អគ្គនាយក ARDB ជួបសំណេះសំណាល និងចុះត្រួតពិនិត្យវឌ្ឍនៈភាព ការប្រើប្រាស់ឥណទានគ្រួសារកងទ័ព ក្នុងកងពលធំអន្តរាគមន៍លេខ៣


(ព្រះវិហារ)៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២បាន អញ្ជើញចូលជួបតំណាងសហគមគ្រួសារកងទ័ព ដែលអញ្ជើញមកពីកងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ ៧, ៨, ៩ ដើម្បីពិភាក្សាការងារ និងលើកផែនការអនុវត្តបន្ត ក្នុងគោលដៅជំរុញឱ្យមានប្រសិទ្ធភាព ចំពោះការអនុវត្តគម្រោងឥណទានគ្រួសារកងទ័ព។

ក្នុងជំនួបនៃកិច្ចពិភាក្សានាឱកាសនោះ ឯកឧត្តមបណ្ឌិតបានស្នើសុំឱ្យសហគមគ្រួសារកងទ័ព រៀបចំកែសម្រួលរចនាសម្ព័ន្ធរបស់សហគមឡើងវិញ ដោយក្នុងនោះពិនិត្យ និងជ្រើសរើសសមាជិក ដែលមានឆន្ទៈពិតប្រាកដ និងត្រូវរៀបចំឲ្យមានផែនការអាជីវកម្ម កំណត់ត្រាហិរញ្ញវត្ថុ អោយបានច្បាស់លាស់ និងគួរជ្រើសរើសមុខរបរ ឬ ដំដុះដំណាំប្រភេទណាដែលមានសក្តានុពល ឬការចិញ្ចឹមសត្វជាដើម ដែលអាចឆ្លើយតបបានទៅនឹងការបង់ការប្រាក់ធនាគារបាន និង/ឬ អាចបង្វិលសាច់ប្រាក់បាន។

ឯកឧត្តមបណ្ឌិតបានធ្វើការកត់សម្គាល់បន្ថែម អំពីលទ្ធភាពក្នុងករណីសហគមគ្រួសារកងទ័ព គួររៀបចំបាននូវទីតាំងកែច្នៃផលិតកសិកម្ម និងឃ្លាំងស្តុករួមក្នុងសហគមរបស់ខ្លួន ដើម្បីងាយស្រួលក្នុងការស្រូបទាញផលិតផលកសិកម្មបានកាន់តែប្រសើរ និងអាចទប់ស្កាត់ការហូរ ចេញផលិតផលដែលផលិត បានទៅទីផ្សារដោយតំលៃទាប។

ឯកឧត្តមបណ្ឌិត បានធ្វើការស្នើសុំ និងលើកទឹកចិត្តដល់តំណាងគ្រួសារកងទ័ព គួរធ្វើការបែងចែករវាងគ្រួសារ សមាជិកសហគមដែលចិញ្ចឹមសត្វ, ដាំដុះបន្លែ, ដាំស្វាយចន្ទីជាដើម ការណ៍នេះ គឺដើម្បីងាយស្រួលតភ្ជាប់ទីផ្សារ និងមានស្ថេរភាពក្នុងការផ្គត់ផ្គង់ចូលទីផ្សារ។

បន្ទាប់ពីកិច្ចប្រជុំលោកអគ្គនាយក និងសហការី បានបន្តអញ្ជើញចុះពិនិត្យមើលទីតាំងចិញ្ចឹមជ្រូក ចិញ្ចឹមត្រីក្នុងប៊ែ ចិញ្ចឹមមាន់ របស់កងពលតូចអន្តរាគមន៍លេខ ៨ ស្រាប់ផ្គត់ផ្គង់កងទ័ពជួរមុខ៕