ឯកអគ្គរដ្ឋទូតឥណ្ឌា៖ កម្ពុជាជាមិត្តជិតស្និទ្ធ និងត្រៀមជួយកងយោធពលខេមរភូមិន្ទតាមតម្រូវការជាក់ស្តែង


(ភ្នំពេញ)៖ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិត ដេវយ៉ានី ឃូប្រ៊ាហ្គឺដេ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា នៅអគ្គបញ្ជាការដ្ឋាន។

ក្នុងជំនួបពិភាក្សានោះក៏មានវត្តមាន ឯកឧត្តមវរសេនីយ៍ ឯក វ៉ារ៉ាដាន គូម៉ា (Varadan Kumar) នាយការិយាល័យអនុព័ន្ធយោធាឥណ្ឌាប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយប្រទេសវៀតណាមផងដែរ។

លោកជំទាវបណ្ឌិត ដេវយ៉ានី ឃូប្រ៊ាហ្គឺដេ បានថ្លែងអំណរគុណនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ដែលបានអនុញ្ញាតទទួលជួបពិភាក្សាការងារ ហើយបានអបអសាទរ និងគាំទ្រដល់កងយោធពលខេមរភូមិន្ទ ក្នុងនាមជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពលើកទី១៩ សម្រេចបានលទ្ធផលផ្លែផ្កា។

លោកជំទាវឯកអគ្គរដ្ឋទូត បានលើកឡើងពីកិច្ចសហប្រតិបត្តិការជិតស្និតរវាងកងទ័ពប្រទេសទាំងពីរកម្ពុជា-ឥណ្ឌា ពិសេសលើជំនាញប្រតិបត្តិការរក្សាសន្តិភាព ហើយតទៅថ្ងៃខាងមុខ ឥណ្ឌាបានត្រៀមជាស្រេច ក្នុងការឆ្លើយតបចំពោះតម្រូវការនានារបស់កងយោធពលខេមរភូមិន្ទ និងស្នើពិនិត្យលទ្ធភាពក្នុងការបង្កើតស្ថានអនុព័ន្ធយោធាឥណ្ឌានៅកម្ពុជា។

ក្នុងកិច្ចឆ្លើយតប ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានជម្រាបជូនលោកស្រីបណ្ឌិតឯកអគ្គរដ្ឋទូតឥណ្ឌា ពីស្ថានភាពបច្ចុប្បន្នដែលបញ្ហាប្រឈមជំងឺកូវីដ១៩មានភាពធូរស្រាល និងឈានទៅបើកដំណើរការសេដ្ឋកិច្ចប្រទេសឡើងវិញ។

ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា ភាពធូរស្រាល នៃការឆ្លងរាលដាលជំងឺកូវីដ១៩នេះ មិនមែនជារឿងចៃដន្យនោះទេ គឺអាស្រ័យដោយមានការដឹកនាំពូកែ ប៉ិនប្រសប់ និងផ្លាស់ប្តូរគ្រប់យុទ្ធវិធី ទាន់សភាពការណ៍ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គួបផ្សំនឹងការចូលរួមពីមន្ត្រីរាជការ ប្រជាពលរដ្ឋ និងការឧបត្ថម្ភគាំទ្រពីបណ្តាប្រទេសជាមិត្ត។

ពាក់ព័ន្ធលើទំនាក់ទំនង នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានលើកឡើងពីចំណងការទូតរវាងប្រទេសទាំងពីរ ដែលមានរយៈពេល ៧០ឆ្នាំមកហើយ ក្នុងនោះលើកិច្ចសហប្រតិបត្តិការយោធា ឥណ្ឌាបានជួយឧបត្ថម្ភទាំងសម្ភារ ថវិកា ពិសេសការបណ្តុះបណ្តាលកងយោធពលខេមរភូមិន្ទ ឲ្យក្លាយជាកងទ័ពមានសមត្ថភាពបំពេញបេសកកម្មក្រោមក្របខ័ណ្ឌរបស់អង្គការសហប្រជាជាតិ។

ឯកឧត្តមនាយឧត្តមសេនីយ៍ បានលើកឡើងពីការពិចារណានៅក្នុងការស្នើបើកស្ថានអនុព័ន្ធយោធាឥណ្ឌានៅកម្ពុជា និងសិក្សាជាមួយស្ថាប័នជំនាញពាក់ព័ន្ធ អំពីតម្រូវការនានារបស់កងយោធពលខេមរភូមិន្ទ ដើម្បីស្នើសុំឱ្យឥណ្ឌាបន្តជួយឧបត្ថម្ភ៕