សម្តេចតេជោ ហ៊ុន សែន៖ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ត្រូវសង់ចេញពីម្តុំផ្សាររាត្រីទៅកាន់ជ្រោយចង្វារ និងចេញពីជ្រោយចង្វារទៅអរិយក្សត្រ ដែលជាស្ពានទំនើប និងទាក់ទាញទេសចរណ៍


(កណ្តាល)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ បានថ្លែងបញ្ជាក់យ៉ាងច្បាស់លាស់ ពីទីតាំងដែលត្រូវសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ គឺចាប់ផ្តើមចេញពីចំណុចផ្សាររាត្រី ក្នុងខណ្ឌដូនពេញ ឆ្ពោះទៅកាន់តំបន់ជ្រោយចង្វារ រួចទើបភ្ជាប់ពីតំបន់ជ្រោយចង្វារ ទៅកាន់តំបន់អរិយក្សត្រ ដែលត្រូវមានស្ពានចំនួន២។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ជម្រើសទីតាំងនៃការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះមានច្រើន ប៉ុន្តែមានជម្រើសល្អតែ២ធំៗប៉ុណ្ណោះ ហើយសម្តេចសម្រេចជ្រើសរើសយកជម្រើសទី២។

សម្តេចបញ្ជាក់ថា ជម្រើសទី១ សង់ចាប់ពីជ្រោយចង្វារ ឆ្លងកាត់ទន្លេរមេគង្គ ទៅកាន់ស្វាយជ្រុំ បើយកជម្រើសនេះ គឺបង្កើតឲ្យមានការកកស្ទះចរាចរណ៍នៅជ្រោយចង្វារ។ ចំពោះជម្រើសទី២ គឺសង់ចាប់ពីផ្សាររាត្រី (សួនច្បារផ្សារចាស់) ឆ្លងកាត់ទន្លេសាប ភ្ជាប់ទៅជ្រោយចង្វារ ទើបបន្តពីជ្រោយចង្វារទៅកាន់ស្វាយជ្រុំ ដែលមានស្ពានចំនួន២។

សម្តេចតេជោបន្តថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ នឹងក្លាយជាស្ពានទំនើបដោយប្រើខ្សែកាប ដើម្បីសម្រួលដល់នាវាចរតាមទន្លេទាំង២ គឺទន្លេសាប និងទន្លេមេគង្គ ហើយនៅពេលស្ពាននេះសាងសង់រួច នឹងអាចទាក់ទាញបានទេសចរណ៍ទាំងក្នុងស្រុក និងបរទេស។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ២១ ប្រវែងជិត ៦៤គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ រហូតដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ)។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ស្ពានមិត្តភាពកម្ពុជា-កូរ៉េ យើងសាងសង់តែមួយទេ ប៉ុន្តែបានស្ពានរហូតដល់ទៅពីរ។ បានសេចក្តីថា យើងបានជួយរំដោះស្រាយចរាចរណ៍ស្ពានជ្រោយចង្វារ ដែលមានពីរស្រាប់។ យើងធ្វើស្ពាននេះ ដោយប្រើដែកខ្សែកាបខ្ពស់អត់មានសរសេរ ដើម្បីសម្រួលចរាចរណ៍តាមផ្លូវទឹក។ ខ្ញុំបញ្ជាក់ជាមួយប្រធានាធិបតីកូរ៉េ ម៉ូនជីអ៉ីន និងប្រធានសភាពសព្វថ្ងៃ ឲ្យគាំទ្រស្ពាននេះផង»

ឯកឧត្តមបន្ថែមថា «ខ្ញុំបានប្រាប់ប្រធានាធិបតី ម៉ូនជីអ៉ិន ថា បើស្ពានប្រភេទនេះ កើនឡើងនៅទឹកដីកម្ពុជា វានឹងកា្លយជារបស់មួយ ដែលទាក់ទាញទេសចរណ៍ទាំងក្រុងស្រុក និងក្រៅស្រុក ព្រោះជាស្ពានទំនើប ដោយឆ្លងទន្លេអត់មានសរសេរផង។ នេះហើយជាផលប្រយោជន៍ នៃការដាក់ចំណងទាក់ទងការទូតរបស់កម្ពុជា និងសាធារណរដ្ឋកូរ៉េ ហើយរូបខ្ញុំត្រូវតែពុះពារធ្វើឲ្យខាងតែបាន»

សូមជម្រាបថា បន្ទាប់ពីមានការវិភាគលំអិត និងសិក្សាលើកត្តាចម្បងសំខាន់ៗ លើការសាងសង់ស្ពាននៅទីតាំងនេះ រួមមាន៖ ស្ថានភាពចរាចរណ៍ប្រចាំថ្ងៃ ភូមិសាស្រ្តអំណោយផលគ្រប់ជ្រុងជ្រោយ ទាំងទិដ្ឋភាពបច្ចេកទេស-ហិរញ្ញវត្ថុ និងផលប៉ះពាល់សង្គម និងសេដ្ឋកិច្ច បរិស្ថាន ព្រមទាំងការគិតគូរផងដែរ នូវការទាក់ទាញវិស័យទេសចរណ៍ ជាពិសេសកត្តាសោភ័ណភាព (Landmark) និងការលើកនូវសម្រស់រាជធានីភ្នំពេញ ក្រុមហ៊ុនកុងសុលតង់ បានផ្តល់នូវអនុសាសន៍ជារួមថា ការសាងសង់មិត្តភាពកម្ពុជា-កូរ៉េខាងត្បូង ពីចំណុចផ្សាររាត្រី ភ្ជាប់អរិយក្សត្រ គឺជាជម្រើសសមស្រប និងល្អជាងជម្រើសផ្សេង។

បើតាមឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានឱ្យដឹងថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង គ្រោងនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៣ខាងមុខនេះ៕