនីយ៍ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងការបរទេស។

ក្រសួងការបរទសបានអះអាងថា នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរទស្សនៈស្តីពីការអនុវត្ត និងវឌ្ឍនភាពនៃការព្រមព្រៀងជាឯកច្ឆន្នប្រាំចំណុចរបស់អាស៊ាន ក្រោយពីដំណើរទស្សនកិច្ចរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីខែមករា ឆ្នាំនេះ។

សូមបញ្ជាក់ថា នៅថ្ងៃទី២១ ខែមីនានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាមជាប្រេសិតពិសេសប្រធានអាស៊ាន បានចាប់ផ្តើមដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចការងារលើកដំបូង នៅប្រទេសមីយ៉ាន់ម៉ា ។ ទស្សនកិច្ចនេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ដែលធ្វើឡើងតបតាមការអញ្ជើញរបស់ ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បន្ទាប់ពីមេដឹកនាំប្រទេសនេះ គឺលោក មីន អោងឡាំង បានយល់ព្រមឱ្យមានការសម្របសម្រួលមួយចំនួន។

ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្ដីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍, លោក លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន, លោក លី យ៉ាម មីង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន ដើម្បីជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) និងមន្រ្ដីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលមួយចំនួន ព្រមទំាងបុគ្គលិករបស់លេខាធិការដ្ឋានអាស៊ាន និង AHA Centre បានអមដំណើរជាមួយ ប្រមុខការទូតកម្ពុជា សម្រាប់ដំណើរទស្សនកិច្ចលើកនេះ។

ដំណើរទស្សនកិច្ចលើកដំបូងនៃប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា មានគោលបំណងដើម្បីបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីឈានទៅដល់ការបញ្ចប់អំពើហិង្សា ក៏ដូចជាការអត់ធ្មត់ឱ្យបានខ្ពស់បំផុតពីគ្រប់ភាគីទាំងអស់ ការចែកចាយជំនួយមនុស្សធម៌ ដោយមានការគាំទ្រ និងសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន និងមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន ដើម្បីជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ និងលើកទឹកចិត្តឱ្យមានកិច្ចពិគ្រោះយោបល់/កិច្ចសន្ទនានយោបាយ ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ក្រសួងអះអាងថា ដំណើរទស្សនកិច្ចនេះ នឹងផ្អែកលើឯកសារមូលដ្ឋាននៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន, លទ្ធផលនៃដំណើរទស្សនកិច្ចការងាររបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២, លទ្ធផលនៃកិច្ចពិភាក្សារវាង សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និង នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង និងលទ្ធផលនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាននាពេលថ្មីៗនេះ។

កម្ពុជា-ជប៉ុន កាលពីម្សិលមិញ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានជំរុញឱ្យមេដឹកនាំយោធាមីយ៉ាន់ម៉ា អនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ឱ្យបានឆាប់រហ័ស និងជួយសម្រួលដល់ការចែកចាយជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាម៉ា។

កិច្ចព្រមព្រៀងឯកច្ឆន្ទ៥ចំណុច ស្តីពីដំណោះស្រាយសម្រាប់មីយ៉ាន់ម៉ា ត្រូវបានដាក់ចេញដោយ កិច្ចប្រជុំកំពូលអាស៊ាន កាលពីខែមេសា ឆ្នាំ២០២១ ដើម្បីឆ្លើយតបទៅនឹងវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ាក្នុងនោះរួមមាន៖

ទី១៖ ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ត្រូវបង្កើនការអត់ធ្មត់ ឲ្យដល់កម្រិតខ្ពស់បំផុត។
ទី២៖ ចាប់ផ្តើមការសន្ទនាប្រកបដោយការស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជន។
ទី៣៖ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួលដល់ការសម្រុះសម្រួល នៃដំណើរការរៀបចំកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។
ទី៤៖ អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាហារ (AHA)។
ទី៥៖ ប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់៕